ជាតិ
សៀមរាប៖ អ្នករកដើមអង្គាសីល រអ៊ូថាឆ្នាំនេះ​ពិបាករក ហើយលក់មិន​បានថ្លៃ
03, Feb 2024 , 10:00 pm        
រូបភាព
អ្នកស្រី សឿម សុខ កំពុងដាក់លក់ដើមអង្គារសិល្ប៍នៅផ្សារដើមក្រឡាញ់ ក្រុងសៀមរាប។
អ្នកស្រី សឿម សុខ កំពុងដាក់លក់ដើមអង្គារសិល្ប៍នៅផ្សារដើមក្រឡាញ់ ក្រុងសៀមរាប។
សៀមរាប៖ ពលរដ្ឋនៅខេត្តសៀមរាបមួយចំនួន តែងចូលព្រៃកាប់ដើមអង្គា​សីលដើម្បី​ផ្សាំលក់នារដូវ ចូលឆ្នាំចិន។ ឆ្នាំនេះពលរដ្ឋលើកឡើងថា ដើមអង្គាសីលកាន់តែខ្សត់ ហើយ​លក់ក៏មិនសូវបានថ្លៃ​ដែរ។

អ្នកស្រី សឿម សុខ បានដឹកដើមអង្គាសីលតាមម៉ូតូ យកមកលក់នៅផ្សារដើមក្រឡាញ់ ក្រុងសៀមរាប។ ស្រ្តីរូបនេះមានដើមអង្គាសីលប្រហែលជាង១០បាច់។ ពលរដ្ឋនៅសង្កាត់​សំបួរ​រូបនេះរៀបរាប់ក្នុងសំដី​​មួយៗថា អ្នកស្រីលក់ដើមអង្គាសីលតម្លៃចាប់ពី១ម៉ឺន ទៅ៥ម៉ឺន រៀល​ក្នុងមួយបាច់ តាមដើមតូច​ដើមធំ ឬមានផ្កាតូចធំ។ 
 


យ៉ាងណាមិញ ស្រ្ដីវ័យ៤០ឆ្នាំរូបនេះរអ៊ូថា ដើមអង្គាសីលឆ្នាំនេះមិនសូវសម្បូរទេ ហើយ​ពិបាក​រក និងលក់ក៏មិនបានថ្លៃលើសឆ្នាំមុនៗដែរ។ អ្នកទិញតថ្លៃច្រើន មិនសូវមាន​អ្នក​ចូល​ទិញ ខ្លះថាគ្មានលុយ។ល។ នេះជាការបញ្ជាក់របស់អ្នកស្រី សឿម សុខ។ 
 
​ពលរដ្ឋមួយរូបទៀត គឺអ្នកស្រី បុស្ស ក៏បានដឹកដើមអង្គារសីល​មកលក់នៅច្រកខាងមុខ​ផ្សារ​ដើមក្រឡាញ់ដែរ។ ពលរដ្ឋស្រុកអង្គរធំរូបនេះលើកឡើងថា ទោះបីពិបាករកជាងរាល់​ឆ្នាំ តែពលរដ្ឋមួយចំនួនបូករួមទាំងអ្នកស្រីដែលមានរបរនេះខ្ទង់១០ឆ្នាំមកហើយនោះ នៅ តែព្យាយាម​ចូលព្រៃរកកាប់ដើមអង្គាសីល ដើម្បីបានកម្រៃខ្លះៗ នារដូវបុណ្យចូលឆ្នាំចិន នេះ។ ឆ្នាំនេះស្រ្តីវ័យ៥៥ឆ្នាំរូបនេះ រកដើមអង្គាសីលបានត្រឹម៣០បាច់ប៉ុណ្ណោះ​ ដែលខ្លួន បានឡើងទៅរក​ដល់ខេត្ត​កំពង់ធំប្រមាណមួយខែមុន ដើម្បីយកមកផ្សាំទម្រាំចេញត្រួយ​និងផ្កា។


 
ពលរដ្ឋភាគច្រើននៅខេត្តសៀមរាប ចេញទៅរកកាប់ដើមអង្គាសីលនៅស្រុកបារាយណ៍ ខេត្ត​​កំពង់ធំ ខណៈដែលមួយចំនួនតូចរកក្នុងព្រៃក្បែរៗភូមិ ឬនៅភ្នំគូលែន។ អ្នកស្រី បុស្ស ប្រាប់ថា បានចេញទៅព្រៃនៅខេត្តកំពង់ធំចំនួន៣ជើង ដែលក្នុងមួយជើងៗ​ត្រូវចំណាយ​សោហុយ​រថយន្តឈ្នួល​ចន្លោះ៣ម៉ឺន ទៅ៥ម៉ឺនរៀល គឺទៅជាមួយអ្នកភូមិឯទៀត។ 
 


ចំណែកអ្នកស្រី សឿម សុខ ដែលមានរថយន្តផ្ទាល់ក៏ឡើងទៅរកដើមអង្គាសីល ដល់ខេត្ត កំពង់ធំដែរ ហើយឆ្នាំនេះ គ្រួសារអ្នកស្រីរកដើមអង្គាសីលបាន៣ពាង។ អ្នកស្រីរំឭកថា ដើមអង្គាសីលកាន់តែ​ពិបាករក ត្រូវចូលព្រៃជ្រៅ ដោយមុតបន្លា ក្ដៅ ទម្រាំបានដើមអង្គា សីល​មួយដើមៗ។ អ្នកស្រី សឿម សុខ សុំឱ្យអតិថិជនកុំសូវតថ្លៃពេក ដ្បិតថាដើមអង្គាសីល​កាន់តែពិបាករក ហើយត្រូវចំណាយពេលពី ១៥ទៅ២០ថ្ងៃជាងទម្រាំផ្សាំឱ្យវាចេញត្រួយ និងចេញផ្កា៕



Tag:
 អង្គាសីល
© រក្សាសិទ្ធិដោយ thmeythmey.com