ជាតិ
អ្នកភូមិបង្កោងនឹងរៀបចំពិធីចាប់ត្រីនៅក្នុងបឹងអភិរក្សនៅថ្ងៃទី១១ កុម្ភៈ
06, Feb 2024 , 8:59 am        
រូបភាព
ពិធីបុណ្យចាប់ត្រីនៅភូមិបង្កោងនៅឆ្នាំ២០២៣។
ពិធីបុណ្យចាប់ត្រីនៅភូមិបង្កោងនៅឆ្នាំ២០២៣។
សៀមរាប៖ ជាទំនៀមទម្លាប់តែងធ្វើមិនដែលខាន អ្នកភូមិបង្កោងនឹងរៀបចំពិធីចាប់ត្រី នៅក្នុងបឹងអភិរក្សក្នុងភូមិ ដើម្បីបង្ហាញថា ពិធីឡើងមាឃ ឬពិធីឡើងអ្នកតា នឹងចូលមកហើយ នារដូវក្រោយច្រូតកាត់នេះ។ នៅឆ្នាំ២០២៤នេះ ពិធីរៀបចំនៅថ្ងៃ២កើត ខែមាឃ ឬត្រូវនឹងថ្ងៃទី១១ កុម្ភៈ។

មេភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង លោក ពេជ្រ ឃិន បានឱ្យដឹងថា លោកបានប្រកាសឱ្យពលរដ្ឋត្រៀមចូលរួមក្នុងពិធីចាប់ត្រីរួចរាល់ហើយ និងរំពឹងថា មានពលរដ្ឋចូលរួមច្រើនដូចឆ្នាំមុនៗ។ ជាទូទៅ ពលរដ្ឋក្នុងភូមិបង្កោងដែលតែងចូលរួមពិធីបុណ្យនេះ សរុបជាង៣០០គ្រួសារ និងប្រមាណជាង១ពាន់នាក់។ នេះជាការបញ្ជាក់ពីលោក ពេជ្រ ឃិន។ 
 
យ៉ាងណាតាមការបញ្ជាក់ពីលោកមេភូមិ ឆ្នាំនេះស្ថានភាពទឹកក្នុងបឹងហាក់ទាបបន្ដិច គឺនៅត្រឹមចង្កេះ ខណៈដែលឆ្នាំទៅមិញជិតត្រឹមដោះ។ មេភូមិបង្កោងប្រមើលឃើញថា ត្រីអាចមិនសូវសម្បូរដូចឆ្នាំ​ទៅមិញទេ។ 
 
ជាមួយនឹងពិធីបុណ្យប្រពៃណីនេះ មេភូមិបង្កោងរំពឹងថា ក៏អាចទាញចំណាប់អារម្មណ៍​ដល់ទេសចរ​ផងដែរ។ លោក ពេជ្រ ឃិន លើកឡើងថា៖« យើងមិនដឹងថា មានទេសចរឬអ្នកចម្ងាយមកកម្សាន្ត ឬទស្សនាទេ តែរឿងយើងធ្វើជាទម្លាប់របស់យើងនៅតែធ្វើ​បើទេសចរគេមានចំណាប់អារម្មណ៍​គេចង់មកលេង មកទៅ»។
 
ក្នុងពិធីបុណ្យនេះ អ្នកភូមិចុះចាប់ត្រីព្រមគ្នានៅវេលាម៉ោងកំណត់ ដែលឆ្នាំនេះ នឹងចុះនៅម៉ោង​៦កន្លះព្រឹក ដោយ​​ប្រើឧបករណ៍នេសាទបែបប្រពៃណីដូចជា សំណាញ់ អង្រុត និងឈ្នាងជាដើម។ល។ ក្រោយចាប់ត្រីបាន ពួកគេយកមកអាំងហូបជុំគ្នាយ៉ាងសប្បាយរីករាយ ដែលភាគច្រើនអ្នកភូមិ​បានវេចឆ្នាំង វេចបាយពីផ្ទះបានជាស្រេច និងសប្បាយរីករាយជាលក្ខណៈគ្រួសារ និងសហគមន៍។ មានតែអ្នកភូមិបង្កោងប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យចុះនេសាទត្រីបាន។
 
ក្រោយចាប់ត្រីរួច អ្នកភូមិខ្លះត្រូវទុកចំណែកត្រី ដើម្បីរៀបចំស្លសម្លនំបញ្ចុក ដើម្បីត្រៀមយកទៅក្នុងពិធី ឡើងមាឃនាថ្ងៃបន្ទាប់ ដែលអ្នកភូមិបង្កោងតែងធ្វើនៅសាលាឆទាន។
 
គួរបញ្ជាក់ថា ពិធីចាប់ត្រីរួម គឺជាទំនៀមបុរាណដែលបង្ហាញពីសាមគ្គីភាព និងដើម្បីអរគុណ និងបញ្ជូនសំណែនដល់អ្នកតាម្ចាស់ស្រុក ដែលជួយឱ្យផលដំណាំស្រូវស្រែបានល្អប្រសើរនៅឆ្នាំនេះ។ ពិធីនេះក៏ដើម្បីសុំឱ្យអ្នកតាជាម្ចាស់ស្រុកភូមិ បន្តជួយគ្រងរក្សាអ្នកភូមិឱ្យមានក្ដីសុខសប្បាយនាឆ្នាំ បន្តបន្ទាប់ទៀតផងដែរ៕

Tag:
 ពាក្យគន្លឹះ៖ ពិធីឡើងមាឃអ្នកភូមិបង្កោង
  ពិធីចាប់ត្រី
  ពិធីឡើងអ្នកតា
© រក្សាសិទ្ធិដោយ thmeythmey.com