កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd និង Arsenal រកបាន៣ពិន្ទុ ឯ Chelsea ពិចារណាបញ្ចប់តំណែង Pochettino
05, Feb 2024 , 10:59 am        
រូបភាព
Rasmus Højlund និង Alejandro Garnacho បង្ហាញភាពលេចធ្លោតាមរយៈការជួយ Manchester United ឈ្នះ West Ham United ៣-០ ក្នុងការប្រកួត Premier League សប្តាហ៍ទី២៣។ Arsenal បញ្ចប់ភាពមិនចាញ់១៧ប្រកួតជាប់គ្នារបស់ Liverpool។ Chelsea ស្ថិតក្នុងការពិចារណាបញ្ចប់តំណែងលោក Mauricio Pochettino ក្រោយដឹកនាំក្រុមចាញ់ Wolverhampton Wanderers ៤-២។



Højlund រកបានគ្រាប់នាំមុខឱ្យ Man Utd មុនពេល Garnacho សម្រេចបាន២គ្រាប់ម្នាក់ឯង ដើម្បីជួយក្រុមលោក Erik ten Hag រកបាន៣ពិន្ទុពី West Ham ក្នុងការប្រកួតលីគនៅថ្ងៃទី៤ ខែកុម្ភៈ។ រកបានគ្រាប់បាល់ទី៤​ នៅលីគកំពូលអង់គ្លេសរដូវកាលនេះ Højlund ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិដាណឺម៉ាកទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយរូបគេបង្ហាញសមត្ថភាពសម្រេចទីបានយ៉ាងល្អនៅពីរប្រកួតចុងក្រោយ។
 
ជួយក្រុមបិសាចក្រហមកើន៣៨ពិន្ទុ និងឡើងចំណាត់ថ្នាក់ទី៦ ជំនួស West Ham វិញ Højlund បានព្រមានទៅក្រុមគូប្រជែង ថាខ្លួនស្រេកឃ្លានស៊ុតបញ្ចូលទីបន្ថែមទៀត។
 
Arsenal បានបង្អាក់ជ័យជម្នះរបស់ Liverpool ដោយលទ្ធផល ៣-១ បន្ទាប់ពីក្រុមរហស្សនាមហង្សក្រហមមិនស្គាល់ចាញ់សោះនៅ១៦ប្រកួតចុងក្រោយ។ Bukayo Saka សម្រេចទីគ្រាប់នាំមុខឱកាំភ្លើងនៅ១៤នាទីដំបូងនៃវគ្គទី១ មុនពេលខ្សែការពារ Gabriel Magalhães ធ្វើឱ្យបាល់ចូលទីខ្លួនឯង ដើម្បី Liverpool តាមស្មើវិញនៅនាទី៤៥+៣។
 
២គ្រាប់បន្តបន្ទាប់របស់ក្រុមលោក Mikel Arteta កើតឡើងដោយការមិនយល់ចិត្តគ្នារវាងខ្សែការពារ និងអ្នកចាំទី។ គ្រាប់បាល់ទី២ដែលសម្រេចបានដោយ Gabriel Martinelli កើតឡើងដោយសារ Virgil van Dijk និងអ្នកចាំទី Alisson និងគ្រាប់ទី៣ ដែល Leandro Trossard ទាត់បញ្ចូលទីនៅប្រលោះតូចដោយអ្នកចាំទីប្រេស៊ីល មិនអាចសង្គ្រោះបាន។
 
តាមរយៈជ័យជម្នះនេះ បានជួយ Arsenal ឡើងទៅចំណាត់ថ្នាក់ទី២បណ្តោះអាសន្នវិញដោយរកបាន៤៩ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Liverpool ២ពិន្ទុ។
 
ដោយឡែក Chelsea ឯណោះវិញ មានបញ្ហាប្រព័ន្ធលេងយ៉ាងខ្លាំងក្រោមការដឹកនាំរបស់អ្នកចាត់ការ Mauricio Pochettino បន្ទាប់ពីចាញ់ Wolves ដល់ទៅ៤-២ ក្នុងដៃខ្លួនឯង។ ២៣ប្រកួតតោខៀវ រកបានជ័យជម្នះតែ៩លើកប៉ុណ្ណោះ ក្នុងនោះចាញ់១០ និងស្មើ៤ ស្ថិតនៅចំណាត់ថ្នាក់ទី១១ មាន៣១ពិន្ទុ។
 
អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន សារភាពថាខ្លួនពិតជាដឹកនាំ Chelsea មិនបានល្អមែន ខណៈតំណែងអ្នកចាត់ការទូទៅកំពុងរង្គោះរង្គើ។ បើតាមការផ្សាយរបស់សារព័ត៌មានជាច្រើននៅអង់គ្លេស ក្រោយ ចាញ់ Wolves នៅ Stamford Bridge នេះ Chelsea នឹងកោះហៅសមាជិកក្លិបជួយប្រជុំគ្នា ដើម្បីសម្រេចបញ្ចប់ ឬបន្តតំណែងលោក Pochettino៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com