ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពេលជិះម៉ូតូ ពេល​ឈប់​ស្តុបម្តងៗ ខ្ញុំ​បារម្ភ ខ្ញុំភ័យ ខ្ញុំបាក់ស្បាត ខ្ញុំមាន​បញ្ហា​ផ្លូវ​ចិត្តទេដឹង?
06, Feb 2024 , 4:00 pm        
រូបភាព
«ពេលជិះម៉ូតូ ​ពេលឈប់ភ្លើងស្ដុបភ័យណាស់», «ទាល់តែប្រយ័ត្នជាងមុនហើយបានកើត», «ជិះម៉ូតូរាល់ថ្ងៃមានអារម្មណ៍ភ័យច្រើន»។ កង្វល់ ក្តីបារម្ភ ភាព​មិន​ស្រណុក​ស្រួល​ក្នុង​ចិត្ត​ទាំងនេះ បាន​កើ​តឡើង​ចំពោះ​ពលរដ្ឋមួយចំនួន ជាពិសេស​អ្នក​ធ្វើ​ដំណើរ​តាមទោចក្រ​យានយន្ត​ក្នុង​រាជធានីភ្នំពេញ។



​គ្រោះថ្នាក់ចរាចរណ៍ នៅ​តែ​ជាប្រធានបទដែល​មិន​ទាន់មាន​សេចក្តី​សន្និដ្ឋានបញ្ចប់។ ការ​ពិភាក្សាវែកញែក​កាន់​តែផុស​ផុល និងក្តៅគគុក បន្ទាប់​ពី​មាន​ករណី​រន្ធត់​កើត​ឡើង​ជាប់​ៗគ្នា​ជា​បន្ត​បន្ទាប់នៅ​ក្នុង​រាជធានី។ គ្រោះថ្នាក់​ចរាចរណ៍​ដែល​ឆក់​យកជីវិត​មនុស្ស​ បង្ក​ជាការភ័យខ្លាចមួយដល់អ្នក​ធ្វើ​ដំណើរទាំងពេល​កំពុង​បើក​បរ ឈប់​តាម​ផ្លូវ រួមទាំងពេល​កំពុង​រង់ចាំភ្លើង​បញ្ជា​ចរាចរណ៍។
 
តើ​​ការ​ភ័យ​ព្រួយបារម្ភពីសុវត្ថិភាពរាល់ថ្ងៃបង្កឱ្យ​ទៅជាមានបញ្ហាផ្លូវចិត្តដែរទេ?
 
ការភ័យ​ខ្លាចពីគ្រោះថ្នាក់​ចរាចរណ៍ ពិតជា​អាច​បណ្តាល​ឱ្យ​មាន​បញ្ហាផ្លូវចិត្ត ហើយ​ក៏ជា​ការព្រួយបារម្ភដ៏ធំមួយ​ក្នុង​សង្គម​កម្ពុជា។ នេះ​បើតាម​ការឆ្លើយ​បញ្ជាក់​​របស់​ លោក ហឿ សេ​ធុល ប្រធាន​សមាគមអ្នក​ប្រឹក្សាយោបល់ និងអ្នក​ចិត្ត​សាស្ត្រនៅ​កម្ពុជា (CACP)។ លោក​ពន្យល់​ថា សុខភាព​ផ្លូវចិត្តទទួលរងឥទ្ធិពល​ពី​កត្តា​ជាច្រើន​ដូចជា​ខ្លួនឯង បរិស្ថាន លក្ខខណ្ឌ​ធម្មជាតិ លក្ខខណ្ឌ​សេដ្ឋកិច្ច និង​វិបត្តិ​គ្រួសារ​  ដែលបញ្ហាផ្លូវចិត្តនេះត្រូវពិនិត្យមើលលើសពី​ទស្សនៈ​ផ្លូវចិត្តតែមួយមុខ។
 
