អន្តរជាតិ
លោកពូទីន សរសើរអាវុធរុស្ស៊ីល្អជាងអាវុធណាតូ និងប្រទេសផ្សេងទាំងអស់
03, Feb 2024 , 3:40 pm        
រូបភាព
រូបភាព AP និងTass
រូបភាព AP និងTass
ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានសរសេរអាវុធរបស់រុស្ស៊ីល្អជាងអាវុធរបស់សម្ព័ន្ធយោធាណាតូ និងប្រទេសណាទាំងអស់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Tass នៅថ្ងៃទី២ ខែកុម្ភៈ។

 
ពីវេទិកា Everything for Victory លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបង្អួតពីសមត្ថភាពឧស្សាហកម្មការពាររបស់រុស្ស៊ី។ ក្នុងជំនួបនោះ មេដឹកនាំដ៏មានឥទ្ធិពលរបស់រុស្ស៊ី បានអះអាងថា ឧស្សាហកម្មរបស់ខ្លួនមានទាំងដំណើរការល្អ និងប្រកបដោយគុណភាព។ 
 
ទន្ទឹមនេះ លោកពូទីន បានលើកឡើងថា ប្រសិនបើធៀបអាវុធរបស់លោកខាងលិច និងអាវុធរបស់រុស្ស៊ីផលិតក្នុងសម័យសហភាពសូវៀត វាអាចមានគុណភាពចាញ់គ្នា ប៉ុន្តែអាវុធរុស្ស៊ី ដែលផលិតនៅក្នុងពេលបច្ចុប្បន្ន គឺល្អជាងប្រទេសផ្សេងទាំងអស់។ 
 
«បើអ្នកមើលអាវុធថ្មីៗរបស់យើង ពួកគេគឺមានគុណភាពល្អខ្លាំងជាងអ្វីទាំងអស់។ ហើយនេះជាការពិត»។ មេដឹកនាំវ័យ ៧១ឆ្នាំ បានបញ្ជាក់បែបនេះ ដោយសំដៅទាំងលើមីស៊ីល រថយន្តពាសដែក និងគ្រឿងបរិក្ខារយោធាផ្សេងទៀត ដែលត្រូវបានប្រើប្រាស់នៅក្នុងសមរភូមិប្រយុទ្ធ។ 
 
រុស្ស៊ី ជាប្រទេសដ៏ធំមួយ ដែលលក់អាវុធទៅបណ្តាប្រទេសជាច្រើន ដោយមិនចាញ់ប្រទេសលោកខាងលិចមួយចំនួនប៉ុន្មានឡើយ។ ទីផ្សារលក់អាវុធរបស់រុស្ស៊ីមានដូចជា វៀតណាម អេហ្ស៊ីប អាល់ហ្សេរី ឥណ្ឌា និងចិនជាដើម។ នៅចន្លោះឆ្នាំ២០១៦ និង២០២០ ទីក្រុងមូស្គូ បានលក់អាវុធ ២៨ពាន់លានដុល្លារ ទៅបណ្តាប្រទេសចំនួន ៤៥៕ 

Tag:
 (រុស្ស៊ី
  ណាតូ)
© រក្សាសិទ្ធិដោយ thmeythmey.com