RFI
អន្តរជាតិ
នាយករដ្ឋមន្ត្រីបារាំង៖ កសិករ​ជា​កម្លាំងនិងជា​មោទនភាព​ជាតិ​ គួរ​ត្រូវ​លើកលែង​ពន្ធពិសេស
01, Feb 2024 , 9:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីបារាំង លោក ហ្កាប៊្រីយែល អាតតាល់ នៅ​សភាបារាំង។ REUTERS - SARAH MEYSSONNIER
នាយករដ្ឋមន្ត្រីបារាំង លោក ហ្កាប៊្រីយែល អាតតាល់ នៅ​សភាបារាំង។ REUTERS - SARAH MEYSSONNIER
ដោយ៖ហេង ឧត្តម/RFI
 
នាយករដ្ឋមន្ត្រីបារាំង លោក ហ្កាប៊្រីយែល អាតតាល់ បាន​ថ្លែង​ថា «កសិករ​ ជា​កម្លាំង​និងជា​មោទនភាព​ជាតិ​។ អាស្រ័យ​ហេតុនេះ កសិករ​បារាំងគួរ​ត្រូវ​តែ​ទទួល​បាន​ការ​​​លើកលែងពន្ធ​​ពិសេស ក្នុង​​វិស័យ​កសិកម្ម»។ ការ​ប្រកាសរបស់​ប្រមុខរដ្ឋាភិបាល​បារាំង​បែប​​នេះ ក៏​ដើម្បី​សម្រាល​បន្ថយ​​កំហឹងកសិករបារាំង ដែល​បាន​ប្រកាស​ធ្វើ​បាតុកម្ម​សម្តែង​មតិជាច្រើន​កន្លែង​ទូ​ទាំងប្រទេស​ ហើយនិង​នាំគ្នា​បិទច្រក​ផ្លូវ​សំខាន់ៗ​ជាច្រើន​ សម្រាប់​ចេញចូលរ​ដ្ឋធានី​ប៉ារីស។​ ការណ៍នេះ​ ត្រូវបង្ខំចិត្ត​ឲ្យ​នាយករដ្ឋមន្ត្រីប្រកាស​ដាក់​ចេញ​គោលនយោបាយ​ជ្រោមជ្រែង​វិស័យ​កសិកម្ម​។​ ​

 
នៅ​ចំពោះមុខ​បណ្តា​អ្នក​តំណាង​រាស្ត្រ​បារាំង លោកនាយករដ្ឋមន្ត្រី​ ហ្កាប៊្រីយែល អាតតាល់ ​​បានប្រកាសកោត​​សរសើរដល់​ប្រជា​កសិករនិងប្រជានេសាទ​ ថាពួក​គេ​ខំប្រឹង​ប្រែង​ធ្វើការ​ទាំង​ព្រឹក​ ទាំងថ្ងៃ ទាំង​​យប់​ដើម្បី​ផ្តល់​ចំណីអាហារ​ចិញ្ចឹម​ប្រជាជន​បារាំង ម្លោះហើយ ពួកគេ​គួរតែត្រូវ​ទទួល​បាន​ការលើកលែងពន្ធ​ពិសេសក្នុង​​វិស័យ​កសិកម្ម។ ដោយ​មិន​​បញ្ជាក់លម្អិត​ថាករណី​​លើកលែងពន្ធ​​​ពិសេសនោះមាន​អ្វី​ខ្លះនិងត្រូវ​ធ្វើ​​យ៉ាងណានៅឡើយ តែជំហាន​បឋម​ លោក ហ្កាប៊្រីយែល អាតតាល់ បាន​លើកឡើង​អំពី​ការជ្រោម​ជ្រែង​ផ្តល់​ជំនួយដល់​វិស័យ​កសិកម្ម​ តាមរយៈការ​​បន្ធូរបន្ថយ​ពន្ធសម្រាប់ប្រជា​​កសិករ​អ្នក​ចិញ្ចឹម​សត្វ។ យន្តការ​នេះបន្ថែមទៅលើ​ការ​​បន្ធូរ​បន្ថយ​តម្លៃ​ប្រេង​ឥន្ធនៈ​សម្រាប់​វិស័យ​កសិកម្ម ដែល​ប្រមុខរដ្ឋាភិបាលបារាំង​ ​បាន​ប្រកាស​ផ្សាយ​កាលពី​សប្តាហ៍​មុន​។​
 