ទីប្រឹក្សា​សុខភាព​ផ្លូវ​ចិត្ត​រូបនេះ បាន​លើកឡើងថា៖ « ពេលយើងនិយាយដល់សុខសន្តិភាពផ្លូវចិត្ត យើងក៏និយាយដល់សុខសន្តិភាពផ្នែកសង្គមផងដែរ។ បើយើងរស់នៅក្នុងសង្គមមួយដែលយើងព្រួយបារម្ភពីសុវត្ថិភាពរបស់យើង ពោល​គឺ​ផ្ដោតឱ្យចំសុវត្ថិភាពផ្នែកចរាចរណ៍របស់យើង ចង់មិនចង់ វាតែងតែមានផលប៉ះពាល់ផ្នែកផ្លូវចិត្តរបស់យើង។ យើងនឹងបាត់បង់ទំនុកចិត្ត ព្រោះយើងដឹងថា ​ភាពធូរលុងនៃការគ្រប់គ្រងមួយចំនួនធ្វើឱ្យបញ្ហាទាំងអស់ហ្នឹងកើតឡើង ដូចជាភាពធូររលុងនៃការត្រួតពិនិត្យការបើកបរដោយឥទ្ធិពលគ្រឿងស្រវឹងជាដើម»។
 


«ខ្ញុំគិតថា ខ្ញុំមានការបាក់ស្បាត»
 
កញ្ញា ឃីម ឈីងអ៊ឺ ជាអ្នករស់នៅក្រុងភ្នំពេញម្នាក់ ដែលត្រូវជិះម៉ូតូទៅកន្លែងធ្វើការជារៀងរាល់ថ្ងៃ​។ កញ្ញាធ្លាប់ត្រូវបានរ៉ឺម៉កបុកពីក្រោយ ខណៈកំពុងឈប់រង់ចាំស្តុបក្រហម។ ពេលនោះដែរ កញ្ញាបាត់បង់ស្មារតីមួយសន្ទុះធំ ហើយ​ក្រោយមកក៏​មាន​អារម្មណ៍​ថា ព្រលឹង​ហាក់ដូចជា​ចេញពីខ្លួន​ទៅហើយ។
 
ជាសំណាងល្អ កញ្ញាពុំមានរបួសរាងកាយធ្ងន់ធ្ងរទេ តែបន្ទាប់ពីហេតុការណ៍នេះ រូបនាងមិនហ៊ានបើកបរម៉ូតូរយៈពីរសប្តាហ៍ និងបានធ្វើឱ្យរូបនាងចងចាំមិនភ្លេច ដែលពេលខ្លះធ្វើឱ្យរូបនាងមានការតានតឹងជាខ្លាំងពេលបើកបរម៉ូតូម្ដងៗ។
 
«ខ្ញុំពិតជាចូលរួមសោកស្ដាយចំពោះក្រុមគ្រួសារជនរងគ្រោះ។ គ្រោះថ្នាក់ចរាចរណ៍ថ្មីៗនេះ ធ្វើឱ្យខ្ញុំនឹកឃើញពីគ្រោះថ្នាក់ដែលបានចួបផ្ទាល់។ ខ្ញុំគិតថា ខ្ញុំដូចជាមានការបាក់ស្បាត»។ នេះជាការលើកឡើងរបស់ កញ្ញា ឈីងអ៊ឺ អំពី​ស្រមោល​នៃគ្រោះថ្នាក់​ដែល​តែងតែ​ដិត​ក្នុងអារម្មណ៍​របស់ខ្លួន​។
 
មិន​ខុសគ្នានោះឡើយ កញ្ញា ឆេង សុផានីត ក៏មានការព្រួយបារម្ភពីសុវត្ថិភាព​ផងដែរ។ ទោះបីនិស្សិតរូបនេះ មានរថយន្តផ្ទាល់ខ្លួនក៏ដោយ ប៉ុន្តែកញ្ញាបានប្រាប់ថា រូបនាងមានការភ័យខ្លាចពេលបើកបរម្ដងៗ ជាពិសេសគឺពេលយប់ព្រលប់ ព្រោះខ្លាចខ្លួនបង្កគ្រោះថ្នាក់ដោយចៃដន្យ ឬមានរថយន្ត ឬម៉ូតូផ្សេងៗបង្កគ្រោះថ្នាក់ដល់រូបនាង។
 
