ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ហេតុអ្វីគួរទស្សនា សហគមន៍បណ្ដែតទឹកនៅបឹងទន្លេសាប យ៉ាងហោចណាស់មួយលើកក្នុងមួយជីវិត?
04, Feb 2024 , 8:00 am        
រូបភាព
សំឡេងទូរសព្ទរោទ៍នាម៉ោង៥៖៣០នាទីព្រឹក​ បានដាស់ខ្ញុំ ឱ្យរឭកពីដំណេក ។ សូរសព្ទ ឈូៗ ចេញពីបន្ទប់ទឹក ផ្ដល់ឱកាសឱ្យខ្ញុំបិទភ្នែកមួយស្រលេតទៀត។ មួយស្របក់ក្រោយមក សុផាត អ្នកសារព័ត៌មានវីដេអូ ដែលជាសហការីរបស់ខ្ញុំ បានដើរចេញពីបន្ទប់ទឹក។

 
សល់តែ ២០នាទីទៀតប៉ុណ្ណោះ ឡានដឹកអ្នកសារព័ត៌មាន នឹងចេញដំណើរពីសណ្ឋាគារ ភីគ អេលីត ប៊ូទិក ទៅកាន់ ព្រែកទាល់ បឹងទន្លេសាប។ ខ្ញុំ ក៏បានរួសរាន់ចូលសម្អាតកាយ ប្រមាណ១០នាទីប៉ុណ្ណោះ ព្រោះថា សហការីខ្ញុំមួយរូបទៀត ឈ្មោះ គី ចំណា កំពុងរង់ចាំចូលបន្ត។ ចំណា កាន់តែចំណាយពេលយ៉ាងលឿន ដើម្បីឱ្យទាន់វេលា​ ដែលបានណាត់ជាមួយអ្នកសារព័ត៌មាន ២២នាក់ទៀត។ ប្រុសៗ មិនរៀបចំខ្លួនស្មុគស្មាញយូរនោះទេ។ ​ប្រញាប់ខ្លាំងពេក ខ្ញុំ ភ្លេចយកមួក សម្រាប់ការពារពន្លឺថ្ងៃទៅតាមខ្លួន។ គ្មានមួក គឺខ្ញុំ បានអាំងមុខក្រោមកម្ដៅថ្ងៃដ៏ក្ដៅ។ 
 
ឡាន បានវិលកង់ម៉ោង ៦ព្រឹក ទៅកាន់ភូមិ ត្រពាំងច្រាំង ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។ ឆ្លងកាត់ផ្លូវកៅស៊ូផង ប៉េតុងផង ឡាន ក៏បានចូលតាមផ្លូវតូចមួយ។ ដោយសារ ផ្លូវពិបាកបន្តិច ខ្ញុំ ហាក់ឈឺក្បាល ក្រោយចំណាយជាង១ ម៉ោងលើឡាន។ 



តាមផ្លូវដីហុយ ជង្ហុកច្រើន និងចង្អៀតមួយសម្រាប់រថយន្តធុនមធ្យម ឡាន បានមកដល់ភូមិ ត្រពាំងច្រាំង ដែលមានទូកធំមួយកំពុងរង់ចាំទទួល។ គ្រប់គ្នា រួសរាន់ឡើងទូក ខ្ញុំ និងសុផាត ជួយគ្នារៀបចំម៉ាស៊ីនថត (camera) វីដេអូ។ ឡើងទូកភ្លាម ខ្ញុំ មានអារម្មណ៍ថា សប្បាយចិត្តណាស់ ព្រោះជាដំណើរលើកទីមួយទៅកាន់ ព្រែកទាល់ បឹងទន្លេសាប។ ខ្ញុំ សូមណែនាំពី បឹងទន្លេសាប និងព្រែកទាល់ បន្តិច។ 
 
សហគមន៍ព្រែកទាល់ ជាកន្លែងទាក់ទាញទេសចរអន្តរជាតិមួយ នៅបឹងទន្លេសាប ដែលស្ថិតនៅភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ទេសចរអន្តរជាតិភាគច្រើន ចូលចិត្តស្វែងយល់អំពីជីវភាព និងការរស់នៅរបស់ប្រជាជន។
 
