RFI
អន្តរជាតិ
ទោះបី​សេដ្ឋកិច្ចធ្លាក់ដាំក្បាល​ចុះ​ ​អារ៉ាប៊ីសាអូឌីតនៅតែរក្សា​ជំហរ​មិន​បង្កើន​ការ​បូមប្រេង
03, Feb 2024 , 9:39 am        
រូបភាព
កន្លែង​ស្តុកប្រេង១​របស់​​អារ៉ាប៊ីសាអូឌីត AP - Amr Nabil
កន្លែង​ស្តុកប្រេង១​របស់​​អារ៉ាប៊ីសាអូឌីត AP - Amr Nabil
ដោយ៖ហេង ឧត្តម/rfi
 
សេដ្ឋកិច្ច​ របស់ ព្រះរាជាណាចក្រ​ប្រេង ​អារ៉ាប៊ីសាអូឌីត បាន​ធ្លាក់​ចុះ​ ០,៩%។ បើ​ទោះបី​សេដ្ឋកិច្ចធ្លាក់ដាំក្បាល​ចុះ​បែបនេះក្តី  ក៏​​ថ្នាក់ដឹកនាំ​អារ៉ាប៊ីសាអូឌីត នៅតែប្រកាន់​រក្សា​ជំហរ​មិន​បង្កើន​ការ​បូមប្រេងបន្ថែម​ឡើយ។ ​អារ៉ាប៊ីសាអូឌីត ក៏​បាន​បញ្ជាឲ្យ​ក្រុមហ៊ុន​រដ្ឋ អារ៉ាមកូ (Aramco) រក្សា​សមត្ថភាពផលិតប្រេងកម្រិត​ដដែល ​​ត្រឹម ១២ លាន​ធុង​បារិល​ ក្នុង​មួយ​ថ្ងៃ។​
 
អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ FMI បាន​បញ្ជាក់​ទិន្នន័យវាយតម្លៃសេដ្ឋកិច្ចថា ព្រះរាជាណាចក្រប្រេង អារ៉ាប៊ីសាអូឌីត មាន​សេដ្ឋកិច្ច​ចុះខ្សោយ និង​ធ្លាក់ដាំក្បាលចុះ នៅ​ឆ្នាំ២០២៣។​​  អាជ្ញាធរអារ៉ាប៊ីសាអូឌីត ក៏​បញ្ជាក់ដែរ​ថា ចំណូល​ផលិត​ផល​ក្នុង​ស្រុក​សរុប បាន​ធ្លាក់​ចុះ​ ០,៩% ក្នុង​ឆ្នាំទៅមិញ។ ការណ៍​នេះ ​បណ្តាល​ឲ្យ អារ៉ាប៊ីសាអូឌីត​ ក្លាយជាប្រទេស​តែ១ដែល​មាន​កំណើនសេដ្ឋកិច្ច​មិន​ល្អ​ ​ក្នុងរង្វង់​​ចំណោម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿន​លឿន ហ្សេ២០។ ​ក្នុង​ឆ្នាំ​២០២៤ ​សុខភាព​សេដ្ឋកិច្ច​ប្រទេស​នេះ ក៏​នឹងទំនង​ជា​​បន្តដុបដាប​ ប្រសិន​បើ​គ្មាន​អ្វី​កែប្រែធំដុំទេ។
 
