កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ ស៊ីរី ចាញ់អុីរ៉ង់ទាំងប្រផិតប្រផើយ អ្នកគាំទ្រមានមោទនភាព
01, Feb 2024 , 3:38 pm        
រូបភាព
អ្នកគាំទ្រស៊ីរី លើកទង់ជាតិបង្ហាញការគាំទ្រក្រុមខ្លួននៅ Asian Cup។ រូបភាព៖ AP
អ្នកគាំទ្រស៊ីរី លើកទង់ជាតិបង្ហាញការគាំទ្រក្រុមខ្លួននៅ Asian Cup។ រូបភាព៖ AP
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ ​ឡើង​ជួប​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​ ​វគ្គ​៨​ក្រុម​ចុង​ក្រោ AFC Asian Cup ឆ្នាំ២០២៣ នៅកាតា។ អ៊ីរ៉ង់ ដែលសល់គ្នា១០នាក់ ឈ្នះ​ស៊ីរី ៥-៣ ដោយ​បាល់​ប៉េណាល់ទី នៅវគ្គ១៦ក្រុម​ នៅ​ថ្ងៃ​ទី៣១ ខែមករា។ អ្នកគាំទ្រស៊ីរី ស្រែកយំផង និងមោទនភាពផង ចំពោះបរាជ័យក្រោមដៃក្រុមខ្លាំងអ៊ីរ៉ង់ទាំងប្រផិតប្រផើយ។



ជារឿងគួរភ្ញាក់ផ្អើល ក្នុងការប្រកួតវគ្គ១៦ក្រុមក្នុងកីឡដ្ឋានដ៏តូច Abdullah bin Khalifa រវាងក្រុមខ្លាំងអ៊ីរ៉ង់ដែលមានចំណាត់ថ្នាក់ពិភពលោកខ្ពស់ជាងស៊ីរីដល់ទៅ៧០លេខ បានបញ្ចប់ក្នុងលទ្ធផល ១-១ ក្រោយប្រកួត ១២០នាទី។ 
 
នៅទីបំផុត អ្វី​ដែល​អាចបញ្ចប់ក្តី​លើ​ទីលាន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ជាង​ពីរ​ម៉ោង ​គឺ​ការ​ទាត់​បាល់​ប៉េណាល់ទីមិនចូល​មួយ​គ្រាប់របស់កីឡាករស៊ីរី Fahd Youssef​ ដែល​ត្រូវបានអ្នកចាំទីអ៊ីរ៉ង់ Alireza Beiranvand ​សង្គ្រោះបាន។ អ៊ីរ៉ង់ដែលាម្ចាស់ជើងឯក Asian Cup ៣សម័យ ឈ្នះស៊ីរីដោយទាត់បាល់១១ម៉ែត្រ ៥-៣។

ក្រោយពេលដែល Ehsan Hajsafi ស៊ុតប៉េណាល់ទីគ្រាប់ទី៥បានសម្រេចឱ្យអ៊ីរ៉ង់ភ្លាម កីឡាករស៊ីរីក្រាបដល់ស្មៅ ស្របពេល​អ្នក​គាំទ្រ​ទាំងចាស់ក្មេងដែលគូសរូបទង់ជាតិស៊ីរីនៅនឹងមុខបានស្រែកយំ។​ មានអ្នកតួញសោក ប៉ុន្តែអ្នកគាំទ្រមួយចំនួន អះអាងថាពួកគេមានមោទកភាពយ៉ាងខ្លាំងចំពោះក្រុមស៊ីរី ដែលអាចទទួលបានលទ្ធផលនេះជាមួយអ៊ីរ៉ង់។
  
កីឡាករអ៊ីរ៉ង់ លួងលោមកីឡាករស៊ីរី ក្រោយចាញ់ដោយបាល់កាត់ក្តីប៉េណាល់ទី
 
អ្នកគាំទ្រស៊ីរីម្នាក់ ឈ្មោះ Yazbek បានប្រាប់ Al Jazeera ថាក្រុមស៊ីរីបានផ្គាប់ចិត្តខ្លួនគ្រប់យ៉ាងក្នុងពានរង្វាន់អាស៊ីឆ្នាំ២០២៣នេះ។ «ខ្ញុំមានមោទកភាព និងនៅតែមានស្នាមញញឹមចំពោះក្រុមស៊ីរី»។
 
ដោយឡែកលោក Mohammed Abdullah អ្នកគាំទ្រជនជាតិស៊ីរីម្នាក់ទៀត​ មើលឃើញថាសមាជិកក្រុមស៊ីរីបានពុះពាគ្រប់ឧបសគ្គទាំងបញ្ហាសង្គ្រាមក្រុងស្រុកកំពុងបន្ត ប៉ុន្តែពួកគេនៅតែអាចធ្វើបានល្អ។ លោក Abdullah បន្ថែមថា ដោយសារកីឡាបាល់ទាត់ ទើបប្រជាជនស៊ីរីមានក្តីស្រឡាញ់គ្នាទៅវិញទៅមក ទោះអ្នកខ្លះនៅក្រៅប្រទេសក៏ដោយ។
 
ត្រូវត្រឡប់ទៅផ្ទះវិញ ប៉ុន្តែក្រុម​ស៊ីរី និង​អ្នក​គាំទ្រ​រួមគ្នា​​ផ្តោត​អារម្មណ៍​ទៅ​កាន់​វគ្គ​ជម្រុះ FIFA World Cup ឆ្នាំ២០២៦។
 
ឆ្លងផុតវគ្គ១៦ក្រុម អ៊ីរ៉ង់ ត្រូវបន្តជួបជប៉ុននៅគ្គ៨ក្រុមចុងក្រោយ។ ជប៉ុន ម្ចាស់ជើងឯក៤សម័យច្រើនជាងគេ បានទម្លាក់បារែននៅវគ្គ១៦ក្រុម ក្នុងលទ្ធផល ៣-១។
 
ក្រុមដែលត្រូវប៉ះគ្នានៅវគ្គ១/៤ផ្តាច់ព្រ័ត្រពានរង្វាន់ប្រចាំទ្វីបអាស៊ី ឆ្នាំ២០២៣ មាន៖ ម្ចាស់ផ្ទះ និងជាម្ចាស់ការពារជើងឯក កាតា ប៉ះអ៊ូសបេគីស្ថាន, អូស្ត្រាលី ជួបកូរ៉េខាងត្បុង, តាហ្ស៊ីគីស្ថាន ជួបហ្សកដានី និង អ៊ីរ៉ង់ តទល់ជប៉ុន។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២ និងទី៣ ខែកុម្ភៈ៕ 

Tag:
 Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com