«ឡានខ្លះបើកមិនគោរពភ្លើងស្តុបទេ ហើយអ្នកជិះម៉ូតូខ្លះបើកបរមិនគោរពអ្នកដទៃសោះ។ ពិបាកណាស់ ខ្ញុំត្រូវធ្វើដំណើររាល់ថ្ងៃ អ៊ឺចឹងខ្ញុំត្រូវតែប្រយ័ត្នជាងមុនហើយ»។ កញ្ញា សុផានីត បានលើកឡើងដោយបន្ថែមថា រូបនាងចង់ឃើញអ្នកបើកបរគ្រប់រូបមានទំនួលខុសត្រូវ ជាពិសេសមិនត្រូវបើកបរពេលខ្លួនស្រវឹងនោះទេ។
 
ការភ័យ​ខ្លាចពាក់ព័ន្ធ​នឹងគ្រោះថ្នាក់​រថយន្ត (Car Crash OCD) បាន​ក្លាយ​ជាជំងឺ​ផ្លូវ​ចិត្ត (អូស៊ីឌី) ម្យ៉ាង ដែល​បារម្ភ​ចំពោះ​ការ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដូចជា ការបើកបរមិនប្រុងប្រយ័ត្ន ការផ្លាស់ប្តូរគន្លងមិនត្រឹមត្រូវ និងការបង្ករបួសដល់អ្នកដទៃជាដើម។ ដោយសារមនុស្សគ្រប់រូបត្រូវការធ្វើដំណើរដើម្បីប្រកបរបរជីវភាពប្រចាំថ្ងៃ ការភ័យខ្លាចទៅលើគ្រោះថ្នាក់ចរាចរណ៍អាចមានសភាពធ្ងន់ធ្ងរលើផ្លូវចិត្ត ហើយបុគ្គលដែលធ្លាប់ចួបបទពិសោធន៍នេះអាចមានការឈឺចាប់ផ្លូវចិត្តខ្លាំង។
 
លោក ហឿ សេ​ធុល បានពន្យល់ថា មិនថាបុគ្គលណាម្នាក់មានភាពធន់ខ្លាំងយ៉ាងណានោះទេ ប្រសិនបើបញ្ហានៅតែបន្តកើតមានឡើងដដែលៗ វាអាចមានផលវិបាកធ្ងន់ធ្ងរទៅថ្ងៃអនាគតដោយមិនដឹងខ្លួន។ លោកពន្យល់ថា៖ «ឧទាហរណ៍ថ្ងៃនេះលឺហេតុការណ៍ហ្នឹង មួយពីរអាទិត្យក្រោយលឺហេតុការណ៍បែបហ្នឹងទៀត ខ្ញុំអាចព្រួយបារម្ភតិចតួច តែបើអាទិត្យក្រោយៗ លឺទៀតហើយ ខែក្រោយក្រោយ​លឺទៀត កម្រិតនៃផលប៉ះពាល់របស់យើងនឹងកើនឡើង»។
 
យោងទៅតាម អង្គការចិត្តសង្គម អន្តរវប្បធម៌កម្ពុជា (TPO Cambodia) កម្ពុជាជាប្រទេសមួយដែលប្រឈមខ្ពស់នឹងបញ្ហាសុខភាពផ្លូវចិត្ត ដែលមានប្រជាជន ៤០ភាគរយចួបប្រទះបញ្ហាផ្លូវចិត្ត។ លោក សេធុល ប៉ាន់ប្រមាណថា ប្រជាជនកម្ពុជាប្រហែលពីរលាននាក់ទទួលរងការប៉ះទង្គិចផ្លូវចិត្ត និងជំងឺផ្លូវចិត្តក្រោមទម្រង់ផ្សេងៗ។
 


