ជាតិ
អ.វ.ត.ក ដាក់ឱ្យដំណើរការបណ្ណាល័យរថយន្តក្រុងចល័ត ដើម្បីផ្សព្វផ្សាយពីការកាត់ក្ដីខ្មែរក្រហម
31, Jan 2024 , 9:29 pm        
រូបភាព
ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ អ.វ.ត.ក (ECCC) បានបង្កើតបណ្ណាល័យរថយន្តក្រុងចល័ត​ ឬហៅថា មជ្ឈមណ្ឌលធនធានចល័ត ដើម្បីផ្សព្វផ្សាយព័ត៌មាន និងឯកសារនានា ពាក់ព័ន្ធដំណើរការកាត់ក្ដីខ្មែរក្រហម ជាង១៦ឆ្នាំមកនេះ។ មជ្ឈមណ្ឌលធនធានចល័តនេះ នឹងធ្វើដំណើរទៅ ២៥រាជធានី-ខេត្ត ពិសេសនៅតាមគ្រឹះស្ថានអប់រំនានាទូទៅប្រទេស។



លោក ហែម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្ដីទីនៃ អ.វ.ត.ក បានបញ្ជាក់ថា មជ្ឈមណ្ឌលធនធានចល័តនេះ នឹងក្លាយជាផ្នែកមួយ បម្រើឱ្យការងារអប់រំ និងផ្សព្វផ្សាយកាន់តែទូលំទូលាយដល់សាធារណជន សិស្ស និស្សិត យុវជន និងសហគមន៍ ឱ្យបានយល់ច្បាស់ពីដំណើរការកាត់ក្ដីខ្មែរក្រហម។ 
 
ក្នុងដំណាក់កាលដំបូងនេះ អ.វ.ត.ក បានសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីពង្រីកវិសាលភាព និងលើកកម្ពស់ការប្រើប្រាស់មជ្ឈមណ្ឌលធនធានចល័ត ក្នុងការស្រាវជ្រាវឯកសារពាក់ព័ន្ធការកាត់ក្ដីខ្មែរក្រហម សម្រាប់យុវជន និងនិស្សិត នៅរាជធានីភ្នំពេញ។

លោក ហែម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្ដីទីនៃ អ.វ.ត.ក 

ថ្លែងក្នុងកម្មវិធីដាក់ឱ្យដំណើរការបណ្ណាល័យរថយន្តក្រុងចល័តនៅថ្ងៃទី៣១ ខែមករា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ក្រាញ់ តូនី លើកឡើងថា ដំណើរការកាត់ក្ដីខ្មែរក្រហមរបស់ អ.វ.ត.ក បានបន្សល់ទុកឯកសារជាង២លានទំព័រ ដែលមាន៣ភាសា គឺខ្មែរ អង់គ្លេស និងបារាំង ស្មើនឹងវីដេអូជាង១ពាន់ម៉ោង និងជនរងគ្រោះជាង១១០០០នាក់។
 
លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ សប្បាយចិត្ត ដែលបានសហការជាមួយ អ.វ.ត.ក ដើម្បីជំរុញការយល់ដឹងរបស់សិស្សនិស្សិត និងយុវជន ពីដំណើរការកាត់ក្ដីខ្មែរក្រហម ដោយប្រើរយៈពេលជាង១៦ឆ្នាំនេះ។ លោក រំពឹងថា កិច្ចសហការនេះ នឹងផ្ដល់អត្ថប្រយោជន៍ និងចំណេះដឹងបន្ថែម ដល់សិស្សនិស្សិតទាំងអស់ ពិសេសនិស្សិតកំពុងសិក្សាជំនាញប្រវត្តិសាស្រ្ត។ 
 
លោក ជេត ជាលី ថា បណ្ណាល័យរថយន្តក្រុងចល័តនេះ បានចំណាយថវិកាយ៉ាងច្រើន ដើម្បីផ្ដល់ងាយស្រួលដល់សិស្សនិស្សិត ក្នុងការសិក្សាស្រាវជ្រាវ និងស្វែងរកឯកសារពាក់ព័ន្ធដំណើរការកាត់ក្ដីខ្មែរក្រហម។ លោកបញ្ជាក់ថា យុវជនគ្រប់រូបចាំបាច់ត្រូវដឹងពីព័ត៌មានពាក់ព័ន្ធនឹងខ្មែរក្រហម ដើម្បីជៀសវាងប្រវត្តិសាស្រ្តច្រំដែល និងការសិក្សាទុកជាមេរៀនផងដែរ៕
 
 
លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ









Tag:
 តុលាការ
 បណ្ណាល័យចល័ត
 មជ្ឈមណ្ឌលធនធានចល័ត
© រក្សាសិទ្ធិដោយ thmeythmey.com