អន្តរជាតិ
បេក្ខជនឈរឈ្មោះបោះឆ្នោតសភាប៉ាគីស្ថានម្នាក់ទៀត ត្រូវបាញ់សម្លាប់
31, Jan 2024 , 10:15 pm        
រូបភាព
ប៉ូលិសនៅថ្ងៃទី៣១ ខែមករាបានរាយការណ៍ថា បេក្ខភាពសភាជាតិម្នាក់ទៀត ត្រូវបានបាញ់សម្លាប់នៅ ក្នុងស្រុកកុលសម្ព័ន្ធមួយដែលស្ថិតនៅតាមបណ្តោយព្រំដែនអាហ្វហ្កានីស្ថាន។ ការណ៍នេះ បានបង្ហាញពីសញ្ញានៃករណីហិង្សា និងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធតាមព្រំដែនកាន់តែកើន ឡើងជាបន្តបន្ទាប់ ខណៈដែលការបោះឆ្នោតសភានឹងមកដល់នៅសប្ដាហ៍ក្រោយ។

 
មន្ត្រីប៉ូលិសប៉ាគីស្ថាន លោក Rasheed Khan មានប្រសាស៍ថា លោក Rehan Zaib Khan ដែលជាបេក្ខជនឯករាជ្យនៅក្នុងការបោះឆ្នោតសភានៅថ្ងៃទី៨ ខែកុម្ភៈ និងជំនួយការបួននាក់ បានរងការវាយ ប្រហារដោយកាំភ្លើងនៅក្នុងស្រុក Bajur។ មន្ត្រីប៉ូលិសរូបនេះបញ្ជាក់ផងដែរថា​ លោក Rehan Zaib Khan បានបាត់បង់ជីវិតនៅមន្ទីរពេទ្យក្នុងស្រុក ហើយជំនួយការរបស់លោកស្ថិតក្នុង ស្ថានភាពធ្ងន់ធ្ងរ។
 
នេះជាករណីវាយប្រហារមួយ ក្នុងចំណោមការវាយប្រហារផ្សេងៗទៀតដែលកើតឡើងនាពេលថ្មីៗនេះ ដែលត្រូវបានមើលឃើញថា ជាការគំរាមកំហែងកាន់តែខ្លាំងឡើងពីក្រុមសកម្មប្រយុទ្ធ ហើយជាការសម្លាប់លើកទី ២ នៃបេក្ខជនដែលជាប់ពាក់ព័ន្ធជាមួយ បក្ស Tehreek-e-Insaf (PTI) របស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan នៅក្នុងតំបន់ កុលសម្ព័ន្ធនៃភាគពាយ័ព្យប៉ាគីស្ថានកាលពីដើមខែមករានេះ។
 
លោក Rehan Zaib Khan ធ្លាប់អះអាងថា លោកទទួលបានការគាំទ្រដោយគណបក្ស PTI។ យ៉ាងណាមិញ ប្រធានសមាជិកបក្សថ្នាក់ខេត្តរបស់ PTI លោក Atif Khan បានបញ្ជាក់ថា Rehan Zaib Khan គឺជាសមាជិកបក្សមែន តែ PTI មានបេក្ខជនម្នាក់ទៀតដែលមានការគាំទ្រជាផ្លូវការ។ គណបក្សរបស់លោក Khan ត្រូវបានដកហូតនិមិត្តសញ្ញាបោះឆ្នោតរបស់ខ្លួនដែលជាដំបងកីឡាគ្រី​ឃី​ត (Cricket) ដោយហេតុផលបច្ចេកទេស ហើយបេក្ខជនរបស់បក្សកំពុងប្រកួត ប្រជែងការបោះឆ្នោតដោយឯករាជ្យ។
 
បន្ថែមពីការជាប់ទោសកាលពីឆ្នាំ ២០២៣​​ រយៈពេល៣ឆ្នាំពីអំពើពុករលួយ និងរយៈពេល ១០ ឆ្នាំដោយសារការបង្ហាញព័ត៌មានសម្ងាត់លើលោក Imran Khan  តុលាការបានកាត់ក្ដីឱ្យលោក Khan និងភរិយារបស់លោកគឺ លោកស្រី  Bushra Khan ជាប់ពន្ធនាគារ រយៈពេល ១៤ ឆ្នាំនៅក្នុងសំណុំរឿងពុករលួយមួយផ្សេងទៀតដែលលោកបានលក់អំណោយដោយខុសច្បាប់ក្នុងតម្លៃជាង ៥០១,០០០ ដុល្លារនៅក្នុងការកាន់កាប់របស់រដ្ឋ និងទទួលបាន ថវិកាក្នុងអំឡុងអាណត្តិនាយករដ្ឋមន្ត្រី ២០១៨-២០២២ របស់លោក។
 
បក្ស PTI សម្គាល់ថា ខ្លួនទទួលរងការបង្រ្កាបដែលគាំទ្រដោយយោធា រួមទាំងការចាប់ខ្លួន អ្នកគាំទ្ររាប់រយនាក់ សមាជិកបក្ស និងជំនួយការសំខាន់ៗ។ យោធា​ដែល​កាន់កាប់​អស់​រយៈ ពេល​ជាច្រើន​ទសវត្សរ៍​​ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com