RFI
អន្តរជាតិ
អ.ស.ប.ទទូចឱ្យបន្តទ្រទ្រង់ប្រតិបត្តិការមនុស្សធម៌របស់ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន
02, Feb 2024 , 9:59 pm        
រូបភាព
​អ.ស.ប.ទទូច​​ឱ្យបន្ត​ទ្រទ្រង់​ប្រតិបត្តិការមនុស្សធម៌​​របស់​​ភ្នាក់ងារ​​ទទួល​បន្ទុក​ជនភៀស​ខ្លួន​ប៉ាឡេស្ទីន (Unrwa) AP - Mohammad Zaatari
​អ.ស.ប.ទទូច​​ឱ្យបន្ត​ទ្រទ្រង់​ប្រតិបត្តិការមនុស្សធម៌​​របស់​​ភ្នាក់ងារ​​ទទួល​បន្ទុក​ជនភៀស​ខ្លួន​ប៉ាឡេស្ទីន (Unrwa) AP - Mohammad Zaatari
ដោយ៖អៀង សុខម៉ិញ/RFI
 
ទីភ្នាក់ងារ​ទទួល​បន្ទុក​ជនភៀស​ខ្លួន​ប៉ាឡេស្ទីន​Unrwa ដែល​មាន​តួនាទី​សកម្ម​ខ្លាំង​ក្នុង​ការចាត់​ចែង​ជំនួយ​មនុស្សធម៌​សម្រាប់ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​ជិត​ពីរ​លាន​នាក់​នៅ​តំបន់​ហ្កាហ្សាបាន​ប្រកាស​បណ្តេញ​បុគ្គលិក​១២នាក់​ពីស្ថាប័ន ព្រោះ​បើ​តាម​អាជ្ញាធរ​អ៊ីស្រាអែល ជន​ទាំង​នោះ​​មានពាក់​ព័ន្ធនឹង​ការ​វាយប្រហារ​ហាម៉ាស​លើ​អ៊ីស្រាអែលកាលពី​ថ្ងៃទី៧តុលា​២០២៣។



បើតាម​ប្រភព​ព័ត៌មាន​អាមេរិក និង​បញ្ជាក់​ដោយ​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ នៅ​​ថ្ងៃអាទិត្យ​​នេះ ​មាន​បុគ្គលិក​ចំនួន​១២នាក់​មានជាប់​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​ដ៏​ធ្ងន់ធ្ងរ​ ដែល​តម្រូវ​ឱ្យ​មាន​អង្កេត​ផ្ទៃ​ក្នុង​ស៊ីជម្រៅ​។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ថា នៅក្នុង​ចំណោម​ជនជាប់​ចោទ ៩នាក់​ត្រូវ​បាន​បណ្តេញ​ចេញ ម្នាក់​បាន​ស្លាប់​និង​ពីរ​នាក់​ទៀត​កំពុង​កំណត់​អត្តសញ្ញាណ។
 
គ្រាន់​តែ បាន​ទទួល​ដំណឹងនេះភ្លាម សហរដ្ឋ​អាមេរិក បន្ត​ដោយ​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត មាន​ជាអាទិ៍ អ៊ីតាលី កាណដា អង់គ្លេស អូស្ត្រាលី ហ្វាំងឡង់ និង​អាល្លឺម៉ង់ ។ល។ បាន​ប្រកាស​ផ្អាក​រាល់​គ្រប់​ជំនួយ​បន្ថែម​​ដល់​អង្គការ​ទទួល​បន្ទុក​ជនភៀសខ្លួនប៉ាឡេស្ទីន​។
 