 
បឹងទន្លេសាប ជាបេះដូងនៃប្រទេសកម្ពុជា 
 
បឹងទន្លេសាប ជារតនសម្បត្តិដ៏មានតម្លៃរបស់កម្ពុជា។ បឹងទន្លេសាប ជាបឹងទឹកសាបធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។ បឹងទន្លេសាប ជាប់ខេត្តកំពង់ឆ្នាំង កំពង់ធំ បាត់ដំបង ពោធិ៍សាត់ និងខេត្តសៀមរាប ដែលត្រូវបានចាត់ទុកថា ជាបេះដូង នៃប្រទេសកម្ពុជា។ បឹងទន្លេសាប ក៏ជាប្រភពទឹកដ៏សំខាន់សម្រាប់អ្នកនេសាទ និងកសិករ អាស្រ័យផលផងដែរ។



ត្រីប្រមាណ ២៨០ប្រភេទ កំពុងរស់នៅក្នុងបឹងទឹកសាបនេះ។ ជីវសាស្ដ្រចម្រុះក្នុងតំបន់បឹងទន្លេសាប រួមមាន ល្មូន ៤២ ប្រភេទ បក្សី ២២៥ ប្រភេទ ថនិកសត្វ ៤៦ ប្រភេទ និងរុក្ខជាតិជាង ២០០ ប្រភេទ។
 
សៀវភៅ «ជីវិតជុំវិញបឹងទន្លេសាប» របស់អង្គការស៊ីប៉ា បានរៀបរាប់ថា បឹងទន្លេសាប ជាអាយុជីវិតរបស់អ្នកនេសាទ។ អ្នកដែលរស់នៅ ដោយពឹងផ្អែកតែលើការនេសាទមួយមុខ បានសង់ផ្ទះផ្តុំគ្នាជាភូមិ ដែលប្តូរកន្លែងទៅតាមទឹក។ 
 
ក្រៅពីនេះការនេសាទ ក៏មានខ្លះទៀតដាំដំណាំ ដូចជា ល្ពៅ ត្រឡាច ឪឡឹក ពោត សណ្តែក និងធ្វើស្រូវប្រាំង។ អ្នកនេសាទ និងកសិករទាំងនេះ រស់នៅទីនោះប្រហែល ១ខែ ឬយូរជាងនេះ។ រហូតដល់ពេលទឹកជំនន់ឡើងស្រឺតៗ ដេញកសិករ និងអ្នកនេសាទ ឱ្យវិលត្រឡប់មកភូមិវិញ ដើម្បីចាប់ផ្តើមធ្វើស្រែវស្សា។
 
ដីគោក មាន Google Map តែលើទឹក គឺពឹងបទពិសោធន៍
 
នាម៉ោង៧៖៥៣នាទីព្រឹក អ្នកបើកទូក បានទម្លាក់ស្លាបចាក់ទូក ចូលផ្ទៃទន្លេ។ អ្នកថត បានឡើងទៅដំបូល និងខ្លះទៀត នៅខាងក្រោមជាមួយអ្នកសារព័ត៌មានផ្សេងទៀត។ ត្បិតតែមិនទំនើបដូចឡាន តែទូកធំនេះ ក៏អាចថយក្រោយបានដែរ។ អ្នកបើកទូក កាន់ចង្កូតឡាន Hyundai ដែលបានកែច្នៃសម្រាប់បញ្ជា  ដូចឡាន។ 



ត្រូវជិះទូកប្រមាណជាង១ម៉ោង  ខ្ញុំ បានឃើញផ្ទះបណ្ដែតទឹកជាច្រើនរបស់អ្នកនេសាទ។ មិនត្រឹមតែមានផ្ទះ និងការនេសាទ  ខ្ញុំ ប្លែកអារម្មណ៍ពេលឃើញសកម្មភាពប្លែកៗ ដូចជា ពិធីសាសនា និងពិធីអាពាហ៍ពិពាហ៍លើទឹក។
 
