អន្តរជាតិ
កសិករអឺរ៉ុបជួបជុំនៅក្រុងព្រុចសែល ទាមទារឱ្យរដ្ឋាភិបាលដោះស្រាយការចំណាយធ្វើកសិកម្ម
02, Feb 2024 , 11:59 am        
រូបភាព
កសិករអឺរ៉ុបជួបជុំនៅក្រុងព្រុចសែល ទាមទារឱ្យរដ្ឋាភិបាលដោះស្រាយការចំណាយធ្វើកសិកម្ម នៅថ្ងៃទី១ ខែកុម្ភៈ។ រូបភាព AFP
កសិករអឺរ៉ុបជួបជុំនៅក្រុងព្រុចសែល ទាមទារឱ្យរដ្ឋាភិបាលដោះស្រាយការចំណាយធ្វើកសិកម្ម នៅថ្ងៃទី១ ខែកុម្ភៈ។ រូបភាព AFP
កសិករមកពីបណ្តាប្រទេសអឺរ៉ុបជាច្រើននាក់បានប្រមូលផ្តុំគ្នា នៅក្រុងព្រុចសែល បែលហ្ស៊ិក ក្នុងថ្ងៃទី១ ខែកុម្ភៈ ដើម្បីតវ៉ានឹងមេដឹកនាំរដ្ឋាភិបាល ដែលបានជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូលអឺរ៉ុប។ ការតវ៉ា ដែលមានទាំងវត្តមានរបស់ត្រាក់ទ័រ និងគ្រឿងចក្រកសិកម្មផ្សេងទៀតចតត្រាំត្រែង ធ្វើឡើងដើម្បីទាមទារឱ្យចាត់វិធានការលើការដំឡើងពន្ធ ការទប់ស្កាត់ទំនិញពីបរទេស និងការកើនឡើងថ្លៃចំណាយធ្វើកសិកម្មជា​ដើម។

 
ជារឿងដ៏ក្តៅមួយក្នុងសហភាពអឺរ៉ុប កសិករនៅបណ្តាប្រទេសផ្សេងៗ តែងតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលមិនទាន់មានចំណាត់ការអ្វី លើការដំឡើងពន្ធក្នុងវិស័យកសិកម្ម រួមទាំងការកើនឡើងនៃថ្លៃចំណាយធ្វើកសិកម្មជាដើម។ នៅក្នុងក្រុងព្រុចសែល បែលហ្ស៊ិក ដែលមេដឹកនាំសហភាពអឺរ៉ុបជួបជុំគ្នា កសិករគប់ស៊ុត និងដុំថ្មទៅលើសភាអឺរ៉ុប ខណៈកសិករជាច្រើននាក់ផ្សេងទៀត បានយកត្រាក់ទ័រ និងគ្រឿងចក្រសម្រាប់ធ្វើកសិកម្មជាច្រើនគ្រឿង ចតត្រៀបត្រា នៅក្នុងផ្លូវមួយចំនួន ដែលជាផ្នែកមួយនៃការតវ៉ា។ 
 
ក្រៅពីពន្ធ និងការចំណាយថ្លៃធ្វើកសិកម្មកើនខ្ពស់ កសិករអឺរ៉ុប ក៏បានបង្ហាញក្តីមិនពេញចិត្តចំពោះបទប្បញ្ញត្តិបៃតង និងការនាំចូលកសិកម្មពីអ៊ុយក្រែន និងបណ្តាប្រទេសផ្សេងទៀតផងដែរ។ កសិករតវ៉ា គឺមកពីអ៊ីតាលី អាស្ប៉ាញ និងបែលហ្ស៊ិកផ្ទាល់តែម្តង។ ស្របគ្នានេះ ភាពចលាចលក៏កំពុងកើនឡើងស្រដៀងគ្នានៅព័រទុយហ្កាល់ ក្រិក និងអាល្លឺម៉ង់ ដែលបង្ហាញពីភាពតានតឹងជុំវិញការជំរុញរបស់ EU ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។
 
«យើងចង់បញ្ឈប់ច្បាប់ឆ្កួតៗទាំងនេះ ដែលកើតឡើងជារៀងរាល់ថ្ងៃពីគណៈកម្មការអឺរ៉ុប»។ កសិករតំណាងឱ្យសហជីពកសិករអេស្ប៉ាញ Asaja លោក Jose Maria Castilla បានបង្ហាញការមិនពេញចិត្តបែបនេះ នៅទីក្រុងព្រុចសែល។
 
ចំណែកនៅបារាំង សកម្មភាពបាតុកម្មរបស់កសិករប្រឆាំងនឹងវិធានការទឹក ពន្ធកសិកម្ម និងថ្លៃចំណាយខ្ពស់ជាដើម ក៏មិនមានលក្ខណៈតូចដែរ។ ពាក់ព័ន្ធនឹងបញ្ហានេះ នាយករដ្ឋមន្ត្រីវ័យក្មេងបារាំង លោក Gabriel Attal បានសន្យាថានឹងធ្វើឱ្យជីវភាពកសិករកាន់តែងាយស្រួល និងការពារពួកគេឱ្យកាន់តែប្រសើរឡើងនៅកម្រិតបារាំង និងសហភាពអឺរ៉ុប។ 
 
បើតាមប្រមុខរដ្ឋាភិបាលបារាំង វិធានការទាំងនោះមាន ការហាមឃាត់ការនាំចូលផលិតផលថោកៗដែលប្រើ ថ្នាំសម្លាប់សត្វល្អិតត្រូវហាមឃាត់នៅក្នុងទ្វីបអឺរ៉ុប និងការដាក់ស្លាកសញ្ញាម្ហូបអាហារបញ្ជាក់យ៉ាងច្បាស់ពីប្រភពជាដើម។ ទន្ទឹមនេះ លោក Attal ក៏បានសន្យាគិតគូរលើជំនួយ​បន្ថែម​ទៀត​សម្រាប់​កសិករ​ផងដែរ ។
 
មុនកិច្ចប្រជុំកំពូលរបស់មេដឹកនាំសហភាពអឺរ៉ុប នាយករដ្ឋមន្ត្រីបែលហ្ស៊ិកលោក Alexander De Croo បានថ្លែងថា ទុក្ខព្រួយរបស់កសិករគួរតែពិភាក្សា ដោយសម្គាល់ថា ពួកគេបានផ្តល់ជូនផលិតផលដែលមានគុណភាពខ្ពស់ ហើយរដ្ឋាភិបាល ត្រូវធានាថាកសិករទទួលបានតម្លៃខ្ពស់ពីផលិតផលមានគុណភាព។ 
 
នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដែលភាគច្រើនខ្វែងគំនិតជាមួយមេដឹកនាំ EU ផ្សេងទៀតលើបញ្ហាជាច្រើន បានលើកឡើងថា ពួកគេត្រូវស្វែងរកមេដឹកនាំថ្មីដែលពិតជា តំណាងឱ្យផលប្រយោជន៍របស់ប្រជាជន។​ នេះបើតាមអ្នកនាំពាក្យដែលបានដកស្រង់សម្តី លោក Orban ដោយសំដៅទៅលើការបោះឆ្នោតសភាអឺរ៉ុប៕ 
 

Tag:
 អឺរ៉ុប
  កសិករ
© រក្សាសិទ្ធិដោយ thmeythmey.com