សាច់ញាតិជនរងគ្រោះប្រឈម​ជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្ត (PTSD)
 
កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា មន្ត្រីមួយរូប បានបើកបរក្នុងស្ថានភាពស្រវឹង ហើយ​បានបុករះម៉ូតូ និងរថយន្តដែល​កំពុង​រង់ចាំ​នៅ​ភ្លើងបញ្ជា​ចរាចរណ៍​នៅ​​​ចំណុច​ស្តុ​បស្ពាន​ឫស្សីកែវ ដែលបណ្ដាលឱ្យមនុស្ស៤នាក់បានស្លាប់។ កាមេរ៉ា  CCTV បានបង្ហាញរថយន្តម៉ាក Ford Ranger បើកបរក្នុងល្បឿនលឿនហួសហេតុ ហើយបានទៅបុកម៉ូតូជាច្រើនគ្រឿង។
 
ង៉ែត ស្រីម៉ៅ គឺ​ជា​ជន​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​៤នាក់ ដែល​បានទទួល​មរណភាពភ្លាមៗក្នុងគ្រោះចរាចរណ៍នោះ។ មានកំណើតនៅខេត្ត​ពោធិ៍សាត់ ស្រីម៉ៅ ជានិស្សិ​តឆ្នាំទី​៣មួយរូបដែល​បន្តការសិក្សា​នៅ​រាជធានីភ្នំពេញ។ ការចាកចេញរបស់ស្រីម៉ៅ ជាការបាត់បង់ដ៏ធំមួយសម្រាប់គ្រួសារក្រីក្ររបស់នាង ដែលមានសមាជិកត្រឹមតែ៣នាក់តែប៉ុណ្ណោះ គឺម្ដាយ ស្រីម៉ៅ និងបងស្រី។
 
អំឡុងពេលបុណ្យសព ម្តាយរបស់ស្រីម៉ៅធ្វើចិត្តមិនទាន់បាននោះទេ គាត់អង្គុយឱបតែរូបថតកូនស្រីពៅ។  «ស្តាយប្អូនព្រោះប្អូនរៀនពូកែ នឹកឃើញថាមានគ្នាតែ៣នាក់ ឥឡូវត្រូវចាកចោលបង និងម្តាយ។ ខ្ញុំមិនរំពឹងអ្វីពីប្អូន ក្រៅពីចង់ឃើញគាត់មានអនាគតល្អ អាចឱ្យគ្រួសារ មានពន្លឺត្រចះត្រចង់នោះទេ»។​ អ្នកស្រី ង៉ែត ស្រីរ័ត្ន ដែលត្រូវជាបងស្រីបានលើកឡើងទាំងសំឡេងអួល​ដើម​ក។
 
បើ​តាមលោក សេធុល គ្រួសារជនរងគ្រោះប្រឈម​ចួបប្រទះនឹងជំងឺ PSDT ប៉ុន្តែកម្រិតណាអាស្រ័យលើកម្រិតនៃភាពធន់របស់បុគ្គលម្នាក់ៗ។ មានបទពិសោធន៍ជាច្រើនឆ្នាំព្យាបាលអ្នកជំងឺ លោក សេធុល និយាយថា អ្នកជំងឺម្នាក់ៗប្រឈមបញ្ហាផ្លូវចិត្តជាច្រើនឆ្នាំ។ ទោះបីជាពួកគេត្រូវបានជួយតាមរយៈការព្យាបាលក៏ដោយ វាត្រូវចំណាយពេលជាច្រើនឆ្នាំដើម្បីឱ្យ​ជាសះស្បើយពេញលេញ។ លោក​បន្ថែមថា៖ «បើយើងមិនផ្ដល់ការគាំទ្រ និងការប្រឹក្សាផ្លូវចិត្តជូនគាត់ទេ ស្នាមរបួសហ្នឹងនឹងដល់ជាប់ក្នុងចិត្តរបស់គាត់អស់មួយជិវិត។ យើងមិនហ៊ាននិយាយថា ធំប៉ុណ្ណា តូចប៉ុណ្ណា​នោះទេ តែវាមាន»។
 
