សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តើលោក ត្រាំ អនុវត្តគោលនយោបាយសេដ្ឋកិច្ចបែបណា ប្រសិនជាប់ឆ្នោតឡើងវិញ?
01, Feb 2024 , 9:09 am        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
កាលអាណត្តិមុន លោក​ ដូណាល់ ត្រាំ បានប្រើប្រាស់គោលនយោបាយគាំពារនិយមក្នុងការដឹកនាំសេដ្ឋកិច្ចអាម៉េរិកដូចជាការលើកទឹកចិត្តពន្ធក្នុងស្រុក និងរឹតបន្តឹងការនាំចូលទំនិញ។  សម្រាប់អណត្តិនេះ ប្រសិនបើអតីតប្រធានាធិបតីអាម៉េរិកលោកត្រឡប់ទៅសេតវិមានវិញ  ថាតើលោកនិងអនុវត្តគោលនយោបាយសេដ្ឋកិច្ចបែបណាក្នុងរយៈពេល ៤ឆ្នាំខាងមុខ?​

 
កាលពីសប្តាហ៍មុន លោក ត្រាំ បានបន្តឈ្នះលោកស្រី Nikki Haley អតីតឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិក្នុងការបោះឆ្នោតបឋមរបស់បក្សសាធារណរដ្ឋនៅរដ្ឋ New Hampshire ។ មុននោះ លោកក៏បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតបឋមនៅរដ្ឋ Iowa ។ ជ័យជម្នះពីរលើកជាប់ៗគ្នានេះ នាំឱ្យលោក ត្រាំ បោះជំហានឆ្ពោះទៅប្រជែងជាមួយលោកប្រធានាធិបតី ចូ បៃឌិន ដែលកំពុងកាន់អំណាចសម្រាប់ការបោះឆ្នោតសកលនៅខែវិច្ឆិកា ឆ្នាំ២០២៤។
 
សម្រាប់អ្នកវិនិយោគជាច្រើននៅក្នុងទីផ្សារហិរញ្ញវត្ថុ និងអ្នកបោះឆ្នោតអាម៉េរិក លទ្ធភាពដែលលោក ត្រាំ ជាប់ឆ្នោតឡើងវិញគឺមានកម្រិតខ្ពស់ ពីព្រោះពួកគេជឿថាអ្នកជំនួញមហាសេដ្ឋីរូបនេះអាចគ្រប់គ្រងសេដ្ឋកិច្ចបានប្រសើរជាង បៃឌិន។ យ៉ាងណា អត្ថបទរបស់កាសែត Wall Street Journal បាននិយាយថា របៀបវារៈសេដ្ឋកិច្ចដែលលោក ត្រាំ គ្រោងនឹងនាំមកនៅអាណត្តិទី២ របស់លោកនឹងមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីរដ្ឋបាលមុន។ ក្នុងអំឡុងពេលអាណត្តិ ២០១៦-២០២០ លោកត្រាំ បានអនុវត្តគោលនយោបាយសេដ្ឋកិច្ចគាំពារនិយមដូចជា ការទម្លាក់ពន្ធក្នុងស្រុក និងរឹតបន្តឹងពន្ធនាំចូលជាដើម។ 
 
ប្រសិន​បើ​លោក ត្រាំ ជាប់​ឆ្នោត​ឡើង​វិញ ទំនងជានឹងពង្រីកសង្រ្គាមពាណិជ្ជកម្មដែលលោកបានផ្តើមកាលពី៦ឆ្នាំមុន ជាមួយចិន និងគាបសង្កត់ពន្ធទៅលើដៃគូពាណិជ្ជកម្មអាម៉េរិកជាបន្តបន្ទាប់។ ការណ៍នេះ បានធ្វើឲ្យការចំណាយកើនឡើង និងហានិភ័យនៃការរំខាននៃខ្សែច្រវាក់ផ្គត់ផ្គង់ពីគោលនយោបាយនេះ។ 
 
