ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វីតាមីនC ច្រើន​ពេក​ក៏​ប៉ះពាល់ប្រព័ន្ធ​រំលាយ​អាហារ និង​តម្រងនោម
02, Feb 2024 , 6:59 am        
រូបភាព
លោកអ្នកមានដឹងដែរឬទេ​ថា វីតាមីន C ក្រៅ​តែ​ពី​ប្រយោជន៍​ហើយ ក៏​មាន​ផល​មិនល្អ​ដល់​សុខភាព​យើង​ផង​ដែរ ។ តាម​ការ​លើក​ឡើង​ពី​គ្រូពេទ្យ​ជំនាញ​ជា​ច្រើន​បានឱ្យ​ដឹង​ថា វីតាមីន C ក៏​មាន​នាទី​សំខាន់​ផង​ដែរ ក្នុង​ការ​ជួយ​ជំរុញ​ឱ្យ​មុខរបួស​ឆាប់​ជា​សះស្បើយ ជួយ​រក្សា​ឆ្អឹង​ឱ្យ​នៅ​រឹង​មាំ និង​ជំរុញ​តួនាទី​ខួរក្បាល​ឱ្យ​ដំណើរការ​សកម្ម​បាន​ប្រសើរ ។

 
ជាមួយ​គ្នា​នោះ​ដែរ ក្នុង​ករណី​ដែល​ការ​ទទួល​នូវ​វីតាមីន​ប្រភេទ​នេះ​ច្រើន​ទៅ​ក្នុង​រាង​កាយ ក៏​នឹង​បង្ក​ផលវិបាក​ផង​ដែរ ដែល​ផលវិបាក​ទាំងនោះ គឺ​ប៉ះពាល់​ទៅ​លើ​ដំណើរ​ប្រព័ន្ធ​រំលាយ​អាហារ និង​តម្រងនោម​។
 
តាម​វេជ្ជបណ្ឌិត​ជា​ច្រើន​បាន​ពន្យល់​ថា វីតាមីន C ជា​ប្រភេទ​វីតាមីន​អាច​រលាយ​បាន​នៅ​ក្នុង​ទឹក ដូចនេះ​វា​ពុំ​អាច​ស្តុក​ទុក​ក្នុង​រាង​កាយ​បាន​ទេ ដោយ​វា​ធ្វើ​ដំណើរ​តាម​សារធាតុ​រាវ​ក្នុង​រាង​កាយ​ទៅ​ជ្រាប​ចូល​ក្នុង​ជាលិកា ប្រតិកម្ម​រួច​វា​ចេញ​ទៅ​ក្នុង​ទឹកនោម ចេញពី​រាង​កាយ​របស់​យើង​។ ប៉ុន្តែ គួរ​សម្គាល់ថា ការ​ញ៉ាំ​វីតាមីន C លើស​កម្រិត​ធម្មតា ដែល​រាង​កាយ​គួរ​ទទួល​ប្រចាំ​ថ្ងៃ បរិមាណ​ដ៏​ច្រើន​នោះ​នឹង​បង្ក​បញ្ហា​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។ ការ​បរិភោគ​វិ​តា​មីន C ច្រើន​ជាង ២០០០ មិ​ល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ អាច​នាំ​ឲ្យ​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ដោយ​រួម​មាន​រោគ​សញ្ញា​ដូច​ជា រាក និង​ចង្អោរ​។ ជា​ទូទៅ​ផល​រំខាន​ដោយសារ​វីតាមីន​នេះ គឺ​កើតឡើង​ដោយសារ​ការ​លេប​វីតាមីន​នេះ​ក្នុង​ទម្រង់​ជា​ថ្នាំ​បំប៉ន ប៉ុន្តែ​មិនកើត​មាន​ដោយសារ​តែ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​វីតាមីន C នោះ​ទេ​។
 
ប្រសិនបើ​រាង​កាយ​យើង​ទទួល​បាន​វិ​តា​មីន​C ក្នុង​កម្រិត​ច្រើន នោះ​វា​ក៏​អាច​ធ្វើ​ឲ្យ​រាង​កាយ​ស្រូប​យកជាតិ​ដែក​កាន់តែ​ច្រើន​លើស​តម្រូវការ​ដែល​នាំ​ឲ្យ​ពុល​ដល់​ថ្លើម​បាន ។
 
ជាមួយ​គ្នា​នោះ វីតាមីន​នេះ​ក៏​បង្ក​បន្ទុក​ឱ្យ​តម្រងនោម​ត្រូវ​ធ្វើការ​ធ្ងន់​ផង​ដែរ ដោយសារ​បរិមាណ​វីតាមីន C ច្រើន​នឹង​ក្លាយជា​សំណល់​មួយ​ក្នុង​ទឹកនោម​ក្នុង​ទម្រង់​ជា Oxalate ។ នៅ​ពេល​សំណល់ Oxalate បញ្ចេញ​ច្រើន​ពី​រាង​កាយ​តាម​ទឹកនោម វា​នឹង​ភ្ជាប់​ជាមួយនឹង​សារធាតុ​រ៉ែ​ជា​ច្រើន​ពី​រាង​កាយ​ផ្សេង​ទៀត ដែល​ធ្វើ​ឱ្យ​ក្លាយជា​គ្រួ​ស​ក្នុង​តម្រងនោម ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com