កីឡាអន្តរជាតិ
អន្តរជាតិ
Xavi ថាមានអារម្មណ៍ធូរស្រាល ក្រោយប្រកាសចេញពីតំណែងអ្នកចាត់ការ Barcelona
31, Jan 2024 , 2:07 pm        
រូបភាព
លោក Xavi Hernandes អ្នកចាត់ការ Barcelona បង្ហាញរម្មណ៍ថាបញ្ហាស្មុកស្មាញត្រូវបានដោះស្រាយ បន្ទាប់ពីប្រកាសចាកចេញពីតំណែងអ្នកចាត់ការ នៅចុងបញ្ចប់រដូវកាល ២០២៣-២៤។ បុរសសញ្ជាតិអេស្ប៉ាញបន្ថែមថា ព្រោះតែសម្ពាធ និងតម្រូវការលើការងារដឹកនាំក្រុមរហស្សនាមអ្នកមានបុណ្យ ធ្វើឱ្យរូបគេមិនអាចមានអារម្មណ៍រីករាយ។



«ពួកគេធ្វើឱ្យអ្នកមានអារម្មណ៍ថាអ្នកមិនមានតម្លៃនៅទីនេះ។ វាបានកើនឡើងសម្រាប់គ្រូបង្វឹកគ្រប់គ្នា។ លោក Pep Guardiola បានប្រាប់ខ្ញុំ និងលោក Ernesto Valverde បានប្រាប់ខ្ញុំបែបនេះ ខណៈសម្រាប់លោក Luis Enrique ក៏បានឆ្លងកាត់អារម្មណ៍នេះរួចហើយ។ ខ្ញុំគិតថាយើងមានបញ្ហា នៅពេលដែលវាមកកម្រិតតម្រូវការដែលសមជាមួយនឹងការងារនេះ»។

នេះបើតាមការលើកឡើងរបស់ Xavi មុនការប្រកួតទល់នឹងក្រុម Osasuna។
 
បុរសសញ្ជាតិអេស្ប៉ាញ ក៏បានលើកឡើងចំៗអំពីសម្ពាធការងារជាគ្រូបង្វឹកនៅក្លិប​ Barca ដោយសារតែការងារកំពូលនេះ ​តែងតែមានឥទ្ធិពលការងារពីអ្នកគ្រប់គ្រងលាយឡំលើអ្នកចាត់ការមិនដូចនៅក្លិបដទៃ។
 
យ៉ាងណាការប្រកាសចេញពីតំណែងរបស់ Xavi បានធ្វើឡើងក្រោយពេលដែល Barca ភ្លាត់ស្នៀតចាញ់ក្រុម Villarreal លទ្ធផល ៥-៣ ហើយដែលជាការចាញ់លើកទី៣ ជាប់គ្នាក្នុងទឹកដី ក្នុងក្របខណ្ឌ La Liga។ Barca ក៏ របូតពានរង្វាន់ Copa del Rey ផងដែរ។
 
ចូលមកដឹកនាំក្រុមនៅរដូវកាលដំបូង ២០២២-២៣ អតីតសមាជិកក្រុម Barca រូបនេះ បានជួយដឹកនាំក្រុមចេញពីស្ថានភាពអាក្រក់ដោយការឈ្នះពាន La Liga និង Spanish Super Cup។ តែនៅក្នុងរដូវកាលថ្មីពានរង្វាន់ចំនួន ២ Spanish super Cup និង Copa del Rey បានរបូតអស់ ខណៈនៅសល់តែពានរង្វាន់ La Liga នឹងពានរង្វាន់ UEFA Champions League ប៉ុណ្ណោះ។
 
បច្ចុប្បន្ន Barcelona ស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ក្នុងគ្របខណ្ឌ La Liga ដោយមានគម្លាត ១១ពិន្ទុ ពីក្រុម ​Girona ដែលស្ថិតនៅកំពូលតារាង និង ១០ពិន្ទុ ពី Real Madrid ដែលស្ថិតនៅលេខ ២៕

Tag:
 Xavi Hernandes
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com