មាន​ហេតុផល​ចំនួន​ដែលអាច​​ពន្យល់​ពីការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​អារ៉ាប៊ីសាអូឌីត។ ​ ឆ្នាំ​២០២២ ​សេដ្ឋកិច្ចអារ៉ាប៊ីសាអូឌីត ស្ទុះ​ងើប​ខ្លាំង​ ព្រោះតែ​លក់​ប្រេង​បាន​តម្លៃ​ខ្ពស់​។​ នេះ​ក៏​ព្រោះ​តែប្រទេស​ផ្សេងៗ​ងើប​ពី​វិបត្តិ​កូវីដ​ ​ត្រូវ​ការប្រេង​ដើម្បី​ជំរុញ​សន្ទុះ​សេដ្ឋកិច្ច ហើយ​និង​​ប្រេងក៏​ឡើងថ្លៃ បណ្តាលមកពី​សង្គ្រាម​ឈ្លាន​ពាន​រុស្ស៊ី​នៅអ៊ុយក្រែនផង​។ ​ ក្នុង​ឆ្នាំ២០២៣ ​ អារ៉ាប៊ីសាអូឌីត និង​អង្គការ​ប្រទេស​ផលិត​ប្រេង​ Opep ក៏​បាន​សម្រេចកាត់​​បន្ថយចំនួន​ផលិត​ប្រេង ដើម្បី​ឲ្យ​តម្លៃ​ប្រេង​ឡើង​ខ្ពស់។​ ការណ៍​នេះ ធ្វើ​ឲ្យចំណូល​របស់​​ក្រុម​ហ៊ុនរដ្ឋអារ៉ាប៊ីសាអូឌី​ អារ៉ាមកូ បាន​ធ្លាក់ចុះ ២៣%​។ ​​ក្នុង​២០២៣ អារ៉ាមកូ បាន​ចំណូល​ត្រឹមតែ​ ៣២,៥៨ ពាន់​លា​នដុល្លារ គឺ​មាន​ចំនួន​តិចជាង ឆ្នាំ​២០២២ ដែល​បាន​ចំណូល​រហូត​ដល់ ៤២,៤៣ ពាន់​លា​នដុល្លារ ក្នុង​រយៈ​ពេល ​៣ ឆមាស​ដូចគ្នា។
 
ម្យ៉ាងវិញ​ទៀត ​ឆ្នាំទៅមិញ អារ៉ាប៊ីសាអូឌីត បាន​ទទួល​ការបញ្ជាទិញប្រេង​តិច​តួច ហើយ​សំណើទិញប្រេង​​បន្ថែមអំពី​សហរដ្ឋអាមេរិក ប្រេស៊ីល និង​ហ្គុយ៉ានណា ​ក៏​ពុំ​សូវ​មានទៅទៀត។  ចូរកុំភ្លេច​ថា សេដ្ឋកិច្ច​របស់ប្រទេសនេះ ​ពឹង​ផ្អែកដល់ទៅជាង ​៤០% ​លើ​វិស័យ​ឧស្សាហកម្ម​ផលិត​ប្រេង។​ ​ប្រេង គឺ១ធុងបារិស ​ថ្លៃ​ត្រឹម​៨៧ដុល្លារតែប៉ុណ្ណោះក្នុង​ឆ្នាំ២០២៣ ​បាន​ជះឥទ្ធិពលខ្លាំងដល់​សេដ្ឋកិច្ចអារ៉ាប៊ីសាអូឌី​ ​។​
 
ទោះបីសេដ្ឋកិច្ចធ្លាក់ដាំក្បាលចុះយ៉ាងណាក្តី  ព្រះ​រាជាណាចក្រផលិត​ប្រេងដ៏ធំជាងគេ​មួយ​នេះ​ ក៏​នៅតែរក្សាជំហរមិនបង្កើនការបូមប្រេងឡើយ។ រជ្ជទាយាទព្រះអង្គម្ចាស់​​ ម៉ូហាមេដ បេនសាលម៉ាន បាន​ចេញព្រះរាជ​បញ្ជា​បែបនេះ ហើយ​និង​ព្រះរាជា​នុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន អារ៉ាមកូ ​ចាក់​បញ្ចូល​កញ្ចប់​ថវិកា ៤ ពាន់​លាន​ដុល្លារ​ ទៅក្នុង​មូលធិនិ​ទប់ទល់ហានិភ័យ​។​ ព្រះរាជតម្រិះ​របស់​ ព្រះអង្គម្ចាស់​​បែបនេះ ដ្បិត​​ទ្រង់​​សព្វ​ព្រះទ័យ​​ចង់​ឲ្យ​ប្រេង​ឡើង​ថ្លៃ​ ក្នុង​១ធុង​បារិល ជាង​១០០ដុល្លារ​ ដូចកាល​ពីមុន ហើយ​ក៏​ដើម្បី​នឹង​សម្រេច​គម្រោង«​ទស្សនវិស័យ​២០៣០»របស់ទ្រង់​ ​៕

© រក្សាសិទ្ធិដោយ thmeythmey.com