អន្តរជាតិ
រុស្ស៊ីជំទាស់ការសងសឹកអាម៉េរិកលើកម្លាំងគាំទ្រដោយអុីរ៉ង់ ដើម្បីបន្ធូរភាពតានតឹងក្នុងតំបន់
31, Jan 2024 , 3:09 pm        
រូបភាព
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រេមឡាំង។ រូបភាព Tass
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រេមឡាំង។ រូបភាព Tass
ស្របពេលភាពតាងតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ាកំពុងកើនខ្ពស់ វិមានក្រេមឡាំងនៅថ្ងៃទី៣០ ខែមករា បានជំទាស់ចំណាត់ការអាម៉េរិក ដែលប្រកាសសងសឹកលើក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ក្រោយទាហានអាម៉េរិក ៣រូបបានបាត់បង់ជីវិត ដោយសារការវាយប្រហារពីដ្រូន។ ការជំទាស់របស់ក្រុងមូស្គូ ធ្វើឡើង ដើម្បីកាត់បន្ថយភាពតាងតឹងក្នុងតំបន់។

 
ការបាត់បង់ជីវិតរបស់ទាហានអាម៉េរិកបីនាក់នៅមូលដ្ឋានទ័ពអាម៉េរិក នៅហ្ស៊កដានី Tower 22 ក្នុងថ្ងៃទី២៨ ខែមករា បានធ្វើឱ្យអាម៉េរិកខឹងសម្បារយ៉ាងខ្លាំង។ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ដែលបានចោទក្រុមសកម្មប្រយុទ្ធអ៊ីរ៉ង់ជាអ្នកប្រព្រឹត្ត បានប្រកាសឆ្លើយតប ខណៈប្រមុខការពារជាតិ លោក ឡយ អូស្ទីន បានប្តេជ្ញាប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីការពារទាហាន ផលប្រយោជន៍ និងប្រទេសខ្លួន។ 
 
ក្រោយការព្រមានរបស់អាម៉េរិកបែបនេះ អ្នកនាំពាក្យវិមានក្រេមឡាំងលោក Dmitry Peskov បានប្រកាសមិនគាំទ្រ ចំពោះសកម្មភាពណាមួយដែលនាំទៅដល់អស្ថិរភាពក្នុងតំបន់ និង​ បង្កើនភាពតានតឹងឡើយ។
 
«ពួកយើងនឹងមិនស្វាគមន៍ការបន្តសកម្មភាពបែបនេះទេ ទោះបីពួកគេមកពីណាក៏ដោយ។ កម្រិតនៃភាពតានតឹងគឺខ្ពស់នៅពេលនេះ ហើយយើងត្រូវចាត់វិធានការដើម្បីបន្ថយភាពតានតឹង»។ លោក Peskov សង្កត់ធ្ងន់បែបនេះផងដែរនៅថ្ងៃទី២៨ ខែមករា។ មន្រ្តីវិមានក្រេមឡាំងរូបនេះ បានទទូចឱ្យភាគីពាក់ព័ន្ធបន្ធូរបន្ថយភាពតានតឹង។ 
 
ដោយឡែក រដ្ឋាភិបាលក្រុងប៉េកាំងនៅថ្ងៃដដែល បានព្រមានពីការសងសឹក​ទៅវិញទៅមកនៅក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ។ 
 
គួរបញ្ជាក់ថា រុស្ស៊ីតែងជំរុញទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអ៊ីរ៉ង់ ខណៈទំនាក់ទំនងរបស់ ប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះជាមួយអាម៉េរិកស្ថិតក្នុងកម្រិតទាបបំផុត ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២ មក៕

Tag:
 អាម៉េរិក
  អ៊ីរ៉ង់
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com