សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ឥណ្ឌូណេស៊ី ចុះកិច្ចព្រមព្រៀងទិញរថភ្លើងអគ្គិសនី៥០លានដុល្លារពីចិន
03, Feb 2024 , 8:20 pm        
រូបភាព
រថភ្លើងបើកលើផ្លូវដែកមួយកន្លែងនៅទីក្រុងហ្សាការតា។ រូបភាព ៖ AFP
រថភ្លើងបើកលើផ្លូវដែកមួយកន្លែងនៅទីក្រុងហ្សាការតា។ រូបភាព ៖ AFP
ឥណ្ឌូណេស៊ីទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលមានតម្លៃជិត ៥០លានដុល្លារ ដើម្បីទិញរថភ្លើងអគ្គិសនីចំនួន៣ ពីចិន ដើម្បីជំនួយរថភ្លើងចាស់នៅក្នុងប្រទេស។

ក្រុមហ៊ុនរថភ្លើងឥណ្ឌូណេស៊ី (KCI) ដែលជាសាខានៃក្រុមហ៊ុនផ្លូវដែកជាតិឥណ្ឌូណេស៊ី (KAI) បានចុះកិច្ចព្រមព្រៀងដែលមានតម្លៃ ៧៨៣ពាន់លានរូពៀ (៤៩,៧លានដុល្លារ) ដើម្បីទិញរថភ្លើងអគ្កិសនីចំនួន៣ ពីក្រុមហ៊ុនរដ្ឋចិន CRRC Sifang កាលពីថ្ងៃទី៣១ ខែមករា នៅទីក្រុងប៉េកាំង។ 
 
រថភ្លើងអគ្គិសនីថ្មីរបស់ចិន នឹងជំនួសរថភ្លើងចាស់ៗឥណ្ឌូណេស៊ីនៅលើផ្លូវដែកទីក្រុងហ្សាការតា ដើម្បីបំពេញតម្រូវការដឹកជញ្ជូនអ្នកដំណើរដែលកំពុងកើនឡើង។ នៅឆ្នាំ ២០២៣ ផ្លូវដែក Greater Jakarta Railway បានដឹកអ្នកដំណើរប្រហែល ២៩០លាននាក់ កើនឡើង ២៨ភាគរយបើធៀបនឹងឆ្នាំ២០២២។ 
 
ក្រុមហ៊ុន​ KCI បានឲ្យដឹងថា រថភ្លើងចាស់ៗចំនួន១០ ត្រូវបញ្ឈប់ការប្រើប្រាស់នៅឆ្នាំ ២០២៣ ហើយរថភ្លើងចំនួន១៩ផ្សេងទៀតនឹងត្រូវបញ្ឈប់ដំណើរការនៅឆ្នាំ២០២៤។ ក្រៅពីការទិញរថភ្លើងពីចិន KCI ក៏បានចុះកិច្ចព្រមព្រៀងទិញរថភ្លើងថ្មីចំនួន១៦ ដែលមានតម្លៃជាង ៣,៨ពាន់លានរូពៀ(២,៤៣លានដុល្លារ) ពីក្រុមហ៊ុនរដ្ឋឥណ្ឌូណេស៊ី INKA ផងដែរ។ នេះបើតាមសារព័ត៌មាន Jakarta Globe ។ 
 
កាលពីខែកញ្ញា ឆ្នាំ២០២៣ KCI និង CRRC Sifang បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាដើម្បីសហការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់ឥណ្ឌូណេស៊ី រួមទាំងការទិញគ្រឿងបន្លាស់រថភ្លើង ផ្ទេរបច្ចេកវិទ្យា ការថែទាំ និងបង្កើនសមត្ថភាពធនធានមនុស្សជាដើម។ 
 
ក្នុងប៉ុន្មានឆ្នាំមកនេះ ឥណ្ឌូណេស៊ីបានពង្រីកកិច្ចសហប្រតិបត្តិការជាមួយចិនក្នុងវិស័យដឹកជញ្ជូនក្នុងគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនពីហ្សាការតា-បានឌុង។ នេះជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលទើបតែដាក់ឱ្យដំណើរការក្នុងខែតុលា ឆ្នាំ២០២៣ ដែលជួយឥណ្ឌូណេស៊ីពង្រឹងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងតំបន់។ 
 
នៅខែមករាឆ្នាំ ២០២៤ ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ីបានបង្ហាញពីគម្រោងក្នុងការដាក់រដ្ឋធានីថ្មី Nusantara នៅ East Kalimantan ជាមួយនឹងប្រព័ន្ធរថភ្លើងស្វ័យប្រវត្តិកម្មល្បឿនលឿន (ART) ដែលបង្កើតឡើងដោយក្រុមហ៊ុនចិន CRRC Group៕

Tag:
 រថភ្លើង
  ឥណ្ឌូណេស៊ី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com