ជាតិ
លើសពីអង្គរ ​សៀមរាបមានសក្តានុពលវប្បធម៌ ​ស្ថាបត្យកម្ម ភ្នំគូលែន ​បឹងទន្លេសាប...​
03, Feb 2024 , 5:00 pm        
រូបភាព
សៀមរាប៖ «អង្គរវត្ត» ជាកន្លែងដែលល្បីសុះសាយលើពិភពលោក ប៉ុន្តែទន្លេសាប ភ្នំ​គូ​លែន ម្ហូបក្នុងតំបន់អង្គរ អ្នកស្រុកអង្គរ ប្រពៃណី វប្បធម៌ និងស្ថាបត្យកម្មបុរាណ ជាកន្លែង​ដ៏ល្អបំផុតសម្រាប់ទេសចរអន្តរជាតិ។ បើតាមលោក ឌុច​សារ៉េត អនុប្រធានសមាគម​ទេសចរណ៍កម្ពុជា ខេត្តសៀមរាប មានតំបន់សក្តានុពលជាច្រើន លើសពីរមណីយដ្ឋាន​អង្គរ​។ លោក ចង់ឃើញការផ្សព្វផ្សាយពីតំបន់សក្ដានុពលទេសចរណ៍ជាច្រើនទៀត ក្នុងខេត្តនេះ។

សូមលោក អ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖ 



 គោលដៅទី១របស់ទេសចរ ដែលមកកាន់ទឹកដីខេត្តសៀមរាប ច្បាស់ណាស់គឺមកដើម្បី​ទស្សនាបេតិកភណ្ឌ ប្រាង្គប្រាសាទដ៏ប្រណិតល្បីទូទាំងពិភពលោក។ បើតាមលោក ឌុច សារ៉េត អនុប្រធានសមាគមទេសចរណ៍កម្ពុជា ខេត្តនេះគឺមានប្រវត្តិដ៏ល្អ មានទាំង វប្បធម៌ អរិយធម៌របស់ប្រជាជនឬហៅថា អ្នកស្រុកអង្គរ ដែលជាអត្តសញ្ញាណតាំងពីយូរណាស់​មកហើយ។
 
អនុប្រធានសមាគមទេសចរណ៍រូបនេះ បន្តថា យោងតាមប្រវត្តិសាស្រ្ត  តំបន់អង្គរ មានជន​ជាតិ​ដើមភាគ​តិចជាច្រើន ជាក់ស្តែងដូចជាជនជាតិដើមភាគតិចសំរែជាដើម ដែលកំពុងរស់នៅក្នុងភូមិ​ព្រះដាក់។ ជនជាតិដើមភាគតិចសំរែ នាសម័យនោះ បានដឹងរឿងរ៉ាវជាច្រើន ជុំវិញ​ការកសាងប្រាសាទ សាសនា ចូលរួមការពារថែរក្សាប្រាសាទ​ពីមុនមក ។
  


ទាក់ទិននឹងប្រពៃណីដ៏ផូរផង់របស់ប្រជាជន​វិញម្តង ពលរដ្ឋរស់នៅក្នុងតំបន់នីមួយៗ តែង​រក្សានូវទំនៀមទម្លាប់ គោរពប្រពៃណី នៅក្នុងតំបន់ ឬនៅតាមប្រាសាទនានា ដូចជាការ​សែនព្រេន ការគោរពសាសនា ជាដើម។ ការស្វាគមន៍ប្រកបដោយស្នាមញញឹម ជាវប្បធម៌​មួយរបស់អ្នកសៀមរាប មកកាន់ភ្ញៀវ ក៏ជាភាពទាក់ទាញផងដែរ។ បន្ថែមពីនេះ ប្រជាជន នៅ​​ក្នុងតំបន់នីមួយៗ នៅតែរក្សាបាននូវអត្តសញ្ញាណរបស់ខ្លួនជានិច្ចនោះគឺគ្រាមភាសា និងសំនៀងរដឺន។​
 
ក្រៅពី សំនៀងភាសា និងសាសនា នៅមានសំលៀកបំពាក់បុរាណផងដែរ។ ប្រជាជននៅតាមភូមិមួយចំនួន បានស្លៀកសំលៀកបំពាក់មួយបុរាណ ដើម្បីបង្ហាញពីវប្បធម៌របស់ខ្លួន ដែលជាចំណុចទាក់ទាញមួយដល់ភ្ញៀវអន្តរជាតិ។ ទេសចរបរទេស ដែលទៅទស្សនាប្រាសាទ នឹងឃើញពីចម្លាក់តាមសិលាប្រាសាទ ឆ្លាក់ពណ៌នាពីការស្លៀកពាក់របស់ប្រជាជននាសម័យអង្គរ។ ទាំងនេះ គឺអាចបញ្ជាក់បានថា ប្រជាជន ​រស់នៅក្នុងតំបន់អង្គរមួយចំនួន តែងរក្សាបាននូវវប្បធម៌ដ៏ល្អមួយនេះ មកដល់បច្ចុប្បន្ន។ 