មិនតែប៉ុណ្ណោះ ​ លោក ហ្កាប៊្រីយែល អាតតាល់ បាន​សន្យា​​កែទម្រង់​ប្រព័ន្ធ​ការងារ​ក្នុងវិស័យ​កសិកម្ម ហើយនិង​លើកកម្ពស់​កម្រិត​ជីវភាព​កសិករ​។ ពោល​គឺត្រូវ​វាយ​តម្លៃ​ឡើងវិញ នូវ​កម្រិត​ប្រាក់​ចំណូល​របស់ប្រជា​​កសិករ ត្រូវ​ផ្ទៀងផ្ទាត់​ធ្វើ​យ៉ាងណា​មិនត្រូវ​ឲ្យ​ប្រាក់​ចំណូល​របស់កសិករ​ មាន​ចំនួន​តិច​ជាង​កម្រិត​ប្រាក់​ចំណូល​អប្បបរិមា ជាដាច់ខាត។ ទន្ទឹម​នោះ រដ្ឋបារាំង​ក៏​​ត្រូវ​ទូរទាត់​ផ្តល់​ជំនួយ​បន្ថែម និង​ផ្តល់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀតជូន​កសិករ​។ ត្រង់​ចំណុច​នេះដែរ នាយករដ្ឋមន្ត្រីបារាំង បាន​សង្កត់ធ្ងន់ថា កសិករ​បារាំង​ ដែល​មិនទាន់​ទទួល​បាន​ជំនួយ​អឺរ៉ុប​សម្រាប់វិស័យ​កសិកម្មនៅឡើយ​ទេ គឺ​នឹងត្រូវ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភធ្លាក់​ចូល​ក្នុង​គណនីរបស់​ពួក​គេ​ដោយ​ស្វ័យ​ប្រវត្តិ ចាប់​ពី​ចន្លោះពេលនេះ ដល់​ពាក់កណ្តាល​ខែ​មីនា ខាងមុខ​។
 
ការ​ប្រកាស​បណ្តា​វិធានការ​គិតគូរ​ដល់​កសិករ​នេះ ​បន្ទាប់ពី​កសិករ​ប្រកាស​ធ្វើ​បាតុកម្ម​មិន​ឈប់ឈរ​ចាប់ពី​ថ្ងៃ​២៦មករា​មក ហើយ​នៅថ្ងៃ​អង្គារ ពួក​កសិករ​ប្រមូល​ផ្តុំ​គ្នា​បិទ​ផ្លូវ​ជាតិ​សំខាន់ៗ ដែល​ចេញចូលក្រុង​​ប៉ារីស ទៀតផង។ បើតាម​សហជីព​កសិករ  ​នៅថ្ងៃទី​៣០មករា ពួក​កសិករបើក​ត្រាក់ទ័រ​ ប្រមាណ២០០គ្រឿង តម្រង់​ឆ្ពោះ​ទៅ​លោមព័ទ្ធ​បិទ​​ទីផ្សារ ​​រាំងហ្ស៊ីស (Rungis)។ ​​រាំងហ្ស៊ីស ជា​ផ្សារអន្តរជាតិ ហើយ​ក៏​ជា​ផ្សារធំ​ដ៏សំខាន់​សម្រាប់​ផ្គត់ផ្គង់​​ក្រពះ​ប្រជាជន​ប៉ារីស​​។ ប្រជា​កសិករ​បារាំង ធ្លាប់បាន​ប្រកាស​ពី​សប្តាហ៍​មុន​ថា ពួក​គេ​​នឹងមិន​ព្រម​ឈប់​ធ្វើ​បាតុកម្ម​ឡើយ​ ល្គឹកណា​ កម្មវត្ថុទាមទារ​របស់ពួក​គេ មិន​បាន​សម្រេច​ទេ។
 
បាតុកម្ម​របស់​កសិករ មិនមែន​មាន​តែនៅបារាំង​ទេ។ ហ្វូងកសិករ​​ក្នុង​ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប ​ ក៏​ងើប​ឈរ​សម្តែង​មតិ ធ្វើ​បាតុកម្ម​យ៉ាងច្រើនកន្លែង​ តួយ៉ាងនៅ អាល្លឺម៉ង់ អេស្ប៉ាញ អ៊ីតាលី ប៊ែលស៊ីក ប៉ូឡូញ និង រ៉ូម៉ានី ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com