ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅថៃ នាថ្ងៃពុធនេះ
05, Feb 2024 , 10:41 am        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត ស្វាគមន៍​លោក សេដ្ឋា ថាវីស៊ីន ក្នុងដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់នាយករដ្ឋមន្ត្រីថៃរូបនេះ នៅកម្ពុជា កាលពីថ្ងៃទី​២៨ ខែកញ្ញា។ រូបថត STPM
សម្តេច ហ៊ុន ម៉ាណែត ស្វាគមន៍​លោក សេដ្ឋា ថាវីស៊ីន ក្នុងដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់នាយករដ្ឋមន្ត្រីថៃរូបនេះ នៅកម្ពុជា កាលពីថ្ងៃទី​២៨ ខែកញ្ញា។ រូបថត STPM
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នាថ្ងៃទី៧ ខែកុម្ភៈ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។



តបតាមការអញ្ជើញរបស់សមភាគីថៃ លោក សេដ្ឋា ថាវីស៊ីន ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ជាការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។

ក្នុងអំឡុងនៃដំណើរទស្សនកិច្ច សម្តេច ហ៊ុន ម៉ាណែត នឹងចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រថៃ ព្រះបាទ មហា រ៉ាជីរ៉ាឡុងកន ព្រះរ៉ាជីវ៉ាក់ភ្លៅចៅយូហួរ នៅព្រះបរមរាជវាំង។ សម្តេច ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិថៃ រួមមាន លោក ផនភេត វីឈិនឆុលឆៃ ប្រធានព្រឹទ្ធសភា និងលោក វ៉ាន់មូហាត់ណ មៈថា ប្រធានរដ្ឋសភា។

ជាមួយគ្នានេះ ក្រៅពីជំនួបពិភាក្សា សម្តេច ហ៊ុន ម៉ាណែត និងលោក សេដ្ឋា ថាវីស៊ីន នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន ហើយសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ក៏នឹងអញ្ជើញថ្លែងសុន្ទរកថាបើក ក្នុងវេទិកាធុរកិច្ចកម្ពុជា-ថៃ ផងដែរ។

កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លោក សេដ្ឋា ថាវីស៊ីន បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដែលជាប្រទេសដំបូងនៃដំណើរទស្សនកិច្ចផ្លូវការនៅក្រៅប្រទេស រីឯសម្តេច ហ៊ុន ម៉ាណែត ក៏បានទទួលមេដឹកនាំបរទេសដំបូងផងដែរ ក្នុងនាមជានាយករដ្ឋមន្ត្រី ក្រោយចូលកាន់តំណែងជាង១ខែរៀងៗខ្លួន៕





© រក្សាសិទ្ធិដោយ thmeythmey.com