គោលនយោបាយពន្ធបើកចំហររបស់លោក ត្រាំ 
 
គ្មាន​នរណា​ម្នាក់​អាច​ទស្សន៍ទាយ​បាន ​ថា​តើ​សេដ្ឋកិច្ច​អាម៉េរិក​នឹង​មាន​រូបរាង​យ៉ាង​ណា​ក្នុង​អំឡុង​អាណត្តិ​ប្រធានាធិបតី​ណា​មួយ​ឡើយ។ ព្រឹត្តិការណ៍ដែលមិននឹកស្មានដល់ ដូចជាជំងឺរាលដាលកូវីដ-១៩ ឬសង្គ្រាម មានផលប៉ះពាល់ខ្លាំងជាងគោលនយោបាយដែលធ្វើឡើងដោយលោក ត្រាំ ឬលោក បៃឌិន។ ពីមុនធ្លាប់មានការព្យាករថា ប្រសិនបើលោក ត្រាំ ជាប់ឆ្នោតនៅឆ្នាំ២០១៦ អាម៉េរិកនឹងប្រឈមមុខនឹងគ្រោះមហន្តរាយសេដ្ឋកិច្ច ប៉ុន្តែការពិតបានបង្ហាញថាជាការព្យាករខុសទាំងស្រុង។ នៅយប់បោះឆ្នោតក្នុងឆ្នាំនោះ ទីផ្សារភាគហ៊ុនអាម៉េរិកបានធ្លាក់ចុះយ៉ាងគំហុក ប៉ុន្តែនៅថ្ងៃបន្ទាប់ទីផ្សារភាគហ៊ុនបានផ្លាស់ប្តូរ និងបញ្ចប់ការជួញដូរដោយពណ៌បៃតងដ៏អស្ចារ្យ។
 
វិនិយោគិនបានប្រែក្លាយពីភាពទុទិដ្ឋិនិយមយ៉ាងខ្លាំងទៅជាភាពរំភើបរីករាយ ដោយសារតែផែនការកំណែទម្រង់ពន្ធរបស់បក្សសាធារណរដ្ឋបានផ្តោតលើការកាត់បន្ថយពន្ធសាជីវកម្ម។ ផែនការនេះត្រូវបានរៀបចំឡើងក្នុងករណីដែលបក្សសាធារណរដ្ឋ ឈ្នះការគ្រប់គ្រងទាំងសភាតំណាងរាស្រ្ត និងសេតវិមាន ដែលបក្សបានធ្វើនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៦។
 
ការកំណែទម្រង់ពន្ធដែលលោក ត្រាំ បានចុះហត្ថលេខាត្រឹមតែមួយឆ្នាំ ដោយបានទម្លាក់អត្រាពន្ធសាជីវកម្មដ៏ច្រើននៅអាម៉េរិកពី ៣៥ភាគរយមកត្រឹម ២១ភាគរយ ស្របពេលក៏មានកាត់បន្ថយពន្ធលើប្រាក់ចំណេញនៅបរទេស សម្រាប់ក្រុមហ៊ុនអាម៉េរិកដែរ។ ទាំងនេះជាគោលដៅចំនួន២ ដែលអាជីវកម្មចង់បានជាយូរមកហើយ។ លើសពីនេះ ការវិនិយោគអាជីវកម្មលើគ្រឿងម៉ាស៊ីន ទទួលបានការលើកទឹកចិត្តផ្នែកពន្ធ ហើយអត្រាពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនក៏ត្រូវបានកាត់បន្ថយផងដែរ។
 
កម្មវិធី​កាត់បន្ថយ​ពន្ធរបស់លោក​ ត្រាំ ​បាន​ជួយ​ដល់​សេដ្ឋកិច្ច​អាម៉េរិក​តាម​វិធីចំនួន៣ ។ ទីមួយ ការរំពឹងទុកនៃការកើនឡើងប្រាក់ចំណេញក្រោយការបង់ពន្ធរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីបាននាំឱ្យទីផ្សារភាគហ៊ុនអាម៉េរិកកើនឡើងយ៉ាងខ្លាំង។ ទីពីរ ការកាត់បន្ថយពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន ជំរុញឱ្យមនុស្សចំណាយកាន់តែច្រើន។ ទីបី ការវិនិយោគអាជីវកម្មក៏កើនឡើងផងដែរ ធ្វើអោយប្រសើរឡើងនូវទស្សនវិស័យកំណើនសេដ្ឋកិច្ចរយៈពេលវែង។
 
នៅឆ្នាំ២០១៨ នៅពេលដែលកំណែទម្រង់ពន្ធត្រូវបានបញ្ចប់ លោក ត្រាំ បានចាប់ផ្តើមធ្វើរឿងមួយទៀតគឺការដាក់ពន្ធលើទំនិញនាំចូល។ ដំបូងឡើយ លោកបានដាក់ពន្ធលើម៉ាស៊ីនបោកគក់ និងបន្ទះស្រូបពន្លឺព្រះអាទិត្យដែលនាំចូលមកអាម៉េរិក បន្ទាប់មកលើអាលុយមីញ៉ូម និងដែកពីកាណាដា សហភាពអឺរ៉ុប ម៉ិកស៊ិក និងកូរ៉េខាងត្បូង ហើយក្រោយមកទៀតលើទំនិញជាច្រើនរាប់មិនអស់ពីប្រទេសចិន។
 
