អន្តរជាតិ
ខួប៣ឆ្នាំរដ្ឋប្រហារ យោធាមីយ៉ាន់ម៉ាបន្តដាក់ប្រទេសក្នុងភាពអាសន្ន៦ខែទៀត
01, Feb 2024 , 10:39 am        
រូបភាព
ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិមីយ៉ាន់ម៉ា ប្រកាសបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្ន នៅថ្ងៃទី៣១ ខែមករា។ រូបភាព Xinhua
ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិមីយ៉ាន់ម៉ា ប្រកាសបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្ន នៅថ្ងៃទី៣១ ខែមករា។ រូបភាព Xinhua
ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិមីយ៉ាន់ម៉ា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់យោធា នៅថ្ងៃទី៣១ ខែមករា បានឯកភាពបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេល៦ខែទៀត ស្របពេលរដ្ឋប្រហារដល់ខួបទី៣។



គិតត្រឹមថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ វាមានរយៈពេល ៣ឆ្នាំហើយដែលមីយ៉ាន់ម៉ាស្ថិតក្រោមការដឹកនាំរបស់យោធា។ ពន្លឺប្រជាធិបតេយ្យ និងការរៀបចំបោះឆ្នោតឡើងវិញ នៅតែមិនទាន់មានឡើយ ទោះលោក មីន អ៊ុងឡាំង ប្រមុខយោធាមីយ៉ាន់ម៉ា បានសន្យាប្រមាណ ៤ ឬ៥លើកក៏ដោយ។ ស្របពេលខួបរដ្ឋប្រហាររយៈពេល ៣ឆ្នាំ យោធាបានសម្រេចបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ៦ខែទៀត។ 
 
«លោក Myint Swe ប្រធានាធិបតីស្តីទី បានប្រកាសបន្តស្ថានភាពអាសន្នរយៈពេល ៦ខែទៀត»។ របបសឹក បានបញ្ជាក់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍ចេញនៅថ្ងៃទី៣១ ខែមករា។ ការប្រកាសបន្តស្ថានភាពអាសន្នជាថ្មី ធ្វើឡើងក្រោមហេតុផល ស្ថានការណ៍មិនទាន់មានភាពប្រក្រតីឡើងវិញ និងចាំបាច់ក្នុងការប្រយុទ្ធប្រឆាំងក្រុមភេរវករ។ 
 
យោធាមីយ៉ាន់ម៉ា បានដាក់ប្រទេសក្នុងស្ថានភាពអាសន្ន៥លើកហើយចាប់តាំងពីរដ្ឋប្រហារយោធាក្នុងឆ្នាំ២០២១ មក។
 
តាមរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ា ការរៀបចំការបោះឆ្នោតឡើងវិញ នឹងត្រូវប្រព្រឹត្តឡើង ក្នុងរយៈពេល ៦ខែ ក្រោយស្ថានភាពអាសន្នត្រូវបានបញ្ចប់។ ប៉ុន្តែការបោះឆ្នោត ត្រូវបានយោធាប្រកាសលើកពេលម្តងហើយម្តងទៀត ក្រោមហេតុផលស្ថានការណ៍ក្នុងប្រទេសមិនទាន់ល្អ។
 
ចាប់តាំងពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ កងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចនៅតំបន់ភាគខាងជើង បានប្រយុទ្ធជាមួយយោធា និងដណ្តើមកាន់កាប់ប៉ុស្តិយោធា និងប៉ូលិសជាច្រើនកន្លែង។ ចំណែកប្រជាជនជាច្រើនលាននាក់ កំពុងប្រឈមនឹងវិបត្តិមនុស្សធម៌ ហើយមនុស្សច្រើនជាង៤៤០០នាក់ ត្រូវបានសម្លាប់ក្នុងការបង្រ្កាបរបស់យោធា។ 
 
