ជាតិ
​​​ន​យោ​បាយ​ជាតិ​
CPP បានដាក់ពាក្យប្ដឹង លោក ស៊ឹង សែនករុណា និងទារសំណង៥០ម៉ឺនដុល្លារ
05, Feb 2024 , 6:23 pm        
រូបភាព
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា (CPP) បានដាក់ពាក្យប្ដឹង លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ទៅតុលាការភ្នំពេញ នៅថ្ងៃទី៥កុម្ភៈនេះ។ នេះបើតាមពាក្យបណ្ដឹងរបស់ CPP។

 
ពាក្យបណ្ដឹងនេះ ធ្វើឡើងក្រោយពីសម្ដេច ហ៊ុន​ សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើឱ្យក្រុមមេធាវីសិក្សាផ្លូវច្បាប់ លើមតិលោក ករុណា បានផ្ដល់បទសម្ភាសជាមួយនឹង ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែលចុះផ្សាយថ្ងៃទី២ កុម្ភៈ។ 
 
ក្នុងពាក្យបណ្ដឹង CPP បានសង្កត់ធ្ងន់ថា ការបញ្ចេញមតិរបស់លោក ករុណ មានចេតនាបំភ្លៃការពិត ។ ពាក្យបណ្ដឹងរបស់មេធាវី CPP បានលើកយកចំណុចដែលលោក ករុណា បកស្រាយថា «…ប្រើប្រព័ន្ធតុលាការមកដោះស្រាយ…» និង «…តែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងខ្លួន…»។ ពាក្យទាំងនេះហើយ ដែលមេធាវីគណបក្សកាន់អំណាច អះអាងថា ជាការញុះញង់នាំឱ្យរើសអើង និងស្អប់បក្សប្រជាជន ជាពិសេសប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលគ្រោងធ្វើឡើង នៅថ្ងៃទី២៥ កុម្ភៈ។ 
 
ករណីនេះ CPP ក៏បានទាមទារសំណងជំងឺចិត្តពី លោក ករុណា ២ ០០០ ០០០ ០០០ រៀលផងដែរ។ ចំណែក មេធាវីតំណាងឱ្យ CPP ក្នុងសំណុំរឿងនេះ មាន៣រូប គឺ ផូ សុធាផល, សាំង វណ្ណៈ និង ម៉ម ចាន់ណែត។ 
 
ទាក់ទិននឹងបណ្ដឹងនេះ សារព័ត៌មានថ្មីៗ ពុំអាចសុំការឆ្លើយតបពីលោក សឹង សែនករុណា បានឡើយ។ យ៉ាងណា នៅថ្ងៃនេះ លើគណនីហ្វេសប៊ុករបស់លោក កុរណា ក៏បានសរសេរបកស្រាយថា ដំណើរបេសកម្ម សកម្មភាព និងការផ្តល់បទសម្ភាសន៍របស់លោក គឺមានបំណងពង្រឹងការគោរពសិទ្ធិមនុស្ស ច្បាប់យុត្តិធម៌សង្គមនិងប្រជាធិបតេយ្យ ហើយមិនបម្រើបក្សនយោបាយណាមួយនោះទេ។
 
លោកបានសង្កត់ធ្ងន់បែបនេះ៖ «ហើយ(ខ្ញុំ) ក៏គ្មានចេតនាណាមួយ វាយប្រហារបក្សនយោបាយណាមួយឡើយ ។ រាល់ការសម្រង់សម្តីរបស់ខ្ញុំ ទៅបន្ថែមបន្ថយបញ្ចេញបញ្ចូលវាយប្រហារចំៗលើឈ្មោះបក្សនយោបាយណាមួយនោះ វាមិនមែនជាចេតនា និងគោលបំណងរបស់ខ្ញុំនោះទេ ដូច្នេះខ្ញុំមិនទទួលស្គាល់
ឡើយ»៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com