នៅក្នុង​សេចក្តី​ថ្លែងការណ៍​ ​លោក​អគ្គលេខាធិការ​អង្គការ​ប្រជាជាតិ​បាន​ទទួល​ស្គាល់​ការព្រួយ​បារម្ភ​របស់​ក្រុម​ប្រទេសអ្នក​ផ្តល់​អំណោយ ​ប៉ុន្តែ​លោក​នៅ​តែ​ទទូច​សុំ​ឱ្យ​រដ្ឋាភិបាល​នីមួយៗ​ធ្វើ​យ៉ាង​ណា​ជួយ​​ធានា​​ឱ្យ​ស្ថាប័ន​អាច​បន្ត​ប្រតិបត្តិការ​សង្គ្រោះជន​ស៊ីវិល ដែល​រស់​រំពឹង​លើ​ជំនួយមនុស្សធម៌​​ដ៏​ស្តួច​ស្តើង​។ ភ្នាក់ងារ​នៅ​សល់​​ជំនួយ​ហិរញ្ញវត្ថុ​ដែល​មិន​ឆ្លើយ​តប​នឹង​សេចក្តីត្រូវ​ការ​របស់​ពួក​គេ​បាន​ទេ នៅ​​ខែ​កុម្ភៈ។ ​លោក​អង់តូនីញ៉ូ ហ្គូទែរក៍ បាន​​ធានា​ថា បុគ្គលិកអង្គការ​សហប្រជាជាតិមាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ភេរវកម្ម​ ឬ​បទឧក្រិដ្ឋ ត្រូវ​តែ​ទទួល​ផលវិបាក​ទៅ​តាម​ទង្វើ​របស់​ពួក​គេ តែ​មនុស្ស​រាប់​ពាន់នាក់ដែល​​កំពុង​ធ្វើ​ការ​ឱ្យ​ស្ថាប័ន​អង្គការសហប្រជាជាតិ ក្នុង​ស្ថានភាព​ដ៏​គ្រោះថ្នាក់​ដើម្បី​មនុស្សធម៌មិន​គួរ​ត្រូវ​រង​ទោសទណ្ឌ​ទេ។
 
ប៉ុន្តែ​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ​ អ៊ីស្រាអែលដែល​​រិះគន់​ស្ថាប័នUnrwa ជា​រហូត​មក ​​បាន​ប្រកាស​ថា​លែង​ចង់​ឃើញ​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​មួយ​នេះ​ធ្វើ​សកម្មភាព​នៅ​ហ្កាហ្សា​ទៀត​ទេ ក្រោយ​បញ្ចប់​សង្គ្រាមនៅ​ហ្កាហ្សា។
 
បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៤៩ ក្រោយការ​ផ្ទុះ​​ជម្លោះដំបូងរវាង​​អ៊ីស្រាអែល-អារ៉ាប់និងការ​បង្កើត​រដ្ឋ​អ៊ីស្រាអែល​ ទី​ភ្នាក់ងារ​ទទួល​បន្ទុក​ជនភៀសខ្លួន​​ មាន​បុគ្គលិក​បំរើការ​ចំនួន​ប្រមាណ​៣ម៉ឺន​នាក់​ ក្នុង​នោះ​១ម៉ឺន​បីពាន់​នាក់​ធ្វើការ ក្នុង​​ការិយាល័យ​ជាង​៣០០​កន្លែង​នៅ​តំបន់​ហ្កហ្សា។ ទី​ភ្នាក់ងារ​គ្រប់​គ្រង​ជំរំ​ជនភៀស​ខ្លួន​សរុប​ជាង​៦០ ក្នុង​នោះ១៩​នៅ​តំបន់​ស៊ីហ្សកដានី​ក្រោម​អាណានិគមកិច្ច​អ៊ីស្រាអែល និង​ផ្តល់​ការ​សិក្សា​អប់​រំ​ដល់​កុមារ​ប៉ាឡេស្ទីន​ជាង​កន្លះ​លាន​នាក់ ព្រមទាំង​ផ្តល់​ជំនួយទូទៅ (​អប់រំ ថែទាំ​សុខភាព សេវាសង្គម រចនា​សម្ព័ន្ធ​ជំរំ មីក្រូហិរញ្ញវត្ថុ​និង​ជំនួយ​បន្ទាន់) ​ដល់​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ប្រមាណ​៥លាន​៩សែន​នាក់​​។ ស្ថាប័ន​​អាច​ដំណើរការ​បាន​ដោយ​សារ​ជំនួយ​វិភាគ​ទាន​របស់​រដ្ឋ​ជាសមាជិក​អង្គការ​សហប្រជាជាតិ។ ម្ចាស់​ជំនួយ​ដ៏ធំជាង​គេ គឺសហរដ្ឋ​អាមេរិក អាល្លឺម៉ង់ សហភាពអឺរ៉ុប ស៊ុយអែត និង​ន័រវែស បន្ទាប់​មក​គឺ​តួកគី អារ៉ាប៊ីសាអូឌីត​ ជប៉ុន ​និង​ស្វីស៕

© រក្សាសិទ្ធិដោយ thmeythmey.com