ជាតិ
អ្នកជំនាញ ​ដុតកម្ទេច​ជើងមាន់បង្កកនាំចូលពីវៀតណាមខុសច្បាប់ ប្រមាណ១០០តោន
04, Feb 2024 , 4:00 pm        
រូបភាព
ភ្នំពេញ៖ ជើងមាន់បង្កក ប្រមាណ១០០តោន ត្រូវបានមន្ត្រីជំនាញខេត្តស្វាយរៀង ដុតកម្ទចចោល នៅថ្ងៃទី៤កុម្ភៈនេះ។ ជើងមាន់ទាំងនេះ ត្រូវបានឈ្មួញដឹកតាមរថយន្តកុងតឺន័រចំនួន ៤គ្រឿង​ពីប្រទេសវៀតណាម ចូលមកកម្ពុជាដោយគ្មានច្បាប់អនុញ្ញាត តាមច្រកព្រំដែនអន្តរជាតិបាវិត និងត្រូវអាជ្ញាធរខេត្តស្វាយរៀងចាប់បាន កាលល្ងាចពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រស្រុករមាសហែក។​ ចំណែកឯអ្នកបើកបរ ត្រូវបានបញ្ជូនទៅសួរនាំ ​និងចាត់ការតាមនីតិវិធីច្បាប់។


សូមបញ្ជាក់ថា ​កម្ពុជាបាន​សម្រេចផ្អាក​​នាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ជា​បណ្តោះ​អាសន្នក្នុង​រយៈពេល ​៦ ខែ​ ដោយគិតចាប់​ពី​ថ្ងៃ​ទី ១២ ខែមីនា ដល់​ថ្ងៃ​ទី​ ១២ ខែកញ្ញា ឆ្នាំ​ ២០២៤។ តាមសេចក្ដីជូនដំណឹងរួមរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម ចុះថ្ងៃទី១២ ខែមករា ​ផលិតផលបង្កកដែល​ត្រូវផ្អាកនាំចូលនោះមាន អណ្តាតគោ អណ្តាក្របី​ ថ្លើមគោ ថ្លើមក្របី​ គ្រឿងក្នុងគោ​ផ្សេងៗ ថ្លើម​មាន់ សាច់ និងគ្រឿងក្នុងមាន់​។ ចំណែកពោះវៀន ប្លោក និង​ក្រពះ​ទាំងមូល ឬជាផ្នែកនៃសត្វស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច ក៏ត្រូវផ្អាកនាំចូលដែរ៕
 

Tag:
 ThmeyThmey
  សាច់បង្កក
  ខេត្តស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com