សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
លោកត្រាំ គំរាមដាក់ពន្ធលើស ៦០ភាគរយលើទំនិញនាំចូលពីចិន
05, Feb 2024 , 7:29 pm        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ព្រមានបង្កើនសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាម៉េរិក ដែលលោកបានចាប់ផ្តើមកាលពីអាណត្តិដំបូង។ លោកបន្លុយថានឹងដាក់ពន្ធលើទំនិញចិនច្រើនជាង ៦០ភាគរយ ប្រសិនបើលោកជាប់ឆ្នោតត្រឡប់ទៅកាន់សេតវិមានឡើងវិញ។

 
« យើងត្រូវតែធ្វើវា» លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក បាននិយាយបែបនេះ ជុំវិញការយកពន្ធលើទំនិញចិននៅក្នុងកម្មវិធី Sunday Morning Futures របស់ Fox News នៅថ្ងៃទី៤ ខែកុម្ភៈ។
 
កាសែត Washington Post កាលពីចុងខែមករា បានចុះផ្សាយថា យុទ្ធនាការបោះឆ្នោតរបស់អតីតប្រធានាធិបតី ត្រាំ កំពុងពិចារណាផែនការដាក់ពន្ធ ៦០ភាគរយលើការនាំចូលទំនិញពីចិន។ ប៉ុន្តែនៅក្នុងបទសម្ភាសន៍ជាមួយ Fox News លោក ត្រាំ បានបញ្ជាក់ថា អត្រាពន្ធអាចខ្ពស់ជាងនេះ ។
 
អំឡុងពេលធ្វើជាប្រធានាធិបតី លោក ត្រាំ បានយកពន្ធ ២៥ភាគរយលើទំនិញចិនដែលមានតម្លៃ ៥០ពាន់លានដុល្លារកាលពីខែមិថុនា ឆ្នាំ២០១៨។ ទីក្រុងប៉េកាំងក៏បានដាក់ពន្ធគយជាការឆ្លើយតប ដែលបណ្តាលឱ្យមានសង្គ្រាមពាណិជ្ជកម្មដ៏តានតឹងរវាងប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេទាំងពីរ។ សង្គ្រាម​ពន្ធគយ​បាន​ធូរស្រាលបន្តិច ក្រោយ​ប្រទេស​ទាំង​ពីរ​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ក្នុង​ឆ្នាំ ២០២០។
 
ក្រៅពីចិន លោក​ ត្រាំ ក៏គ្រោងនឹងដាក់ពន្ធ ១០ភាគរយលើការនាំចូលទាំងអស់ទៅកាន់អាម៉េរិក ទោះបីជាមានការរិះគន់ថាវាអាចប៉ះពាល់ដល់អ្នកប្រើប្រាស់អាម៉េរិកក៏ដោយ។
 
អតីតឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley ដែលជាគូប្រជែងតែមួយគត់របស់ លោក ត្រាំ ក្នុងបក្សសាធារណរដ្ឋបានរិះគន់សំណើពន្ធនេះ។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ CNBC នៅខែមករា លោកស្រី Haley បានយល់ឃើញថា ៖ «អ្វីដែលលោក ត្រាំ គ្រោងនឹងធ្វើ អាចបង្កើនការចំណាយរបស់ប្រជាជនអាម៉េរិកចំនួន ២៦០០ដុល្លារក្នុងមួយឆ្នាំ»។
 
យោងតាមវេទិកា The American Action សង្រ្គាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិនបានធ្វើឱ្យជនជាតិអាម៉េរិកខាតប្រាក់ប្រហែល ១៩៥ពាន់លានដុល្លារចាប់តាំងពីឆ្នាំ២០១៨។ ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-ចិនបានបង្ហាញថា អាម៉េរិកបានបាត់បង់ការងារចំនួន ២៤៥ពាន់កន្លែងដោយសារសង្គ្រាមពាណិជ្ជកម្ម។
 
គួរបញ្ជាក់ថា លោក ត្រាំ កំពុងនាំមុខការប្រជែងជ្រើសបេក្ខជនប្រធានាធិបតីរបស់បក្សសាធារណនៅរដ្ឋ Iowa និង New Hampshire ។ លោក ត្រាំ ទំនងជានឹងក្លាយជាគូប្រជែងជាមួយលោកប្រធានាធិបតី ចូ បៃឌិនក្នុងការដំណ្តើមកៅអីប្រធានាធិបតីនៅសេតវិមាន។ ការស្ទង់មតិដែលចេញផ្សាយដោយ Reuters នៅថ្ងៃទី ២៥ ខែមករាបានបង្ហាញថាលោក ត្រាំ ទទួលបានអត្រាគាំទ្រ ៤០ភាគរយខ្ពស់ជាងលោក បៃឌិន ៦ភាគរយនៅក្នុងការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២៤៕

Tag:
 ដូណាល់ ត្រាំ
  ចិន ​
  ពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com