អារម្មណ៍រសាត់អណ្ដែតជាមួយទេសភាពផ្ទះបណ្ដែតទឹករាប់មិនអស់ ទូក ក៏ចេះបត់ឆ្វេង បត់ស្ដាំ តាមផ្លូវទឹកតូចៗ ដែលធ្វើឱ្យខ្ញុំ ឆ្ងល់ថា «អ្នកបើកទូក មិនវង្វេងទេ? ព្រោះគ្មាន Google map ផងហ្នឹង! ពិតហើយ អ្នកបើកទូក ជាអ្នកទន្លេសាប ដូច្នេះលោកស្គាល់ទន្លេច្បាស់ជាងដីគោក។ 



ឆ្លងកាត់ផ្ទះបណ្ដែតទឹកជាច្រើន ទូក ក៏បានមកដល់សាលាបឋមសិក្សាព្រែកទាល់នាម៉ោង៩ព្រឹក។ អ្នកបើកទូក បានដើរទៅកាន់ក្បាលទូក រួចប្រឹងប្រែងរុញតូចៗរបស់សិស្ស និងគ្រូចេញ ដើម្បីឱ្យអ្នកសារព័ត៌មាន និងមន្រ្តីអង្គការចុះដើរទៅសាលា។ 
 
អ្នកកាសែតបារាំង ចាប់ចិត្ត បឋមសិក្សាព្រែកទាល់ លើបឹងទន្លេសាប

ចេញពីសៀមរាប ជាង១ម៉ោង ទូកក៏បានដល់សាលាបឋមសិក្សាមួយ នៅបាត់ដំបង។ ខ្ញុំ ភ្ញាក់ផ្អើលផង និងរំភើបផង ពេលបានឃើញសាលាថ្ម ដ៏ខ្ពស់មួយនៅបឹងទន្លេសាប។ អគារខ្ពស់ ៣ជាន់ តែមានបន្ទប់តែនៅជាន់ទី៣ប៉ុណ្ណោះ។​ ខ្ញុំ មិនឆ្ងល់ទេ ព្រោះឃើញស្នាមទឹកឡើងជាប់សសរសាលាជាន់ទី២ទៅហើយ។  
 
ថ្ងៃសម្រាក តែលោកនាយកសាលា បានឱ្យសិស្សមកសម្អាតទីធ្លាសាលា។ នាពេលឃើញអ្នកសារព័ត៌មានជាង២០នាក់ និងមន្រ្តីអង្គការប្រហែល១០នាក់ទៀត កុមារា កុមារី បានដើរមកឈរមើលទាំងរីករាយ។ សាលាបឋមសិក្សាព្រែកទាល់ មានអគារថ្មមួយខ្នង និងឈើមួយខ្នង ដែលស្ថិតនៅភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ 



កុមារជាច្រើន បានចោមរួមអ្នកសារព័ត៌មានខ្មែរ​ និង Jeanne ជនជាតិបារាំងដ៏ស្រស់សោភាមួយរូប។ អ្នកសារព័ត៌មានបារាំងរូបនេះ កាន់ទូរសព្ទដៃផ្ដិតយកទិដ្ឋភាពសាលារហូត ព្រោះថា​ នាងមិនដែលបានឃើញផ្ទាល់ភ្នែកឡើយ។ 
 
«ខ្ញុំ មិនដែលបានឃើញទិដ្ឋភាពបែបនេះទេពីមុនមក។ វា ពិតជាប្លែកអារម្មណ៍ខ្លាំងណាស់។» អ្នកសារព័ត៌មាន lepetitjournal.com/cambodge បានឆ្លើយបែបនេះ នាពេលខ្ញុំសួរអំពីអារម្មណ៍របស់នាង។ 
 
វ័យ២៥ឆ្នាំ កញ្ញាបារាំង បានចាប់ចិត្តខ្លាំងលើក្មេងៗ កំពុងលេងបាល់ទាត់លើដីភក់។ «ខ្ញុំ​ឃើញ​ក្មេងៗ​កំពុង​លេង​នៅ​ក្នុង​ដី​និង​ភក់។ ពួកគេជាច្រើនសុទ្ធតែជើងទទេ ម្រាមជើងរបស់ពួកគេខ្មៅដោយសារដីភក់។ ពួកគេស្លៀកសម្លៀកបំពាក់ចម្រុះពណ៌ អាវកីឡាបាល់ទាត់ រ៉ូប អាវរងា កណ្ដាលថ្ងៃក្ដៅខ្លាំង ដែលទោះជាយ៉ាងណាក៏ពិបាកទ្រាំនៅពេលរសៀល។» 



