ជាតិ
កូន​ក្ដាម​សេះ៥០ម៉ឺនក្បាល​ ត្រូវ​បាន​លែង​នៅ​​ដែន​នេសាទ​​ទំនប់​រលក​
03, Feb 2024 , 2:45 pm        
រូបភាព
រូបភាពពី ក្រសួង កសិកម្ម
រូបភាពពី ក្រសួង កសិកម្ម
ភ្នំពេញ៖ កូន​ក្ដាម​សេះ​ អាយុ​​២០​ថ្ងៃ ចំនួន៥០​ម៉ឺន​ក្បាល ត្រូវ​បានលែង​ចូល​ក្នុង​តំបន់​ដែន​នេ​សាទ​​សហគមន៍​ទំនប់​រលកក្នុង​​ខេត្ត​ព្រះ​សីហនុ​ ។ សកម្មភាព​នេះ ធ្វើ​ឡើងកាលពីថ្ងៃទី២ ខែកុម្ភៈ ក្រោមកិច្ចសហការរវាងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារី​វប្បកម្មសមុទ្រ ​មន្ទីរកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ និងខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុ ក្នុងគោលបំណងចូលរួម​​អភិរក្ស
និងបង្កើនផលស្តុកក្ដាមសេះក្នុងជម្រកធម្មជាតិ។

បើតាមក្រសួង​កសិកម្ម រុក្ខា​ប្រ​មាញ់ និង​នេសាទ ដើម្បីទទួលបានកូនក្តាមសេះទាំងនេះ ​​មជ្ឈមណ្ឌលស្រាវជ្រាវ និង​អភិវឌ្ឍន៍វារី​វប្បកម្ម​សមុទ្រ  បានប្រមូលក្តាមសេះញី​ដែល​មានពងខាងក្រៅ ​​​​យក​ទៅ​ថែរក្សា និងភ្ញាស់ រួចបំប៉នឱ្យ​ក្លាយជាកូនក្តាមសេះដែលមានសុខភាព មុននឹងលែងចូលប្រភពទឹក​ធម្មជាតិ។


 រូបភាពពីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

 ​សូម​បញ្ជាក់ថា កាល​ពី​ឆ្នាំ​២០២៣​កន្លងទៅ រដ្ឋបាលខេត្ត​កែប ក៏​បាន​បង្កើតធនាគារ​ក្ដាមសេះ ដែលជាទីតាំងសម្រាប់ភ្ញាស់ពងក្ដាម និងជួយបង្កើនធនធានធម្មជាតិតាម​តម្រូវការ​ទីផ្សារក្នុងស្រុកផងដែរ៕
 
 
 

Tag:
 កសិកម្ម
  ជលផល
  កូន​ក្ដាម​សេះ
© រក្សាសិទ្ធិដោយ thmeythmey.com