ជាតិ
​​លោក ខាត់ យុក បានកែច្នៃឡានក្រុងជាហាងកាហ្វេដ៏ទាក់ទាញ​នៅមណ្ឌលគិរី
03, Feb 2024 , 7:40 pm        
រូបភាព
មណ្ឌលគិរី៖ «កាហ្វេឡានក្រុង» ជាឈ្មោះហាងកាហ្វេបំពាក់ម៉ាស៊ីនត្រជាក់ដ៏ទាក់ទាញមួយ នៅ​​ក្បែររង្វង់​មូល​គោ​​ព្រៃទីរួម​ខេត្តមណ្ឌលគិរី។ បានយកឡានក្រុង កែច្នៃទៅជា​ទីតាំងលក់​កាហ្វេ ដោយ​ប្រើ​ប្រាស់​​ផ្នែកខាងមុខ ខាងស្តាំ ​ជាកន្លែង​ឆុងកាហ្វេ និងដាក់សម្ភារ​ផ្សេងៗ។ នៅសល់ពីនោះ គឺរៀបចំជាតុសម្រាប់ភ្ញៀវអង្គុយ​បរិភោគ​កាហ្វេ​។ ចំណែកនៅ លើដំបូល​ឡាន ក៏មាន​ការរៀប​ចំជាតុ និងកៅអី ឱ្យភ្ញៀវ​អង្គុយ​ផងដែរ។ ​​អតិថិជន ​​ក៏អាចអង្គុយ​នៅតុ​ដែល​រៀបចំ​នៅខាងមុខ​ទី​តាំង​កាហ្វេ​ ធ្វើការ និងគយគន់សម្រស់ព្រៃភ្នំ ក៏ដូចជា​ផ្នែកខ្លះនៃ​​ក្រុង​សែនមនោរម្យបានផង​ដែរ​។

 
អ្នកស្រី ខាត់ ធារ៉ា អ្នកមើលការខុសត្រូវ «កាហ្វេឡានក្រុង» បាន​ឱ្យដឹងថា ​កាហ្វេឡានក្រុង បើកដំណើរការ​រយៈពេល៣ ឆ្នាំ​ហើយដោយមានម្ចាស់​ ឈ្មោះ ខាត់ យុក។ បើតាម អ្នកស្រី ខាត់ ធារ៉ា មូលហេតុនៃការច្នៃឡានក្រុងទៅជា​កន្លែងលក់កាហ្វេ គឺដើម្បីទាក់ទាញអ្នក និយមទទួល​ទាន​កាហ្វេ​ និងម្យ៉ាងទៀតវា​ងាយ​​​ស្រួល​ចល័ត។
  

អ្នកស្រី​ ខាត់ ធារ៉ា អះអាងថា រសជាតិកាហ្វេ និងទីតាំងប្លែក គឺជាចំណុចទាក់ទាញភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ និងពលរដ្ឋ ​នៅក្នុងតំបន់ឱ្យមកទទួលទទួលទានមិនចេះដាច់។ កាហ្វេ​ដែល​គេសរសើរឆ្ងាញ់នោះ គឺមានប្រភពមកពីខេត្តមណ្ឌលគិរីផ្ទាល់តែម្ដង។ អ្នកស្រី ប្រាប់ដូច្នេះ​ថា៖«ភ្ញៀវដែលមកផឹកកាហ្វេនៅទីនេះ គេនិយាយថា កាហ្វេរបស់ពួកយើង ឆ្ងាញ់។ ម្យ៉ាង​ទៀត គេចាប់អាម្មណ៍ការច្នៃប្រតិដ្ឋឡានក្រុងប្លែក​។ ដូច្នេះ ពួកគាត់ចង់ចូល​មកមើល។ មែន​ទែនទៅ ភ្ញៀវមកពីគ្រប់ទិសទី ទាំងអ្នកមកពីចម្ងាយក៏មាន អ្នកនៅទីរួម​ខេត្ត​ក៏មាន ហើយ​ល្ងាច​បន្តិចភាគច្រើន មានភ្ញៀវបរទេសគាត់មកអង្គុយលេង»។
  


បច្ចុប្បន្នម្ចាស់ហាងកាហ្វេនេះ ទើបបានបើកសាខាថ្មីកាហ្វេឡានក្រុងមួយកន្លែងទៀត នៅក្នុងខេត្តស្ទឹងត្រែង។ អ្នកស្រី​ ខាត់ ធារ៉ា បន្ថែមដូច្នេះ៕ 
 










Tag:
 កាហ្វេឡានក្រុង
  ខាត់ យុក
  ​មណ្ឌលគិរី
  កាហ្វេ
© រក្សាសិទ្ធិដោយ thmeythmey.com