RFI
អន្តរជាតិ
សហរដ្ឋអាមេរិកប្រកាសបង្ក្រាបប្រព័ន្ធកម្មវិធីចោរព័ត៌មានវិទ្យារបស់ចិន
02, Feb 2024 , 6:59 pm        
រូបភាព
ទង់ជាតិ​ចិន​និងអាមេរិក AP - Andy Wong
ទង់ជាតិ​ចិន​និងអាមេរិក AP - Andy Wong
ដោយ៖ហេង ឧត្តម/rfi
 
សហរដ្ឋអាមេរិក ​​ប្រកាសនៅ​ថ្ងៃ​ទី​៣១មករាថា​បាន​បង្ក្រាបប្រព័ន្ធកម្មវិធីចោរព័ត៌មានវិទ្យាមួយ​របស់ចិនឈ្មោះ វុលត៍ ទីហុង ​ ដែល​ចិន​ប្រើ​​ចូលលួច​ទិន្នន័យ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​របស់​អាមេរិក។​ ដំណឹង​នេះ ត្រូវ​ក្រសួង​ការបរទេស​ចិន​បដិសេធ​ច្រាន​ចោល និង​វាយបកថា សហរដ្ឋអាមេរិក​ទៅវិញទេ ដែលជាអ្នក​ជំនាញ​ខាង​​ព័ត៌មានវិទ្យានិងជា​​ប្រភព​នៃការ​វាយប្រហារ​តាម​អ៊ីន​ធ័រនែត។​ ​

 
អគ្គស្នងការនគរបាល​សហព័ន្ធ​អាមេរិក លោក​ គ្រីស្តូបហ្វ័រ វ្រាយ ​​ប្រកាស​​​ថា​បាន​​បង្ក្រាបកម្មវិធី​ វុលត៍ ទីហុង ប្រព័ន្ធចោរព័ត៌មានវិទ្យា​របស់ចិន។ ប្រព័ន្ធចោរ​​ព័ត៌មានវិទ្យា​នេះ​មាន​គោល​ដៅ​ចូល​លួចទិន្នន័យហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដូចជា វិស័យ​មធ្យោបាយ​ធ្វើ​ដំណើរ វិស័យ​ធនធានទឹក ហើយ​និង​ទិន្ន័យ​សកលវិទ្យាល័យ​អាមេរិក។​
 
មេប៉ូលីស​អេហ្វប៊ីអាយ ដែលបាន​ឆ្លើយ​បំភ្លឺ​នៅចំពោះ​មុខ​គណៈ​កម្មាធិការសភាអាមេរិក​ បាន​ឲ្យដឹងទៀតថា ប្រតិបត្តិការបង្ក្រាប​កម្មវិធី​ចោរព័ត៌មានវិទ្យា​នេះ​ ​ទទួល​អនុញ្ញាត​ពីតុលាការ​​​រដ្ឋតិចសាស និង​ក្រោម​​កិច្ច​សហការ​ពី​ក្រសួង​យុត្តិធម៌​អាមេរិក។ អនុរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ទទួល​បន្ទុក​សន្តិសុខ​ជាតិ លោក ម៉ាតធីវ អុលសិន បាន​បញ្ជាក់ថា ការ​ចូល​ទៅ​លួច​ឬ​គ្រប់គ្រង​ទិន្នន័យហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ហើយ​ផ្ទេរ​ទៅ​សាធារណរដ្ឋ​ប្រជា​មានិត​​ចិន គឺអាច​អនុញ្ញាត​ឲ្យ​ចិន​មាន​មធ្យោបាយ​គំរាម​ឬដាក់​សម្ពាធ​ណាមួយ ពេល​ជួប​វិបត្តិថ្ងៃ​ខាងមុខ។​
 
