អន្តរជាតិ
កូរ៉េខាងជើងបាញ់មីស៊ីលប្រដេញជាថ្មីពីឆ្នេរខាងលិច ក្រោយទើបបាញ់៣ថ្ងៃមុន
02, Feb 2024 , 4:29 pm        
រូបភាព
រូបភាព KCNA
រូបភាព KCNA
កូរ៉េខាងជើង នៅថ្ងៃទី២ ខែកុម្ភៈ បានបាញ់មីស៊ីលប្រដេញ៤ ឬ៥គ្រាប់ពីឆ្នេរភាគខាងលិចរបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង។ ការបាញ់មីស៊ីលលើកចុងក្រោយនេះ ធ្វើឡើងក្រោយពេលមេដឹកនាំកូរ៉េខាងជើងអំពាវនាវឱ្យត្រៀមខ្លួន និងការពារអធិបតេយ្យលើដែនសមុទ្រ។

 
កម្តៅលើឧបទ្វីបកូរ៉េ មិនទាន់ថមថយឡើយ ដោយកូរ៉េខាងជើង តែងបង្ហាញសាច់ដុំយោធា តាមរយៈការបាញ់មីស៊ីលជាញឹកញាប់។ តាមការបញ្ជាក់របស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) ខ្លួនចាប់បានសញ្ញានៃការបាញ់មីស៊ីលប្រដេញមួយចំនួន ចេញពីឆ្នេរភាគខាងលិចរបស់ខ្លួន។ 
 
យ៉ាងណាមិញ យោធាកូរ៉េខាងត្បូង មិនបានបញ្ជាក់ពីចំនួនមីស៊ីល ដែលត្រូវបាញ់ឡើយ ដោយបានត្រឹមប្តេជ្ញាពង្រឹងសមត្ថភាពឃ្លាំមើល និងភាពប្រុងប្រយ័ត្ននៅចំពោះមុខកូរ៉េខាងជើងប៉ុណ្ណោះ។ 
 
«យោធារបស់យើង បានសហការយ៉ាងជិតស្និទ្ធជាមួយអាម៉េរិក ដើម្បីតានដានសញ្ញានៃសកម្មភាពបង្ករឿងបន្ថែមទៀតពីកូរ៉េខាងជើង»។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ នៅក្នុងសារទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី២ ខែកុម្ភៈ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
ការបាញ់មីស៊ីលលើកចុងក្រោយនេះ ធ្វើឡើងក្រោយក្រុងព្យុងយ៉ាងទើបតែបាញ់មីស៊ីលប្រដេញ Hwasal-2 នៅ៣ថ្ងៃមុនប៉ុណ្ណោះ។ នៅថ្ងៃទី២៤ ខែមករា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលប្រដេញយុទ្ធសាស្រ្តថ្មី Pulhwasal-3-31 ជាលើកដំបូង។ មីស៊ីលប្រដេញប្រភេទនេះ អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន ហើយពិបាកក្នុងការចាប់សញ្ញា និងបាញ់កម្ទេច ដោយសារវាហោះក្នុងកម្ពស់ទាប។ 
 
អ្នកជំនាញ បានព្រមានថា មីស៊ីលប្រដេញដែលបាញ់ចេញពីនាវាមុជទឹក នឹងបង្កហានិភ័យធ្ងន់សម្រាប់ប្រព័ន្ធការពារអាកាសកូរ៉េខាងត្បូង ដោយសារតែមីស៊ីលទាំងនោះ ហោះក្នុងកម្ពស់ទាប និងពិបាកចាប់សញ្ញា។ 
 
មុនការបាញ់មីស៊ីលខាងលើ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានបញ្ជាឱ្យពង្រឹងសមត្ថភាពកងទ័ពជើងទឹក ដើម្បីត្រៀមខ្លួនឱ្យរួចរាល់ និងការពារអធិបតេយ្យលើដែនទឹក នៅកន្លែងសាងសង់នាវា Nampho Dockyard៕ 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com