តាមការបញ្ជាក់របស់លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាននៅចុងខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់តាំងពីរដ្ឋប្រហារយោធា ប្រជាពលរដ្ឋមីយ៉ាន់ម៉ាប្រមាណ ២លាននាក់ បានរងគ្រោះ ហើយត្រូវការជំនួយរហូតដល់ប្រមាណ ១ពាន់លានដុល្លារឯណោះ។
 
នៅក្នុងកិច្ចប្រជុំចង្អៀត នៅក្រុងហ្លួងព្រះបាងនៅចុងខែមករា ឆ្នាំ២០២៤ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានគាំទ្រ គំនិតផ្តួចផ្តើមរបស់ថៃ ក្នុងការបង្កើតច្រកមនុស្សធម៌ដើម្បីផ្តល់ជំនួយដល់ប្រជាជនភៀសខ្លួនមីយ៉ាន់ម៉ា។ ច្រកមនុស្សធម៌នេះ ធ្វើឡើងរវាងព្រំដែនថៃ និងមីយ៉ាន់ម៉ា ដោយអាស៊ាននឹងផ្តល់ជំនួយដូចជាសម្ភារវេជ្ជសាស្រ្ត ថ្នាំពេទ្យ និងអាហារជាដើម។ 
 
«វាជាសញ្ញាដ៏ល្អ ដែលមីយ៉ាន់ម៉ា បានបង្ហាញឆន្ទៈក្នុងការគាំទ្រ»។ លោក Pranpree Bahiddhanukara ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសថៃ បានថ្លែងប្រាប់អ្នកសារព័ត៌មានបែបនេះ នៅថ្ងៃទី២៩ ខែមករា។ 
 
ថៃ ជាប្រទេសមួយ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងយោធាមីយ៉ាន់ម៉ា។ កន្លងមក មានតែអតីតរដ្ឋមន្រ្តីការបរទេសថៃ លោក Don Pramudwinai ប៉ុណ្ណោះ ដែលត្រូវបានយោធាមីយ៉ាន់ម៉ាអនុញ្ញាតឱ្យជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី។ យ៉ាងណាមិញ យោធាមីយ៉ាន់ម៉ា មិនអនុញ្ញាតឱ្យប្រេសិតពិសេសរបស់ប្រធានអាស៊ានជួបឡើយ ក្រោមហេតុផលលោកស្រីរងបទចោទជាច្រើន។  
 
លោកស្រី ស៊ូជី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៣៣ឆ្នាំ ក្រោមបទចោទចំនួន ១៩។ នៅក្នុងខែសីហា ឆ្នាំ២០២៣ យោធាមីយ៉ាន់ម៉ា បានកាត់បន្ថយរយៈពេលជាប់ពន្ធនាគាររបស់មេដឹកនាំរដ្ឋាភិបាលស៊ីវិលរូបនេះរយៈពេល ៦ឆ្នាំ ដែលជាផ្នែកមួយនៃការលើកលែងទោស។ លោកស្រីស៊ូជី បានរងបទចោទចាប់ពីអំពើពុករលួយ បញ្ចេញព័ត៌មានសម្ងាត់រដ្ឋ និងកាន់កាប់ឧបករណ៍ទំនាក់ទំនងខុសច្បាប់ជាដើម។ 
 
ក្នុងរយៈពេល ៣ឆ្នាំមកនេះ យោធាមីយ៉ាន់ម៉ា បានរងទណ្ឌកម្មជាច្រើនពីបណ្តាប្រទេសលោកខាងលិច។ ទណ្ឌកម្មទាំងនោះមានដូចជា ការហាមឃាត់មន្រ្តីយោធាមីយ៉ាន់ម៉ាជាន់ខ្ពស់ ទៅកាន់ប្រទេសខ្លួន, បង្កកទ្រព្យសម្បត្តិ, ព្យួរការលក់ឥន្ធនៈសម្រាប់ការហោះហើរ និងរឹតត្បិតការលក់អាវុធជាដើម៕ 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com