ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កុំ​ចេះ​តែ​សម្ងំ​ទុក ! ជៀសវាង​មាន​បញ្ហា​ផ្លូវចិត្ត​ត្រូវធ្វើ​តាម​ចំ​ណុច​ទាំងនេះ
04, Feb 2024 , 6:59 am        
រូបភាព
ការ​រស់នៅ​គឺ​ពោរពេញ​ទៅ​ដោយ​សម្ពាធ និង​ការ​ប្រកួតប្រជែង ដែល​អាច​ជំរុញ​ឲ្យ​គ្នា​យើង​ខ្លះ​ងាយ​ប្រឈម​នឹង​បញ្ហា​ផ្លូវចិត្ត ។ ដូច្នេះ​ហើយ យើង​មិន​ត្រូវ​ភ្លេច​មើលថែ និង​ស្រលាញ់​ខ្លួនឯង​ឲ្យ​ច្រើន​ៗ​ឡើយ ពីព្រោះ​គ្មាន​អ្នក​ណា​ម្នាក់​យល់​ពី​យើង​ច្បាស់​ជាង​យើង​ខ្លួនឯង​ឡើយ​។

 
គន្លឹះ​ផ្តល់​ក្តី​ស្រលាញ់​ដល់​ខ្លួនឯង គ្នា​យើង​មិន​គួរ​មើល​រំលង
 
១. ចំណាយពេល​ខ្លះ​ជាមួយ​ខ្លួនឯង

ក្រោយ​មមាញឹក​ជាមួយនឹង​កិច្ចការ​ប្រចាំ​ថ្ងៃ យើង​ចាំបាច់​ត្រូវ​ចំណាយពេល​ខ្លះ​ក្នុង​ការ​ធ្វើ​អ្វីមួយ​ដែល​អាច​បង្កើន​ភាព​រីករាយ និង​សេចក្តីសុខ​ដល់​ខ្លួន​យើង​។ ពិត​ណាស់ ការ​ផ្តល់​ពេលវេលា​សម្រាប់​ខ្លួនឯង​នេះ មាន​សារៈសំខាន់​ណាស់ ដើម្បី​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្តល្អ​។
 
២. ទទួលស្គាល់​ខ្លួនឯង

ពេល​ខ្លះ យើង​ហ៊ាន​បើក​ចិត្ត​ទទួលស្គាល់​ស្នាដៃ​របស់​អ្នក​ដទៃ ប៉ុន្តែ​បែរជា​មិន​ឲ្យ​តម្លៃ​ដល់​ស្នាដៃ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួនឯង​ទៅ​វិញ​។ ដូចនេះ ជៀសវាង​ខុសឆ្គង​ចំពោះ​ខ្លួនឯង​បន្ត​ទៀត យើង​គួរតែ​រៀន​ទទួលស្គាល់​ពី​សមិទ្ធផល​របស់​ខ្លួន ទោះជា​មិន​អស្ចារ្យ​ណាស់ណា​ក្តី​។
 
៣. អត់ឱន​ដល់​ខ្លួនឯង

ពិត​ណាស់ គ្មាន​អ្នក​ណា​ដែល​ល្អ​ឥត​ខ្ចោះ​ឡើយ ហើយ​ម្នាក់​ៗ​តែង​បង្កើត​កំហុសឆ្គង​មិន​ថា​តិចតួច ឬ​ច្រើន​។ ប៉ុន្តែ យើង​មិន​គួរ​ពិន័យ​ខ្លួនឯង​ចំពោះ​កំហុសឆ្គង ឬ​លទ្ធផល​មិនល្អ​ទាំងនោះ​ឡើយ​។ ជំនួស​មក​វិញ យើង​គួរតែ​រៀន​ពី​កំហុសឆ្គង និង​បន្តដំណើរ​ទៅ​មុខ​ទៀត​។
 
៤. ថែទាំ​ខ្លួន​ឲ្យ​ល្អ

វិធីសាស្ត្រ​មួយទៀត គឺ​ការ​ស្រលាញ់ និង​ថែទាំ​ខ្លួនឯង ដោយ​ឲ្យ​តម្លៃ និង​គោរព​ទាំង​ចំពោះ​ផ្លូវចិត្ត និង​ផ្លូវ​កាយ​របស់​យើង​។ ចូរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់ ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ ក៏​ដូច​ជា​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ និង​ធ្វើ​សមាធិ ដើម្បី​ឲ្យ​ជីវិត​ពោរពេញ​ទៅ​ដោយ​សេចក្តីសុខ និង​សន្តិភាព​ផ្លូវចិត្ត ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com