ជាតិ
យុទ្ធនាការបរិច្ចាគឈាមនៅខេត្តសៀមរាប ប្រមូលឈាមបាន ៣៤២ប្លោក
04, Feb 2024 , 5:00 pm        
រូបភាព
អភិបាលរងខេត្តសៀមរាប លោក យុន លីនណេ ចូលរួមបរិច្ចាគឈាម។ រូបភាពពីរដ្ឋបាលខេត្តសៀមរាប
អភិបាលរងខេត្តសៀមរាប លោក យុន លីនណេ ចូលរួមបរិច្ចាគឈាម។ រូបភាពពីរដ្ឋបាលខេត្តសៀមរាប
សៀមរាប៖ ឈាម​ ៣៤២ ប្លោក​ ត្រូវបានអ្នកស្ម័គ្រចិត្តនៅសៀមរាប បរិច្ចាគរួមគ្នាដើម្បីចូលរួម​ផ្នែកសុខុមាលភាពសង្គម​ ក្រោមប្រធានបទ​“ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ”។

យុទ្ធនាការបរិច្ចាគឈាមនេះត្រូវបានរៀបចំឡើងនៅថ្ងៃទី៣ កុម្ភៈ ដែលសហការរៀបចំឡើង​រវាងរដ្ឋបាលខេត្តសៀមរាប មូលនិធិឈាម នី មុនីនាថ សមាគមសហគ្រិនវ័យក្មេង ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងសមាគមទេសចរណ៍កម្ពុជា។​ពិធីនេះធ្វើឡើងក្នុងគោលបំណង ចូលរួមចំណែកពង្រឹងសុខមាលភាពសង្គម និងបម្រើប្រយោជន៍សាធារណៈ។ នេះបើតាមការចុះផ្សាយពីរដ្ឋបាលខេត្តសៀមរាប។ 


សកម្មភាពមហាជនចូលរួមបរិច្ចាកឈាម។ រូបភាពពីរដ្ឋបាលខេត្តសៀមរាប

ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានអរគុណចំពោះសប្បុរសជនជាតិ អន្តរជាតិ ដែលធ្វើអំណោយទានសម្រាប់ជីវិត ដើមី្បលើកកម្ពស់បរិចា្ចគឈាម​ដោយស្ម័ត្រចិត្ត មិនទទួលកម្រៃ ដោយចូលរួមសង្រ្គោះជីវិតជន​រងគ្រោះ​ដោយក្តីសប្បុរស។ លោកបន្តថា​ ការបរិច្ចាគឈាមម្តងអាចឱ្យយើងដឹងពីស្ថានភាពសុខភាពរបស់យើងម្តង ដឹងពីស្ថានភាពឆ្លងឬមិនឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺរលាកផ្លើម ស្វាយ អេដស៍ ។ល។ និងជួយឱ្យប្រសើរឡើងនូវសុខភាពបេះដូង ការលើសទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ល។
 
កញ្ញា នី មុនីនាថ ប្រធានមូលនិធិឈាម បានឱ្យដឹងថា កម្មវិធីបរិច្ចាគឈាមនេះធ្វើឡើង​ស្របគ្នាទៅនឹងយុទ្ធនាការដំណើរកម្សាន្តក្នុងមហានគរ និងតំបន់គោលដៅទេសចរណ៍នានាក្នុងខេត្តសៀមរាប ក្នុងគោលបំណងបង្ហាញដល់មហាជនក៏ដូចជាដើម្បីបំផុសស្មារតី និយោជិក និយោជក សិល្បករសិល្បការិនី សិស្សនិស្សិត ចូលរួមសកម្មភាពមនុស្សធម៌បែបនេះ ដែលបង្ហាញពីចេតនា និងឆ្លុះបញ្ចាំងអំពីទឹកចិត្ត ចែករំលែកក្តីស្រលាញ់ និងជាចំណែកមួយជួយដល់អាយុជីវិតមនុស្សដែលត្រូវការឈាម។​
 
ដោយឡែកអភិបាលរងខេត្តសៀមរាប លោក យុន លីនណេ ក៏បានចាត់ទុកសកម្មភាពខាងលើនេះ ថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលឆ្លុះបញ្ចាំងពីទឹកចិត្តសប្បុរសធម៌ និងជាផ្នែកមួយជួយផ្សព្វផ្សាយ វិស័យទេសចរណ៍ខេត្តសៀមរាបផងដែរ។ លោក យុន លីនណេ ក៏បានអរគុណដល់អ្នកពាក់ព័ន្ធទាំងអស់  ដែលជួយផ្សព្វផ្សាយពីរឿងល្អៗនៅខេត្តសៀមរាប ដើម្បីចែករំលែកដល់ពិភពលោកកាន់តែស្គាល់ និងធ្វើដំណើរកម្សាន្តមកកាន់ខេត្តសៀមរាប៕

© រក្សាសិទ្ធិដោយ thmeythmey.com