PTSD គឺជាជំងឺផ្លូវចិត្តម្យ៉ាងដែលប៉ះពាល់ដល់សុខុមាលភាពផ្លូវចិត្ត ផ្លូវកាយ សង្គម និងខាងវិញ្ញាណ ដែលជារឿយៗបណ្តាលមកពីបទពិសោធន៍នៃការចួបប្រទះព្រឹត្តិការណ៍ដ៏តក់ស្លុត ដូចជាគ្រោះមហន្តរាយធម្មជាតិ គ្រោះថ្នាក់ និងអំពើហឹង្សាជាដើម។ ជំងឺថប់បារម្ភ និង PTSD គឺជាជំងឺផ្លូវចិត្តទូទៅដែលកើតមាននៅកម្ពុជា​ ដែលប្រជាជនចំនួន ៥៣,៤ ភាគរយរងផលប៉ះពាល់ពីជំងឺទាំងនេះ នេះបើតាមការសិក្សារបស់ World Psychiatric Association​ នៅឆ្នាំ២០១៥។
 
ការបាត់បង់ទំនុកចិត្ត
 
លោក សេធុល បាននិយាយថា ការមានភាពស្រ្តេសជារឿយ និងញឹកញាប់អាចនាំឱ្យមានការថយចុះសមត្ថភាពក្នុងការដោះស្រាយភាពតានតឹង ការបាត់បង់ទំនុកចិត្តលើអាជ្ញាធរក៏ដូចជាការដាក់ពិន័យលើជនប្រព្រឹត្តកំហុស ដែលសកម្មភាពនេះជាការលើកទឹកចិត្តដល់ការធ្វើសកម្មភាពស្រដៀងគ្នាដោយគ្មានការទទួលខុសត្រូវ។
 
លោកមានប្រសាសន៍ថា៖ «ពេលយើងបាត់បង់ទំនុកចិត្តលើការគ្រប់គ្រងសង្គម យើងបាត់បង់ទំនុកចិត្តលើអជ្ញាធរ បាត់បង់ទំនុកចិត្តទៅលើប្រព័ន្ធច្បាប់ សុទ្ធតែជាបញ្ហាមួយដែលធ្វើឱ្យសង្គមបាត់បង់សន្តិភាពផ្នែកផ្លូវចិត្ត។ តែ យើងនឹងចាប់ផ្ដើមមានអារម្មណ៍កក់ក្ដៅ ពេលយើងមើលឃើញថា ច្បាប់ចរាចរណ៍ត្រូវបានរឹតបន្តឹង ហើយការគាំពារសង្គម យុត្តិធម៌ត្រូវបានផ្ដល់ជូន យើងចាប់ផ្ដើម​មានអារម្មណ៍កក់ក្ដៅវិញ»។
បើតាមលោក សេធុល ការដោះស្រាយរបួសផ្លូវចិត្ត គឺមានសារសំខាន់សម្រាប់យុត្តិធម៌សង្គម ដែលទាមទារឱ្យមានការទទួលខុសត្រូវផ្លូវច្បាប់ចំពោះជនល្មើស ការគាំទ្រជីវភាព និងការព្យាបាលផ្លូវចិត្តដល់ជនរងគ្រោះ ដើម្បីដោះស្រាយភាពអយុត្តិធម៌ និងធានាឱ្យបាននូវយុត្តិធម៌ក្នុងសង្គម។
 
«ការផ្សះផ្សារបួសផ្លូវចិត្តទាក់ទងនឹង​យុត្តិធម៌សង្គម យើងមិនអាចឱ្យគេមកសងជីវិតមនុស្សជាទីស្រលាញ់របស់យើងបានទេ តែយ៉ាងហោចណាស់យើងចង់ឃើញយុត្តិធម៌មួយក្នុងសង្គម។» នេះជាការលើកឡើងរបស់លោក សេធុល៕

© រក្សាសិទ្ធិដោយ thmeythmey.com