សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃព្យាករថា ការនាំចេញអង្ករខ្លួនអាចធ្លាក់ចុះ ១៤,៤ភាគរយក្នុងឆ្នាំនេះ ព្រោះបាតុភូតEl Nino និងការប្រកួតប្រជែង
02, Feb 2024 , 3:19 pm        
រូបភាព
កសិករ​ថៃ​ច្រូត​ស្រូវ​នៅ​វាល​ស្រែមួយកន្លែង​ក្នុង​ខេត្ត​អយុធ្យា។ រូបភាព ៖ AFP
កសិករ​ថៃ​ច្រូត​ស្រូវ​នៅ​វាល​ស្រែមួយកន្លែង​ក្នុង​ខេត្ត​អយុធ្យា។ រូបភាព ៖ AFP
ការនាំចេញអង្ករថៃ ត្រូវបានប៉ាន់ប្រមាណថា នឹងធ្លាក់ចុះ ១៤,៤ភាគរយ នៅក្នុងឆ្នាំ២០២៤ ដោយសារតែការធ្លាក់ចុះនៃទិន្នផលបង្កដោយបាតុភូត El Nino, ការប្រកួតប្រជែង, និងការបន្ថយការទិញពីបណ្តាប្រទេសមួយចំនួន។ នេះបើតាមក្រសួងពាណិជ្ជកម្មថៃនៅថ្ងៃទី១ ខែកុម្ភៈ។

 
តាមការប៉ាន់ប្រមាណរបស់ក្រសួងពាណិជ្ជកម្មថៃ ទិន្នផលអង្កររបស់ខ្លួន នឹងធ្លាក់ចុះ ៥,៩ភាគរយនៅឆ្នាំនេះ ដោយសាររងឥទ្ធិពលបាតុភូត El Nino។ 
 
ស្របពេលទិន្នន័យធ្លាក់ចុះ ហើយមានការប្រកួតប្រជែងពីបណ្តាលប្រទេសផ្សេង ក្រសួងដដែលក្នុងថ្ងៃទី១ ខែកុម្ភៈ បានព្យាករថា ទំហំនៃការនាំចេញអង្ករថៃ នៅឆ្នាំ២០២៤ អាចមានត្រឹមតែ ៧,៥លានមេទ្រីកតោនប៉ុណ្ណោះ ពោលគឺធ្លាក់ចុះ ១៤,៤ភាគរយ បើធៀបនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ជាប្រទេសនាំចេញអង្ករទីពីរលើពិភពលោក ថៃក៏បានដាក់ហេតុផលផ្សេងទៀតថា ការថយចុះនៃការបញ្ជាទិញអង្ករពីឥណ្ឌូណេស៊ី និងការបើកនាំចេញអង្ករឡើងវិញពីឥណ្ឌា ជាកត្តាដ៏សំខាន់ផងដែរ ដែលធ្វើឱ្យការនាំចេញផលិតផលកសិកម្មរបស់ខ្លួនមួយនេះ ថយចុះផង។ 
 
យ៉ាងណាក៏ដោយ ថៃ បានបញ្ជាក់ថា ការនាំចេញអង្ករក្នុងខែមករាបានកើនឡើង ៤៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយមានទំហំ ១,១២លានមេទ្រីកតោន។
 
ក្នុងឆ្នាំ ២០២៣ ថៃបាននាំចេញអង្ករចំនួន ៨,៧៦លានមេទ្រីកតោន កើនឡើង ១៣,៦ភាគរយជាបរិមាណ និង ២៨,៤ភាគរយជាតម្លៃធៀបនឹងឆ្នាំដដែល។ ការនាំចេញអង្ករកាលពីឆ្នាំ២០២៣ មានចំនួន ១,៨ភាគរយគិតជាតម្លៃនៃទំហំនាំចេញទំនិញសរុបរបស់ថៃ៕

Tag:
 អង្ករ
  ថៃ
  El Nino
  ឥណ្ឌា
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com