ជាតិ
សម្ដេច ហ៊ុន ម៉ាណែត ឱ្យខេត្តជាប់បឹងទន្លេសាប ពង្រឹងភាពម្ចាស់ការទប់ស្កាត់ការទន្ទ្រានដី
31, Jan 2024 , 3:59 pm        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត នៅក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ រូបភាព៖ ក្រសួងកសិកម្ម
សម្ដេច ហ៊ុន ម៉ាណែត នៅក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ រូបភាព៖ ក្រសួងកសិកម្ម
ភ្នំពេញ៖ សម្ដេច ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដាស់តឿនអភិបាលខេត្ត៦រូប ដែលមានព្រំប្រទល់ជាប់បឹងទន្លេសាប ពង្រឹងភាពម្ចាស់ការទប់ស្កាត់ការទន្រ្ទានយកដី ជាពិសេសនៅតំបន់៣។ ទន្ទឹមនោះ សម្ដេចព្រមានដល់ដែលអ្នកមានបំណងចង់បានដីតំបន់៣ ឱ្យដកខ្លួនចេញជាបន្ទាន់ មុនឈានដល់ការអនុវត្តច្បាប់។



នៅក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤​ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ» នៅថ្ងៃទី៣០មករា សម្ដេច​ ហ៊ុន ម៉ាណែត បានលើកឡើងពីការប្ដេជ្ញាចិត្តការពារបឹងទន្លេសាបឱ្យបាន ដើម្បីផ្ដល់ប្រយោជន៍រយៈពេលវែងសម្រាប់ជាតិ។ 
 
ក្នុងកិច្ចការងារនេះ សម្ដេច បញ្ជាឱ្យរដ្ឋបាលខេត្តចំនួន៦ ដែលមានព្រំប្រទល់ជាប់បឹងទន្លេសាប រួមគ្នាការពារឱ្យបានម៉ត់ចត់ ជាពិសេសពង្រឹងភាពម្ចាស់ការទប់ស្កាត់ការទន្រ្ទានយកដីតំបន់ព្រៃទឹកសាប។ នាយករដ្ឋមន្រ្តីរូបនេះ ព្រមានប្រើអំណាចចុងប៉ិច ឬអភិក្រម៥ ដើម្បីវះកាត់ ប្រសិនបើការដឹកនាំរដ្ឋបាលនីមួយៗគ្មានវិន័យ និងគ្មានការទទួលខុសត្រូវ។  
រដ្ឋបាលខេត្តទាំង៦ ដែលនៅជុំវិញបឹងទន្លេសាបរួមមាន ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ បន្ទាយមានជ័យ និងសៀមរាប។
 
សម្ដេច ថ្លែងយ៉ាងដូច្នេះ៖« ឯកឧត្តមទាំង៦ខេត្ត ត្រូវសន្យាជាមួយខ្ញុំ ចូលរួមទប់ស្កាត់ទន្រ្ទានតំបន់៣នេះឱ្យបាន ព្រោះបឹងទន្លេសាបនៅក្នុងដែនសមត្ថកិច្ចរបស់អស់លោក។ និយាយទៅ ខ្ញុំអត់ចង់ប្រើអំណាចចុងប៉ិចនោះទេ បើសិនយើងមានភាពម្ចាស់ការលើការងារ។ ដូច្នេះ សូមរួមគ្នាការពារបឹងទន្លេសាបរបស់យើង ហើយនេះជាការងារដ៏សំខាន់ ដើម្បីធានាបានអត្ថប្រយោជន៍សម្រាប់ជាតិរបស់យើង»។ 
 
ទន្លេសាប គឺជា​បឹង​ទឹកសាប​ ដ៏ធំ​បំផុត​មួយ​នៅ​អាស៊ីអាគ្នេយ៍​ ដែលមាន​បណ្ដោយ​ប្រមាណ១១៦ គីឡូម៉ែត្រ ទទឹងប្រមាណ​ពី៣គីឡូម៉ែត្រទៅ៣៣គីឡូម៉ែត្រ និង​មាន​ឆ្នេរ​ប្រវែង​ប្រមាណ៤៨២គីឡូម៉ែត្រ នៅ​រដូវប្រាំង។ 
 
បឹងនេះ ត្រូវបានចាត់ទុកជារតនសម្បត្តិរបស់កម្ពុជា ដែលសម្បូរទៅដោយជីវៈចម្រុះជាច្រើនប្រភេទ។ ក្រៅពីផ្តល់ជម្រកដល់ សត្វ និងរុក្ខជាតិ បឹងទន្លេសាប ក៏ជាប្រភពទឹកដ៏សំខាន់សម្រាប់អ្នកនេសាទ និងកសិករ អាស្រ័យផលផងដែរ។ ត្រីប្រមាណ២៨០ប្រភេទ កំពុងរស់នៅក្នុងបឹងទឹកសាបនេះ ខណៈជីវសាស្ដ្រចម្រុះក្នុងតំបន់បឹងទន្លេសាប រួមមាន ល្មូន៤២ប្រភេទ បក្សី២២៥ប្រភេទ ថនិកសត្វ៤៦ប្រភេទ និងរុក្ខជាតិជាង២០០ប្រភេទ។ 
 
បើតាមសៀវភៅខ្ញុំចង់ដឹងចំណងជើងថា «​ជីវិតជុំវិញបឹងទន្លេសាប» របស់អង្គការស៊ីប៉ា ការនេសាទនៅកម្ពុជាមានតួនាទីធំ ហើយត្រីជាអាហារសំខាន់បន្ទាប់ពីស្រូវ។ ពលរដ្ឋជុំវិញបឹងទន្លេសាបរាប់ពាន់នាក់ រស់នៅពឹងផ្អែកលើការនេសាទ ខណៈការបរិភោគត្រីរបស់មនុស្សម្នាក់ៗ ជាមធ្យម៦៧គីឡូក្រាម ក្នុងមួយឆ្នាំ។
 
ក្រៅពីផ្តល់​ប្រយោជន៍ដល់អ្នករស់នៅជុំវិញបឹងទន្លេសាប ការនេសាទ ក៏បានផ្តល់ចំណូលដល់សេដ្ឋកិច្ចជាតិផងដែរ ដូចជា ពន្ធទាក់ទងនឹងការនេសាទ រួមទាំងលំនាំផលចេញផងដែរ។ ចំពោះបរិមាណត្រីនេសាទបានជាមធ្យមក្នុងមួយឆ្នាំៗ មានលើសពី ១សែនតោន។ ការនេសាទប្រព្រឹត្តទៅពេញមួយឆ្នាំ លើកលែងតែរដូវត្រីពង៕ 

Tag:
 សម្ដេច​ ហ៊ុន ម៉ាណែត
  បឹងទន្លេសាប
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com