លោក ត្រាំ បានអះអាងថា ពន្ធគយនឹងជួយកាត់បន្ថយឱនភាពពាណិជ្ជកម្ម និងធ្វើឱ្យផលិតកម្មរបស់អាម៉េរិករស់ឡើងវិញ។ អ្នក​រិះគន់​មួយចំនួនលើកឡើងថា គោលការណ៍​នេះ​ជំរុញ​ឱ្យ​មាន​ការ​ចំណាយ​កើនឡើងសម្រាប់​អតិថិជន​អាម៉េរិក​។ ប៉ុន្តែ​ការ​មើលឃើញទាំងពីរចំណុចខាងលើនេះ ​មិន​​ពិតទាំងស្រុងនោះទេ ។ យោងតាមទ្រឹស្ដីសេដ្ឋកិច្ច ការដាក់ពន្ធគយបានកាត់បន្ថយតម្រូវការទំនិញនាំចូល ក្រោយមកវានឹងកាត់បន្ថយតម្រូវការរូបិយប័ណ្ណបរទេស  ដែលនាំឱ្យប្រាក់ដុល្លារឡើងថ្លៃ ហើយនឹងជះផលប៉ះពាល់ដល់ការទូទាត់ពន្ធគយ។ ទ្រឹស្តីសេដ្ឋកិច្ចក៏បង្ហាញផងដែរថា ឱនភាពពាណិជ្ជកម្មឆ្លុះបញ្ចាំងពីគម្លាតរវាងការវិនិយោគ និងការសន្សំ ដូច្នេះការដាក់ពន្ធគយមិនអាចកាត់បន្ថយឱនភាពពាណិជ្ជកម្មបានទេ។ យោងតាមកាសែត Wall Street Journal ។
 
អ្វី​ដែល​បាន​កើត​ឡើង​ជាក់ស្តែងនាពេលនោះ គឺ​ស្រប​តាម​ទ្រឹស្តីសេដ្ឋកិច្ច​តិច ឬច្រើន។ ប្រាក់ដុល្លារបានកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំ ២០១៩។ តម្លៃនៃទំនិញនាំចូលមួយចំនួនទៅកាន់អាម៉េរិកបានកើនឡើង ទំនិញផ្សេងទៀតបានថយចុះ ប៉ុន្តែពន្ធគយស្ទើរតែមិនមានផលប៉ះពាល់ជាក់ស្តែងលើអតិផរណា ឱនភាពពាណិជ្ជកម្ម និងការងារនៅក្នុងវិស័យផលិតកម្មនៅអាម៉េរិក។ យ៉ាងណា ការដាក់ពន្ធរបស់លោក ត្រាំ ពិតជាធ្វើឱ្យទំនាក់ទំនងរវាងអាម៉េរិក និងប្រទេសសម្ព័ន្ធមិត្តជាច្រើនកាន់តែអាក្រក់ទៅៗ ដែលហាក់ដូចជាដើរបញ្ច្រាសនៃដំណើរការសកលភាវូបនីយកម្ម។
 
លោក Don Schneider ដែលធ្លាប់ជាជំនួយការក្នុងគណៈកម្មាធិការពង្រាងច្បាប់ពន្ធក្នុងសភាតំណាងរាស្រ្តអាម៉េរិកនៅដើមអាណត្តិមុនរបស់លោក ត្រាំ ហើយបច្ចុប្បន្នជាអ្នកវិភាគនៅក្រុមហ៊ុន Piper Sandler បាននិយាយថា ប្រសិនបើលោក ត្រាំ ជាប់ឆ្នោត​នឹង​មិន​មាន​ការ​ផ្លាស់ប្តូរ​ពន្ធ​ច្រើនដែល​នឹង​នាំប្រយោជន៍​ដល់​សេដ្ឋកិច្ចនោះ​ទេ។ សមាជិកសភារបស់បក្សសាធារណរដ្ឋនឹងពង្រីកកម្មវិធីកាត់បន្ថយពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន ដែលបានអនុវត្តក្នុងឆ្នាំ២០១៧ ហើយរំពឹងថានឹងផុតកំណត់ក្រោយឆ្នាំ២០២៥។
 
ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតសម្រាប់ឆ្នាំ ២០២៤ លោក ត្រាំ បានលើកឡើងបន្ថែមពីការបន្ថយពន្ធសាជីវកម្ម ប៉ុន្តែគំនិតនេះមិនត្រូវបានផ្សព្វផ្សាយទេ។ លោកចង់សំដៅលើបទប្បញ្ញត្តិត្រួតពិនិត្យហិរញ្ញវត្ថុ និងបរិស្ថានសម្រាប់អាជីវកម្មនៅអាម៉េរិកនឹងមានលក្ខណៈធូរស្រាលជាង។ ប៉ុន្តែផ្ទុយទៅវិញ លោកនឹងរឹតត្បិតផ្នែកផ្សេងទៀតដូចជា លោកបានសន្យាថានឹងស៊ើបអង្កេតការអនុវត្តការសម្របសម្រួលមាតិការបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម។
 
យ៉ាងណា ការផ្លាស់ប្តូរបទប្បញ្ញត្តិត្រួតពិនិត្យកម្រមានឥទ្ធិពលលើកំណើនសេដ្ឋកិច្ចអាម៉េរិក។ តាមពិតទៅ លោក បៃឌិន មានភាពស្វិតស្វាញក្នុងការបន្ធូរបន្ថយការត្រួតពិនិត្យលើឧស្សាហកម្មប្រេង និងឧស្ម័នជាងលោក ត្រាំ ទៅទៀត។ ប៉ុន្តែការផលិតប្រេងឆៅរបស់អាម៉េរិកក្នុងអាណត្តិលោក​ បៃឌិន បានបង្កើតកំណត់ត្រាខ្ពស់មួយ ដោយសារតែតម្លៃប្រេងពិភពលោកខ្ពស់ជាងកាលពីមុន។ 
 
ការសម្រេចចិត្តពិតប្រាកដរវាងបេក្ខជនទាំងពីរនេះ គឺផ្នែកទៅលើការធ្វើពាណិជ្ជកម្មរបស់អាម៉រិក ។ លោក បៃឌិន មិន​មែន​ជា​អ្នក​តស៊ូ​មតិ​ពាណិជ្ជកម្ម​សេរី​ទេ ប៉ុន្តែក៏​មិន​បង្ហាញ​ជំហរ​ការពារ​​ត្រង់ៗ​ដូច​លោក ត្រាំ ដែរ។ មេដឹកនាំមកពីបក្សប្រជាធិបតេយ្យមិនបានដកខ្លួន ឬគម្រាមដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទេ។ គោលនយោបាយឧបត្ថម្ភធនរថយន្តអគ្គិសនីរបស់លោក​បៃឌិន លើកទឹកចិត្តដល់ការផលិតរថយន្តអគ្គិសនីនៅអាម៉េរិកភាគខាងជើង ប៉ុន្តែត្រូវបានកែសម្រួលបន្តិច ដើម្បីបើកការនាំចូលទំនិញនេះពីប្រទេសមួយចំនួន។
 
លោក បៃឌិន បានរក្សាពន្ធជាច្រើនបន្ទាប់ពីអណត្តិរបស់លោក ​ត្រាំ ដោយមិនផ្លាស់ប្តូរ ប៉ុន្តែស្ទើរតែមិនបានដាក់ពន្ធថ្មីណាមួយឡើយ ហើយបានដកពន្ធមួយចំនួនថែមទៀតដូចជា ពន្ធលើយន្តហោះពាណិជ្ជកម្មជាដើម។ ក្នុងអំឡុងអាណត្តិរបស់លោក ត្រាំ ពន្ធគយជាមធ្យមរបស់អាម៉េរិកបានកើនឡើងទ្វេដងដល់ប្រហែល ៣ភាគរយ ប៉ុន្តែបានថយចុះបន្តិចក្នុងអំឡុងពេលអាណត្តិរបស់លោក បៃឌិន ។
 
ផែនការដាក់ពន្ធ ១០ភាគរយ និងហានិភ័យនៃសង្រ្គាមពាណិជ្ជកម្ម 
 
ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតនេះ លោក ត្រាំ បានស្នើឱ្យដាក់ពន្ធ ១០ភាគរយលើទំនិញទាំងអស់ដែលនាំចូលមកអាម៉េរិក។ លោក ត្រាំ អាចធ្វើសកម្មភាពភ្លាមៗ ប្រសិនបើជាប់ឆ្នោតឡើងវិញ។ 
 
