ជាតិ
សិល្បះ
តាំង​បង្ហាញ​ហូល ផាមួង អាវប៉ាក់របស់អ្នក​​ព្រៃកប្បាសដែលរក្សាទុក​នៅមុន និងក្នុង​សម័យ​ខ្មែរក្រហម
06, Feb 2024 , 9:29 am        
រូបភាព
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នឹងរៀបចំពិព័រណ៍ ហូល ផាមួងខ្មែរចាស់ៗ អាយុកាលពី៤០-៦០ឆ្នាំ ដែលជាស្នាដៃរបស់អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ រយៈពេល៦ ខែ។ ពិព័រណ៍នេះ នឹងចាប់ផ្តើមពីថ្ងៃទី៩ ខែកុម្ភៈនេះតទៅ។ នេះបើតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា។

 
លោក សែន គឹមស៊ុន នាយករងស្ដីទីនៃសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី នៃអាជ្ញាធរ ជាតិអប្សរា បានឱ្យដឹងថា ​សមុច្ច័យជាហូល ផាមួង អាវប៉ាក់ សរុប២១ នឹងត្រូវដាក់តាំង បង្ហាញក្នុងពិព័រណ៍នេះ។ «ក្រណាត់ហូល ផាមួងខ្លះមានអាយុកាលចន្លោះ ពី៤០ទៅ៦០ឆ្នាំ ដែលពលរដ្ឋបានថែទាំយ៉ាងយកចិត្តទុកដាក់ មុន និងក្នុងសម័យខ្មែរក្រហម»។ នេះបើតាម
លោក សែន គឹមស៊ុន ដែលត្រូវបានអាជ្ញាធរជាតិអប្សរាស្រង់សម្តីមកចុះផ្សាយ។ 
 


តាមលោក សែន គឹមស៊ុន សមុច្ច័យទាំងនេះ គឺបានមកពីការបរិច្ចាគរបស់ពលរដ្ឋស្រុក ព្រៃ កប្បាសខេត្តតាកែវ ដែលមានទាំងអស់ចំនួន៥១ ក្នុងនោះមានសំពត់ផាមួង អាវ និង ក្រណាត់ហូលជាដើម។ សមុច្ច័យទាំងនេះ ត្រូវបានក្រុមការងារសារមន្ទីរ ចុះបញ្ជីរៀបចំ អភិរក្ស សម្អាត និងជួសជុល មុននឹងរៀបចំឱ្យមានពិព័រណ៍នាពេលនេះ។ «នេះជាដំណាក់ កាលទី១ នៃការរៀបចំពិព័រណ៍ដែលសារមន្ទីរបានរើសសមុច្ច័យចំនួន២១ ក្នុងចំណោម៥១ ហើយនឹងមានការបង្ហាញនៅដំណាក់កាលក្រោយៗទៀត»។ លោក សែន គឹមស៊ុន បញ្ជាក់ដូច្នេះ មុននឹងបន្តអំពាវនាវឱ្យសាធារណជន ចូលទស្សនាក្នុងពិព័រណ៍ដ៏សំខាន់នេះ ដើម្បីផ្តល់តម្លៃ និងស្វែងយល់ពីសិល្បៈហូល ផាមួងរបស់អ្នកស្រុកព្រៃកប្បាស ខេត្ត​តាកែវ។ 
 
សូមជម្រាបថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ស្ថិតនៅភូមិបឹងដូនប៉ា តាមបណ្តោយ ផ្លូវ៦០ម៉ែត្រ សង្កាត់ស្លក្រាម ក្រុងសៀមរាប៕
 
(ប្រភពរូបភាពទាំងអស់​៖ ទំព័រហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា)







Tag:
 ហូល
  ផាមួង
  តម្បាញ
  ប្រពៃណី
  សិល្បៈ
  សារមន្ទីរ
© រក្សាសិទ្ធិដោយ thmeythmey.com