ជាតិ
ក្រុងកំពត និងកែប និងខណ្ឌដូនពេញ ឈ្នះពាន​ទីក្រុងទេសចរណ៍ស្អាតអាស៊ាន
03, Feb 2024 , 5:41 pm        
រូបភាព
ភ្នំពេញ៖ ខណ្ឌដូនពេញ ក្រុងកំពត និងក្រុងកែប ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍​ស្អា​តអាស៊ានក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤ ឆ្នាំ២០២៤។ វេទិកាទទួលពានរង្វាន់ នេះ​ធ្វើ​ឡើងកាលពីថ្ងៃទី២៦ខែមករា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤ បានរៀបចំឡើងក្រោមប្រធានបទ «អាស៊ានប្រកប ដោយគុណភាព និងការទទួលខុសត្រូវ៖ ធានានិរន្តភាពនៃអនាគតអាស៊ាន (Quality and Responsible ASEAN – Sustaining ASEAN Future)»។ ស្ថិតក្នុងវេទិកានោះ ក៏មានវត្តមាន ថ្នាក់ដឹកនាំជាច្រើនរូប រួមមាន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំក្រសួងទេស ចរណ៍​មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុនកូរ៉េ ឥណ្ឌា ក៏ដូចជាប្រទេស និងអង្គការ ដៃ​គូ​មួយចំនួនផងដែរ។



នាឆ្នំា២០២៤នេះ កម្ពុជា ទទួលបានពានចំនួន៣ រួមមាន ខណ្ឌដូនពេញ ក្រុងកំពត និងក្រុង​កែប ដែលជាពានរង្វាន់ទី​ក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន លើកទី៤ដែលមាន​សុពលភាព​ពី​ឆ្នាំ​២០២៤ ​ដល់​ឆ្នាំ​ ២០២៦។ ចំពោះពានរង្វាន់នេះគឺមានវត្តមានលោក ជា ខេមា អភិបាល​ខណ្ឌដូនពេញ ជាអ្នកទទួលពាន។ លោក ម៉ៅ ធនិនអភិបាលខេត្តកំពត និងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែបក៏បានអញ្ជើញឡើងទទួលពានរង្វាន់ដូចគ្នា។ 
 


សូមបញ្ជាក់ថាវេទិកាទេសចរណ៍ទីក្រុងស្អាតអាស៊ានលើកទី៣ ឆ្នាំ២០២២-២០២៤  មាន​ទីក្រុងចំនួន​២១នៃប្រទេសសមាជិកអាស៊ាន បានទទួល​ជ័យលាភីទីក្រុង​ទេសចរណ៍​ស្អាតអាស៊ានលើកទី៣ឆ្នាំ២០២២-២០២៤ ក្នុងនោះក៏មានទីក្រុងចំនួន៣​របស់ប្រទេស​កម្ពុជា​ផងដែរ ដូចជាទីក្រុងបាត់ដំបង ទីក្រុងព្រះសីហនុ និងទីក្រុងសៀមរាប៕ 
 

Tag:
 ThmeyThmey
  ខេត្តកែប
  ពានរង្វាន់ទីក្រុងស្អាត
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com