ចំណាយពេលសម្ភាស និងស្វែងយល់អំពីសាលាបឋមសិក្សាព្រែកទាល់ជាង២ម៉ោង មន្រ្តីអង្គការ ក៏ស្រូតឡើងទូក ទៅកាន់ អនុវិទ្យាល័យកោះជីវាំង ដែលមានចម្ងាយប្រមាណ ២គីឡូម៉ែត្រ។ គ្រប់គ្នារួចរាល់ នៅតែ ក្រុមសារព័ត៌មានថ្មីៗ និង Fresh News ប៉ុណ្ណោះ ដែលរវល់បង្ហើយកិច្ចសម្ភាសនាយកសាលា និងអ្នកគ្រូបណ្ណាល័យ។ 
 
មកដល់អនុវិទ្យាល័យ សិស្សានុសិស្ស ស្លៀកពាក់ឯកសណ្ឋានសិស្សគ្រប់ៗអង្គុយរង់ចាំទទួលពួកយើង។ ក្រុមការងារអង្គការ ក៏បានចាប់ផ្ដើមជជែកលេង និងជូនសៀវភៅក្មេងៗទាំងនោះ។ ក្រុមអ្នកកាសែត ស្រវាស្រទេញ ស្វែងរកអ្នកគ្រូ លោកគ្រូ ដើម្បីសម្ភាស។​ គ្រប់គ្នា បំពេញការងារយ៉ាងហ្មត់ចត់តាមកន្លែងរៀងៗខ្លួន។ 
 
កុំបារម្ភថាគ្មាន ហាងបាយ កាហ្វេ ភេសជ្ជៈ លើបឹងទន្លេសាប

សូមកុំបារម្ភអំពីអាហារ និងភេសជ្ជៈ! ពួកយើង បានញុំាអាហារ ដែលចម្អិនតាមការកក់ទុក នៅភោជនីយដ្ឋានបណ្ដែតទឹក។ ត្រី…! មុខម្ហូបទាំងអស់ សុទ្ធតែចម្អិនពី ត្រី។
 
 អ្នក មិនចូលចិត្តត្រី អាចពិបាកបន្តិច ដែលដូចជា កញ្ញា សែម ប្រាក់ដាវ អ្នកសារព័ត៌មានថ្មីៗ២៥។ ប្រាក់ដាវ បង្ខំចិត្តពិសាបាយជាមួយត្រីទាំងវេទនាក្នុងចិត្ត ឬយើងអាចនិយាយបាន «ញុំាឱ្យតែរស់ ព្រោះមិនចូលចិត្តត្រី»។ ប៉ុន្តែសមាជិកដំណើរផ្សេងទៀត ពិសាយ៉ាងរីករាយ រហូតអស់គ្រប់មុខ។ 
 
ខ្វះកាហ្វេមិនបាន? នៅសហគមន៍ព្រែកទាល់ ប្រជាជន ក៏ចែវទូកលក់ដូរចំណីអាហារជាច្រើនផងដែរ។ ត្រឹមកាហ្វេទឹកដោះគោទឹកកក គឺជាជម្រើសល្អបំផុតនៅបឹងទន្លេសាប។ ប៉ុន្តែខ្ញុំ មិនបានពិសាកាហ្វេនោះទេ ព្រោះអ្នកលក់ មានតែ២កែវប៉ុណ្ណោះ។ អ្នកផ្សេងទៀត នាំគ្នាទិញ ភេសជ្ជៈ និងតែបៃតងទឹកដោះគោ។ 
 
