ជាតិ
ដើ​មអង្គាសីលងាយដាំ​​ហើយអាចលក់បានថ្លៃ ជាងការចូលព្រៃកាប់មែកទុកលក់
06, Feb 2024 , 7:59 am        
រូបភាព
សៀមរាប៖ ថ្ងៃចូលឆ្នាំចិនជិតមកដល់ ពលរដ្ឋកំពុងមមាញឹកថែសួនដើមអង្គាសីល ដែលខ្លួនបានដាំទុកសម្រាប់លក់ ដោយរំពឹងថានឹងបានតម្លៃខ្ពស់។ ដោយឡែកពលរដ្ឋខ្លះទៀត ក៏បានទៅស្វែងរកកាប់មែកអង្គាសីល​យកមកត្រាំទឹក ដើម្បីឱ្យចេញផ្កា ទាន់លក់ពេលចូលឆ្នាំចិននេះ។

 

លោកស្រី​ ភួង ថី ជាពលរដ្ឋរស់នៅក្នុងភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប បានចាប់ផ្តើមដាំដើមអង្គាសីលជាច្រើនឆ្នាំមកហើយ។ នៅជុំវិញផ្ទះលោកស្រីសុទ្ធសឹងដើមអង្គាសីល។ ដើមខ្លះរីកចេញផ្កាពណ៌លឿងយ៉ាងស្រស់ស្អាត ខ្លះទៀតទើបតែក្រពុំអមដោយស្លឹកខៀវខ្ចី ​ហាក់បីដូចជារង់ចាំថ្ងៃ​ចូលឆ្នាំចិនមកដល់ ​ដើម្បីរីកបង្ហាញសម្រស់របស់ខ្លួន។ 
 
មុនថ្ងៃចូលឆ្នាំចិន អតិថិជនតែងមកទិញដើមអង្គាសីលដល់ផ្ទះលោកស្រី ភួង ថី ផ្ទាល់​ ដើម្បីយកទៅលក់បន្ត។ ពួកគេអាចទិញដោយគាស់យកទាំងគុម្ព ឬកាប់យកតែមែកក៏បានតាមតែតម្រូវការ។ ក្នុង១គុម្ព អាចលក់បានចន្លោះពី៥០ដុល្លារទៅ១០០ដុល្លារ ទៅតាមគុម្ពតូចឬធំ និងមានចេញផ្ការីកស្គុះស្គាយ។ នេះបើតាមជាការរៀបរាប់ របស់លោកស្រី ភួង ថី។
 


លោកស្រី ថី លើកឡើងថា អង្គាសីលជារុក្ខជាតិមួយប្រភេទដែលងាយស្រួលដាំខ្លាំងណាស់។ គ្រាន់តែកាប់ ជីករណ្តៅ​ទុក រួចរកគាស់ដើមអង្គាសីលតាមវាលស្រែ ឫដុបក្បែរភូមិ មកដាក់ដាំជាការស្រេច តែត្រូវគាស់យក មកទាំងឫស និងជាប់ដី​​បានច្រើនទើបលូតលាស់ល្អ។ យ៉ាងណា សព្វថ្ងៃតាមព្រៃដុបក្បែរភូមិ មិនសម្បូរទៀតឡើយ ដោយសារការឈូសឆាយរៀបចំដីធ្វើស្រែចម្ការជាដើម។ ​​លោកស្រី ថី បន្តថា ចំពោះទឹកស្រោចស្រពវិញ ​ក៏ពុំសូវត្រូវការញឹកញាប់នោះទេ​ ហើយការមើលថែទាំដាក់ជី ឬបាញ់ថ្នាំការពារសត្វល្អិតក៏មិនចាំបាច់ដែរ។ 
 
ដោយឡែក ពលរដ្ឋដទៃទៀត គឺលោកស្រី មាន មឿយ និងប្ដី កំពុងតែមមាញឹកមើលថែដើមអង្គាសីល​ដែលខ្លួនបានកាប់មែក យកមកត្រាំទឹក១៥ថ្ងៃមកហើយ ដោយបេះស្លឹកចាស់ចេញ និងត្រូវបាញ់ទឹក៣ដងក្នុង១ថ្ងៃជាប្រចាំ ដើម្បីឱ្យលាស់ស្លឹកថ្មី និងចេញផ្កាទាន់ថ្ងៃចូលឆ្នាំចិន។ លោកស្រី ដំណាលថា គ្រួសារលោកស្រីត្រូវក្រោក​ពីម៉ោង១យប់​ ដើម្បីជិះឡានឈ្នួលក្នុងម្នាក់៣ម៉ឺនរៀល ទៅកាប់ដើមអង្គាសីលនៅខេត្តកំពង់ធំ ហើយត្រលប់មកវិញនៅម៉ោង៣រសៀល។ 
 


ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកស្រី មាន មឿយ ប្រាប់ថា រាល់ឆ្នាំមានគ្នីគ្នាប្រហែល១០នាក់ តែឆ្នាំនេះមានតែ២នាក់ប្តីប្រពន្ធ​ប៉ុណ្ណោះ ដែលចេញទៅរកកាប់ដើមអង្គាសីល​នៅតំបន់មួយក្នុងខេត្តកំពង់ធំ។ ទោះបីជាមិនស្គាល់ថា ទីតាំងណាសម្បូរឬ​មិន
សម្បូរដើមអង្គាសីលក្តី តែលោកស្រី មាន មឿយ មិនអស់សង្ឃឹមឡើយ និងបានសួរនាំអ្នកភូមិទៅនោះ ដើម្បីទៅដល់កន្លែងដើមអង្គាសីល។
 
តាមការបញ្ជាក់ពីលោកស្រី មឿយ ថាបើចង់ឱ្យដើមអង្គាសីលលាស់ស្លឹកខ្ចី និងមានចេញផ្កាល្អទាន់ថ្ងៃចូលឆ្នាំចិន ត្រូវកាប់យកមកយ៉ាងហោចណាស់ឱ្យបានមុន២០ថ្ងៃ នឹងត្រូវមើលថែឱ្យបានដិតដល់។ លោកស្រីពន្យល់បន្តថា ​ពេលយកមកដល់ត្រូវបាញ់ទឹកឱ្យសើមស្លឹក រួចត្រាំក្នុងអាងមួយយប់។ លុះព្រឹកឡើងត្រូវបេះស្លឹកចាស់ចេញ និងតម្រឹមគល់ឱ្យបានស្អាត រួចដាក់ត្រាំក្នុងធុង បន្ទាប់មកត្រូវបាញ់ទឹកជាប្រចាំ ៣ដងក្នុង១ថ្ងៃ។ 
 


លោកស្រីឱ្យដឹងដែរថា នៅពេលអង្គាសីលចាប់ផ្តើមលាស់ល្អមានផ្ការីកស្គុះស្គាយ លោកស្រីយកទៅលក់ខ្លួនឯង ដោយរៀបដាក់ធុង ចងភ្ជាប់នឹងកង់រួចជិះលក់តាមផ្លូវនិងផ្សារនានា ក្នុងក្រុងសៀមរាប។ លោកស្រីបន្ត ប្រសិនបើអង្គាសីលលាស់ល្អ មានផ្ការីក​ព្រោងព្រាត​ អាចលក់បាន​ពី៤ម៉ឺនទៅ៥ម៉ឺនរៀលក្នុង១បាច់។ ប៉ុន្តែបើអង្គាសីលមិនសូវមានចេញផ្កាច្រើន​ អាចលក់បាន៥ពាន់ទៅ១ម៉ឺនរៀល​ប៉ុណ្ណោះក្នុង១បាច់។ 
 
សូមជម្រាបដែរថា សព្វថ្ងៃនេះដើមអង្គាសីលមិនសូវសម្បូរទៀតទេ ​នៅតាមវាលស្រែ​ ឬតាមគុម្ពោតព្រៃក្នុងបរិវេណ​តំបន់ព្រៃលិចទឹកក្នុងសង្កាត់សំបួរ ឬសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយសារមានពលរដ្ឋជាច្រើននាំគ្នា​ទៅកាប់ ឬគាស់យកមកដាំនៅតាមផ្ទះរបស់ខ្លួន។ លើសពីនេះ តំបន់ដែលធ្លាប់តែសម្បូរមួយចំនួន ត្រូវបានម្ចាស់ដីឈូសឆាយដើម្បីធ្វើស្រែចម្ការជាដើម។ ការណ៍នេះ ធ្វើឱ្យអង្គាសីលនៅតំបន់កាន់​តែខ្សត់ទៅៗ​ ទើបពលរដ្ឋដែលប្រកបរបរជាអ្នកលក់ដើមអង្គាសីល នាំគ្នាទៅស្វែងរកកាប់អង្គាសីល​នៅទីឆ្ងាយៗ ដើម្បីមកលក់ពេលចូលឆ្នាំចិន៕






Tag:
 ចូលឆ្នាំចិន
© រក្សាសិទ្ធិដោយ thmeythmey.com