កីឡាអន្តរជាតិ
អន្តរជាតិ
Al Nassr លត់ Miami! ធ្វើឱ្យសម្តី Ronaldo ដែលថាលីគអារ៉ាប៊ីសាអូឌីតល្អជាង MLS ផ្ទុះជាថ្មី
× សម្តីរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលធ្លាប់និយាយចំៗថាលីគបាល់ទាត់ប្រទេសអារ៉ាប៊ីសាអូឌីតល្អជាងលីគរបស់ប្រទេសអាម៉េរិក (MLS) ត្រូវបានរំលេចឡើងសារជាថ្មី ក្រោយពេលដែលក្រុម Al Nassr បានបំបាក់ក្រុម Inter Miami របស់ខ្សែប្រយុទ្ធ Lionel Messi លទ្ធផល ៦-០។
ទោះគ្មានវត្តមាន Ronaldo ដែលខកខានព្រោះតែរបួស ប៉ុន្តែកីឡាករវ័យ ៣៨ឆ្នាំ បានទៅអង្គុយមើលការប្រកួតដោយភាពរីករាយខ្លាំង ពេលដែលមិត្តរួមក្រុមដូចជា Otavio, Talisca ស៊ុត ៣គ្រាប់ម្នាក់ឯង, Aymeric Laporte ស៊ុតបាល់ពីចម្ងាយ និងកីឡាករ Khalil Marran រកបានគ្រាប់ស៊ុតទម្លោះសំណាញ់ទីលើ Miami។
ក្រោយពេលឃើញក្រុមជើងខ្លាំងក្នុងលីគអារ៉ាប៊ីសាអូឌីត យកឈ្នះយ៉ាងងាយស្រួលលើក្រុមរបស់ Messi បែបនេះ ការសម្រង់សម្តីរបស់តារាបាល់ទាត់សញ្ជាតិព័រទុយហ្កាល់ ត្រូវបានរំលេចមកឡើងវិញ ដោយកាលពីមុនគេបាននិយាយថាលីគ Saudi Pro League ល្អជាងលីគ Major League Soccer។ Ronaldo ធ្លាប់បាននិយាយបែបនេះ៖«Saudi League គឺជាល្អជាងលីគ MLS។
ខ្ញុំពិតប្រាកដ ១០០ភាគរយ ហើយខ្ញុំក៏មិនវិលត្រឡប់ទៅកាន់ក្លិបនៅអឺរ៉ុបវិញដែរ ខ្ញុំបានបើកឱកាសសម្រាប់លីគអារ៉ាប៊ីសាអូឌីត ហើយពេលនេះកីឡាករទាំងអស់បានមកកាន់ទីនេះ។»។
Ronaldo ត្រូវបានគេឃើញថាបង្ហាញអាកប្បកិរិយារីករាយខ្លាំងនៅពេលឃើញមិត្តរួមក្រុមបំពេញភារកិច្ចបានល្អខ្លាំង ខណៈដែល Messi នៅអង្គុយកៅអីបម្រុង ទាំងទឹកមុខសោកស្តាយរហូតដល់ការប្រកួតឈានដល់នាទី៨៣ ទើបគេបានប្តូរចូល។ កីឡាករ Talisca ស៊ុតបាល់បញ្ចូលទីក៏បានប្រើក្បាច់អបអររបស់មិត្តរួមក្រុម Ronaldo ទោះបីគេអវត្តមាន កំពុងក្លាយជារឿងដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយចប់ការប្រកួត។
យ៉ាងណាចាប់តាំងពី Ronaldo មកកាន់ទឹកដីអារ៉ាប៊ីសាអូឌីតកាលពីខែមករា ដើមឆ្នាំ ២០២៣ កីឡាករជាច្រើនពីតំបន់អឺរ៉ុប បានចាប់អារម្មណ៍ខ្លាំងក្នុងការផ្លាស់មកកាន់ប្រទេសស្ថិតក្នុងតំបន់មជ្ឈឹមបូព៌ា។
សម្រាប់ Messi វិញ ក្រោយពីចាកចេញពីទឹកដីអឺរ៉ុប រូបគេបានផ្លាស់ទៅកាន់ក្លិប Inter Miami នៅប្រទេសអាម៉េរិក ដើម្បីបន្តអាជីពបាល់ទាត់ ចាប់តាំងពីបញ្ចប់រដូវកាល ២០២៣។ រយៈពេលជាង ៤ ខែ មកនេះ រូបគេហាក់មិនសូវមានការប្រកួតមមារញឹកដូចកាលនៅតំបន់អឺរ៉ុប។
Miami មានលោក David Beckham ជាម្ចាស់មួយផ្នែក បាននាំយកអតីតកីឡាករមកពីក្រុម Barcelona ដែលរួមមាន Jordi Alba, Sergio Busquets និង Luis Suarez ដើម្បីរួមលេងជាមួយនឹង Messi ឡើងវិញក៏ដូចជាការប្រជែង MLS រដូវកាលថ្មី៕
© រក្សាសិទ្ធិដោយ thmeythmey.com