«ផ្អែមណាស់» នេះជាសម្ដីអតិថិជនទាំងអស់ រអ៊ូក្រោយពិសារួច។



ទស្សនាសត្វស្លាបនៅព្រែកទាល់ បឹងទន្លេសាប

ទស្សនាជីវភាព និងការរស់នៅរបស់ប្រជាជននៅលើទឹកចប់ ទេសចរ អាចជិះទូកទៅទស្សនា សត្វស្លាបជាច្រើនប្រភេទ។ ទូកមួយ អាចផ្ទុកអ្នកដំណើរ ៦នាក់ ដែលត្រូវជិះចេញពីសហគមន៍ព្រែកទាល់ប្រមាណ១ម៉ោង។ ទូកមួយ មានតម្លៃ ៣០ដុល្លារ។ 
 
ជិះទូកប្រមាណ១ម៉ោង ខ្ញុំ បានគយគន់សម្រស់ទេសភាពយ៉ាងស្រស់ស្អាត ដែលពិតជាប្លែកចក្ខុ។ ទស្សនាសត្វស្លាបបណ្ដើរ ខ្ញុំ ក៏ខំប្រឹងថតរូប និងវីដេអូ ទុកជាអនុស្សាវរីយ៍ផងដែរ។ សត្វស្លាប មានច្រើនប្រភេទ ដែលធ្វើឱ្យខ្ញុំ មិនចងចាំអស់នោះឡើយ។ 


អ្នកបើកទូក បាននាំភ្ញៀវទៅកាន់ ប៉ម ទស្សនាសត្វស្លាប។ មន្រ្តីអង្គការ ប្រចាំសហគមន៍ ក៏បានយកកែវពង្រីកមួយ ដំឡើងសម្រាប់ទេសចរ ទស្សនាសត្វស្លាបនៅសំបុកឆ្ងាយពីប៉ម។ ឧបត្ថម្ភថវិកាសាងសង់ដោយមន្ទីរបរិស្ថាន ប៉មទស្សនាសត្វស្លាបនេះ អាចឡើងបានតែ៨នាក់ប៉ុណ្ណោះក្នុងមួយលើក។ 
 
ថ្ងៃលិចដ៏ល្អបំផុត

ពន្លឺពណ៌មាស ចែងចាំងមកលើផ្ទៃជលសា ហាក់ចង់ប្រាប់ទេសចរ ឱ្យចងចាំសហគមន៍បណ្ដែតទឹក នៅបឹងទន្លេសាប។ ចំណាំងរស្មីពណ៌មាស រសាត់តាមរលកទឹកទន្លេ ដែលនាំឱ្យខ្ញុំ យល់ថា ខ្លួនមានសំណាង បានទទួលបទពិសោធន៍ដ៏ល្អមួយនៅបឹងទន្លេសាប។ គ្រប់គ្នា កំពុងរវល់ថតរូបយ៉ាងមមាញឹក។ ខ្ញុំ ក៏អង្គុយគយគន់សម្រស់ថ្ងៃលិច ដ៏អស្ចារ្យនេះបន្ត។ 


ឃើញគេថតរូបអស់ចិត្ត ខ្ញុំ ក៏បានពឹង កញ្ញា ផាត ដាណេ ឱ្យថតរូបដែរ។ ខ្ញុំ ចង់បានប្លង់ silhouette ជាមួយ ឆព្វណ្ណរង្សី លើផ្ទៃទន្លេ។ ដាណេ បានថតរូបជិត ៥០ប៉ុស្ដិ៍ ដែលធ្វើឱ្យខ្ញុំ ពិបាកចោលរូបណាមួយ។ 
 
ថ្ងៃលិច នៅទន្លេសាប ជាភាពអស្ចារ្យបំផុត! ប្រសិនបើ លោកអ្នក ទៅកម្សាន្តជាគូ លោកអ្នក នឹងទទួលបាន អនុស្សាវរីយ៍ដ៏ល្អបំផុតក្នុងជីវិត។ ពន្លឺថ្ងៃរៀបលិច ចាំងមកលើផ្ទៃទឹក បង្កើតបានជាទិដ្ឋភាពដ៏ស្រស់ត្រកាល ដែលមិនអាចបំភ្លេចបាន៕















Tag:
 ព្រែកទាល់
  បឹងទន្លេសាប
  ឃុំកោះជីវាំង
  tonle sap
© រក្សាសិទ្ធិដោយ thmeythmey.com