 
ចំណុចបន្ទាប់នោះគឺ រចនាបថសំណង់ ក៏ជាភាពទាក់ទាញមួយ ដែលពាក់ព័ន្ធនឹងវប្បធម៌របស់ប្រជាជន។ ជាក់ស្តែងដូចជាក្បាច់បុរាណមានកំពូលស្រួច រួមមានកំពូលប្រាសាទ និងផ្ទះបុរាណ ដែលពលរដ្ឋ បាន សាងសង់ផ្ទះបែបបុរាណ​។ រចនាបថបុរាណរបស់ខ្មែរ​មានច្រើនទម្រង់ នឹងត្រូវបានអ្នកអភិរក្ស សិក្សាស្រាវជ្រាវបន្ថែម ដើម្បីឱ្យសិល្បៈនៃស្ថាបត្យកម្មខ្មែរ នៅតែរក្សាបាន និងជាផ្នែកមួយឱ្យទេសចរបានស្គាល់។
 
ក្រៅពីវប្បធម៌ រចនាបថសំណង់ ​ក៏មានម្ហូប​ដ៏ទាក់ទាញដែរ។ មុខម្ហូបប្រចាំតំបន់អង្គរមានច្រើន ដែលអាចទាយបេះដូងអ្នកទេសចរ ពិសេសគឺហហ្មុក ​ដែលជាម្ហូបតំណាងឱ្យជាតិ។។ បើតាម លោក ឌុចសារ៉េត ​ត្រី​ដែលយកមក​ធ្វើហហ្មុក ត្រូវបាន​នេសាទពីបឹងទន្លេសាប ដែលមានរសជាតិឆ្ងាញ់ពិសា ហើយទេសចរបរទេសដែលបានភ្លក់ និងសសើរមិនដាច់ពីមាត់។



មុខម្ហូបទី២ គឺសម្លកកូរ ជាសម្លខ្មែរដ៏ពេញនិយមមួយ របស់ប្រជាជនទូទៅ។ ប៉ុន្តែលក្ខណៈពិសេសរបស់សម្លអ្នកសៀមរាបនោះ មានខ្ទិះដូងច្រើន រួមជាមួយបន្លែចម្រុះមុខ ដែលធ្វើឱ្យសម្លមួយមុខនេះមានរសឆ្ងាញ់។ សម្រាប់មុខម្ហូបទី៣ គឺឆាឡុកឡាក់សាច់គោ ក៏ពេញនិយមដូចគ្នា។
 
«ក្រៅពីតំបន់អង្គរ​ ខ្ញុំបានលើកឡើងហើយថាមានបឹងទន្លេសាប ដែលភ្ញៀវគាត់ចាប់អារម្មណ៍អំពីអត្ថន័យ ជាពិសេសគឺភាពអច្ឆរិយនៃបឹងទាំងមូល ​ដែលជាបឹងមានការហូរបញ្រ្ចាសគ្នាទៅតាមលំហូររបស់បឹង។ ការហូរពីទន្លេមេគង្គមកបឹងទន្លេសាប ហើយហូរពីបឹងទន្លេសាប មកទន្លេមេគង្គវិញ។ ទំាងនេះជាលក្ខណៈពេសរបស់បឹង ដែលភ្ញៀវគាត់ចាប់អារម្មណ៍ជាខ្លាំង នៅពេលនិទានរឿងបឹងទន្លេសាបជូនគាត់ស្តាប់។ ក្រៅពីហ្នឹង គាត់(ទេសចរ)ក៏ទទួលស្គាល់ថា បឹងទន្លេសាបជាអាយុជីវិតរបស់រាប់រយពាន់នាក់។» លោក ឌុច សារ៉េត អនុប្រធានសមាគមទេសចរណ៍បានបញ្ជាក់បែបនេះ។
  


តំបន់ទេសចរណ៍ដែលទេសចរ មិនគួរមើលរំលងនោះគឺភ្នំគូលែន។ ភ្នំគូលែន​ មានប្រវត្តិដ៏យូរលង់ណាស់មកហើយ មុនការចាប់ផ្តើមកកើតតំបន់អង្គរទៅទៀត។ ភ្នំគូលែន ជាភ្នំដ៌ពិសិដ្ឋមួយ នឹងក្លាយជាតំបន់សាសនា ទាក់ទាញភ្ញៀវកាន់តែច្រើនថែមទៀត។ លើសពីនេះ សៀមរាប នៅមានតំបន់អេកូទេសចរណ៍ជាច្រើនទៀត ដូចជាតំបន់សហគមន៍ «ភ្នំចង្រ្កានរយ» ស្ថិតនៅស្រុក វ៉ារិន ដែលកំពុងអភិវឌ្ឍឱ្យក្លាយជាទីរមណីយដ្ឋានបែបធម្មជាតិ​ អមជាមួយព្រៃឈើ ជីវចម្រុះ។ រីឯ សហគមន៍«ខ្នារពោធិ៍» ក៏ជាចំណុចទាក់ទាញផងដែរនោះគឺ ព្រៃកោងកាង នៅក្នុងស្រុកសូទ្រនិគម រួមទាំងតំបន់ផ្សេងទៀត ដែលទេសចរគួរតែសិក្សាឈ្វេងយល់បន្ថែមទៀត៕

Tag:
 ThmeyThmey
 សៀមរាប
 លោក ឌុច សារ៉េត
  សមាគមទេសចរណ៍កម្ពុជា
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com