កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Man Utd បាន៣ពិន្ទុពី Wolves ទាំងលំបាក
02, Feb 2024 , 11:29 am        
រូបភាព
Liverpool រក្សាកំពូលតារាង Premier League របស់ខ្លួនគិតត្រឹមសប្តាហ៍ទី២២ ដោយនាំមុខម្ចាស់ការពារតំណែងជើងឯក Manchester City និង Arsenal ៥ពិន្ទុ។ Manchester United តាមឈ្នះ Wolverhampton Wanderers នៅចុងម៉ោង ឡើងឈរលេខ៧បណ្តោះអាសន្ន។



នាជំនួបសប្តាហ៍ទី២២ នៅរាត្រីថ្ងៃទី១ ខែកុម្ភៈ ក្រុមភ្ញៀវ Man Utd រកបាន២គ្រាប់នាំមុខ Wolves នៅវគ្គទី១ នាទីទី៥ និង២២ ដោយ Marcus Rashford និង Rasmus Højlund។ នៅតង់​ទី២ Pablo Sarabia ដែលទើបប្តូរចូលស៊ុត១គ្រាប់ ដោយបាល់ប៉េណាល់ទីនៅនាទី៧១ ឱ្យក្រុមម្ចាស់ផ្ទះវិញ មុនពេល Scott McTominay បន្ថែមគ្រាប់ទី៣ ឱ្យបិសាចក្រហមនៅ ៤នាទីបន្ទាប់។
 
២គ្រាប់បន្តបន្ទាប់ពី Max Kilman និង Pedro Neto នៅនាទី ៨៥ និង ៩០+៥ បានជួយក្រុមរហស្សនាមចចក តាមបានស្មើ ៣-៣ វិញ ដែលធ្វើឱ្យលោក Gary O'Neil ដែលជាអ្នកចាត់ការមានសង្ឃឹមនឹងទទួលបាន១ពិន្ទុទៅហើយ។ ប៉ុន្តែយ៉ាងណា ក៏ដោយក្រុមលោក Erik ten Hag ដែលស្រេកឃ្លាន៣ពិន្ទុយ៉ាងខ្លាំងនោះ តាមបានគ្រាប់ជ័យជម្នះមកវិញនៅនាទី៩០+៧ តាមរយៈការស៊ុតបញ្ចូលទីដ៏ល្អរបស់ Kobbie Mainoo។
 
កើនបាន៣៥ពិន្ទុ និងស្ថិតនៅលេខ៧ បណ្តោះអាសន្ន Man Utd មានឱកាសប្រជែងតំណែង Top4 ប៉ុន្តែការដណ្តើមជើងឯកលីគកំពូលអង់គ្លេសរដូវកាល ២០២៣-២៤នេះ ហាក់ឃ្លាតឆ្ងាយបន្តិច ដ្បិត Liverpool, Man City និង Arsenal ជាដើមមិនបន្ថយដៃឡើយ។
 
ហង្សក្រហមក្រោមការដឹកនាំរបស់លោក Jürgen Klopp បានបន្តឈ្នះ Chelsea ៤-១ នៅសប្តាហ៍ទី២២ និងរក្សាភាពមិនចាញ់ក្នុង១៦ប្រកួតចុងក្រោយ ក្នុងនោះឈ្នះ១០ និងស្មើ៦​លើក​។ ឆ្លងកាត់២២ប្រកួត Liverpool រកបាន៥១ពិន្ទុ នាំមុខគូប្រជែង ម្ចាស់ការពារជើងឯក Man City និង Arsenal ៥ពិន្ទុ។
 
ក្រុមមេឃខៀវ ដែលយកឈ្នះ Burnley ៣-១ នៅសប្តាហ៍ទី២១របស់ពួកគេ បានដណ្តើមចំណាត់ថ្នាក់ទី២ ពីកាំភ្លើងធំវិញ ទោះមាន៤៦ពិន្ទុដូចគ្នា។ Arsenal ដែលប្រកួត២២លើក ធ្លាក់ទៅលេខ៣ ដោយសារមានសំណល់គ្រាប់បាល់តិចជាង Man City។
 
Everton ធ្លាក់ទៅតំបន់ត្រូវកាត់ចោល ជាមូយ Burnley និង Sheffield United ស្របពេល Luton Town ឡើងទៅតំបន់សុវត្ថិភាព ក្រោយឈ្នះ Brighton ៤-០៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com