ជាការ​ឆ្លើយតប រដ្ឋាភិបាល​ចិន ​បញ្ចេញប្រតិកម្ម​ខឹងនៅថ្ងៃព្រហស្បតិ៍ ទី​១កុម្ភៈ និង​ទាត់​ចោល​ការ​ចោទប្រកាន់​របស់​អាមេរិក។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក វ៉ាង វីនប៊ីន បាន​ថ្លែងថា សហរដ្ឋ​អាមេរិក​​ចោទប្រកាន់​ចិន​ដោយ​គ្មាន​មូលដ្ឋាន ​ ហើយ​​អាមេរិក​បង្កាច់​បង្ខូច​ចិន​ដោយ​គ្មាន​ភស្តុតាង​អ្វីបន្តិច​សោះ។ អ្នក​នាំពាក្យ​រូបនេះ ​វាយបកទៀតថា សហរដ្ឋ​អាមេរិក​ទៅវិញទេ គឺជាអ្នក​ជំនាញ​ខាង​​ព័ត៌មានវិទ្យានិង​ជា​ប្រភព​នៃការ​វាយប្រហារ​តាម​​អ៊ីន​ធ័រ​នែត​នៅ​លើ​ពិភព​លោក​។
 
សំណុំរឿង​ប្រព័ន្ធចោរព័ត៌មានវិទ្យានេះ ភាគីទាំងពីរសាចទឹកដាក់គ្នាទៅវិញទៅមក។ កាលពីឆ្នាំ​២០២១ សហរដ្ឋអាមេរិក សម្ព័ន្ធអង្គការ​យោធាអូតង់ និង​សម្ព័ន្ធមិត្ត​ផ្សេងទៀត បាន​ចោទប្រកាន់ រដ្ឋអំណាច​​ចិន ​ថា​បាន​ប្រើ​កម្មវិធីតាម​រយៈអ៊ីម៉ែល​ចូល​លួច​ព័ត៌មាន​សម្ងាត់ របស់​ភ្នាក់សន្តិសុខអាមេរិក។ មិន​តែប៉ុណ្ណោះ អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​និង​សិក្សា​អន្តរជាតិ លោក ប៊ិនចាមីន ចេនិន បាន​បញ្ជាក់​នៅ​សភា​អាមេរិក​កាលពីឆ្នាំមុន​ថា ក្នុង​ពេល​២ទសវត្សរ៍​ចុងក្រោយ​នេះ រដ្ឋអំណាច​ចិន​ប៉េកាំង ត្រូវរក​ឃើញថា​បានពាក់ព័ន្ធនឹង​កម្មវិធី​លួច​ព័ត៌មាន​វិទ្យា ចំនួន ៩០ ហើយ​ក្នុង​នោះ ៣០% សហការជាមួយ​រុស្ស៊ី។​ទន្ទឹមនោះ ក្រុម​ហ៊ុនអាមេរិក ​ Microsoft ក៏​បញ្ជាក់ដែរថា កម្មវិធី​ប្រព័ន្ធចោរព័ត៌មានវិទ្យា វុលត៍ ទីហុង បាន​ដាក់​គោល​ដៅ​បន្ថែម នៅខែ​វិច្ឆិកា​ឆ្នាំទៅមិញ ដើម្បី​លួច​ទិន្នន័យ​នៅ​បណ្តា​សកលវិទ្យាល័យ​អាមេរិក។​
 
​កាលពីខែ​កក្កដា ឆ្នាំ​ទៅមិញ រដ្ឋអំណាច​ចិន ក៏​បាន​ចោទ​អាមេរិក​ ថា​នៅ​ពីក្រោយ​ខ្នង​ការ​វាយប្រហារ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា ចំពោះ​មជ្ឈមណ្ឌល​ព្យាករ​គ្រោះ​រញ្ជួយដី របស់​ចិន​នៅ​ខេត្ត​វូហាន​។ កាល​ណោះ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន អ្នក​ស្រី ម៉ៅ នីង​ បាន​ប្រតិកម្ម​សម្តី​ជាខ្លាំង​ថា អាមេរិកជាកំពូល​មេព្យាបាទ​៕

© រក្សាសិទ្ធិដោយ thmeythmey.com