កីឡាអន្តរជាតិ
អន្តរជាតិ
Madame Pang ចុះចេញពីតំណែងអ្នកចាត់ការជម្រើសជាតិថៃ ដើម្បីប្រជែងប្រធាន FAT
06, Feb 2024 , 6:59 pm        
រូបភាព
អ្នកស្រី Nualphan Lamsam លាលែងពីតំណែងអ្នកចាត់ការទូទៅក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃ ដើម្បីផ្តោតលើយុទ្ធនាការប្រជែងតំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT)។



បើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ Madame Pang បានលាលែងពីតំណែងនៅថ្ងៃទី៤ ខែកុម្ភៈ បន្ទាប់ពីក្រុមជម្រើសជាតិថៃធ្លាក់ចេញពីពានរង្វាន់ Asian Cup ឆ្នាំ ២០២៣ វគ្គ១៦ក្រុមចុងក្រោយ​ ក្រោយចាញ់អ៊ូសបេគីស្ថាន ២-១។
 
ចាកចេញពីតំណែងអ្នកចាត់ការទូទៅក្រុមដំរីសង្គ្រាម ក្រោយដឹកនាំរយៈ២ឆ្នាំកន្លះដោយចំណាយប្រាក់ផ្ទាល់ខ្លួនជិត២លានដុល្លារ ប៉ុន្តែមហាសេដ្ឋីនីជនជាតិថៃរូបនេះមិនទៅណាឆ្ងាយពីវិស័យបាល់ទាត់ឡើយ។ Madame Pang នឹងឈរឈ្មោះបោះឆ្នោតប្រជែងតំណែងប្រធាន FAT។ 
 
Madame Pang វ័យ៥៧ឆ្នាំ ស្ថិតក្នុងចំណោមបេក្ខភាពប្រជែងធ្វើប្រធាន FAT ក្នុងការបោះឆ្នោតនៅថ្ងៃទី៨ ខែកុម្ភៈនេះ ក្រោយអាណត្តិរបស់លោក Somyot Pumphanmuang បានបញ្ចប់។
 
បើតាមការស្ទង់មតិតាមអ៊ីនធឺណិត បង្ហាញថាស្ត្រីដែលមានក្តីស្រឡាញ់វិស័យកីឡាបាល់ទាត់រូបនេះ កំពុងនាំមុខគូប្រជែង រួមមានអ្នកស្រី Pauline Ngampring ដែលអ្នកនយោបាយថៃ រួមជាមួយអតីតអ្នកនាំពាក្យរបស់ Thai League លោក Warong Witthaya។
 
នាំមុខតាមរយៈការស្តង់មតិ ដោយសារ អ្នកស្រី Nuanphan Lamsam បានបង្ហាញគោលនយោបាយរបស់ខ្លួនរួចហើយ ក្នុងប្រសិនអ្នកស្រីបានតំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ នឹងកៀរគររកប្រាក់តាមរយៈការលក់សិទ្ធិផ្សាយ ដើម្បីជួយក្រុមក្នុងលីគបាល់ទាត់ថៃ ឱ្យកាន់តែប្រសើរឡើង។ មហាសេដ្ឋីនីរូបនេះ ក៏បង្ហាញមហិច្ឆតា នាំក្រុមបាល់ទាត់ក្នុងស្រុកថៃ ជាប់ក្នុងលំដាប់កំពូលទាំង១៥ នៅតំបន់អាស៊ីផងដែរ៕
 

Tag:
 Madame Pang
© រក្សាសិទ្ធិដោយ thmeythmey.com