នៅឆ្នាំ ១៩៧១ ប្រធានាធិបតី រីឆាត និចសុន បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលដោយការដាក់ពន្ធ ១០ភាគរយលើទំនិញនាំចូលទាំងអស់ បន្ទាប់មកបានធ្វើឱ្យកក្រើកច្បាប់ឆ្នាំ ១៩១៧ឡើងវិញ ហៅថា ការជួញដូរជាមួយសត្រូវ (Trading with the Enemy)។ ចំណែក លោក ត្រាំ ក៏អាចប្រើផ្នែកទី ៣៣៨ នៃច្បាប់ពន្ធឆ្នាំ ១៩៣០ ដែលជាបទប្បញ្ញត្តិដែលផ្តល់ឱ្យប្រធានាធិបតីអាម៉េរិកនូវសិទ្ធិអំណាចក្នុងការដាក់ពន្ធលើប្រទេសណាមួយដែលរើសអើងប្រឆាំងនឹងអាម៉េរិក។ លោក ត្រាំ មិនអាចលុបចោលជាឯកតោភាគីនូវច្បាប់ដែលបានត្រួសត្រាយផ្លូវឲ្យចិន ក្នុងការចូលរួមជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងឆ្នាំ ២០០១ នោះទេ ប៉ុន្តែអាចធ្វើសកម្មភាពដោយការដាក់ពន្ធលើទំនិញទាំងអស់ដែលនាំចូលពីចិន។
 
គ្មាននរណាម្នាក់ច្រានចោលនូវលទ្ធភាពដែលពន្ធថ្មីរបស់លោក ត្រាំ ក្នុងការធ្វើសង្គ្រាមពាណិជ្ជកម្មស្រដៀងនឹងអ្វីដែលបានកើតឡើងក្នុងអំឡុងពេលអាណត្តិមុននោះទេ។ ចេតនារបស់លោក ត្រាំ ក្នុងការដាក់ពន្ធ ១០ភាគរយដោយការសងសឹកពីបណ្តាប្រទេសដែលជាប់ពន្ធ នឹងទំនងជានាំទៅរកភាពប្រែប្រួលថ្មីមួយនៅក្នុងបរិយាកាសធុរកិច្ចពិភពលោក។
 
ក្នុង​បរិបទ​បែប​នេះ តើ​អតិផរណា​នៅ​អាមេរិក​នឹង​កើនឡើង​ដែរ​ឬ​ទេ? ចម្លើយអាចថា ទេ ប្រសិនបើប្រាក់ដុល្លារឡើងថ្លៃក៏ដូចកាលពីឆ្នាំ២០២៨ ដែរ ។ យ៉ាងណា លោក ត្រាំ អាចរារាំងការឡើងថ្លៃប្រាក់ដុល្លារបាន ប្រសិនបើលោកដាក់សម្ពាធលើធនាគារកណ្តាលអាម៉េរិក (Fed) ឲ្យនូវអត្រាការប្រាក់ទាប។ ប្រធាន Fed លោក Jerome Powell ដែលត្រូវបានតែងតាំងឱ្យកាន់តំណែងនេះដោយលោក ត្រាំ បានទប់ទល់នឹងសម្ពាធនោះបាន ប៉ុន្តែអាណត្តិរបស់លោក Powell នឹងបញ្ចប់នៅឆ្នាំ ២០២៦។
 
ប្រសិនបើ Fed បរាជ័យក្នុងការរក្សាឯករាជ្យនៅចំពោះមុខសម្ពាធនយោបាយ និងការកើនឡើងនៃរបាំងពាណិជ្ជកម្ម វានឹងក្លាយជារូបមន្តសម្រាប់ការកើនឡើងអតិផរណា។ នោះមិនទំនងទេ ព្រោះមានកត្តាជាច្រើនក្រៅពីគោលនយោបាយរូបិយវត្ថុដែលអាចប៉ះពាល់ដល់អតិផរណា។ ទោះជាយ៉ាងនេះក្តី អាណត្តិរបស់លោក បៃឌិន ក៏នាំមកនូវមេរៀនច្បាស់លាស់ដល់លោក ត្រាំ ប្រសិនបើលោកជាប់ឆ្នោតឡើងវិញ គឺគ្មានអ្វីដែលរំខានដល់ដំណើរការសេដ្ឋកិច្ចក្នុងអណត្តិរបស់ប្រធានាធិបតីជាងអតិផរណាខ្ពស់នោះទេ៕ 
 

Tag:
 សេដ្ឋកិច្ច
  បោះឆ្នោត
  អាម៉េរិក
  ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com