ជាតិ
ស្នងពីជីតា និងចិត្តស្រលាញ់ពីតូច ជំរុញឱ្យលោក ដេវីត បង្កើតក្រុមម៉ុងសាយតាមក្តីស្រមៃ
06, Feb 2024 , 7:39 pm        
រូបភាព
លោក ហេង ដេវីត ប្រធានក្រុមម៉ុងសាយ វ័ង ជីង ស៊ីង ក្រុងតាខ្មៅ បានបង្កើតក្រុមម៉ុងសាយ សម្រាប់សម្តែងក្នុងឱកាសចូលឆ្នាំប្រពៃណីចិន ។ ក្រុមម៉ុងសាយលោក បង្កើតបាន៣ឆ្នាំហើយ ។




មានបទពិសោធន៍នៅក្នុងការសម្តែងម៉ុងសាយ ជិត ២០ឆ្នាំ លោក ដេវីត បានសម្រេចង្កើតក្រុមម៉ុងសាយផ្ទាល់ខ្លួន ដោយបានចេញសម្ដែងជាបន្តបន្ទាប់ នារយៈពេល៣ឆ្នាំនេះ។ ឆ្លើយប្រាប់មកកាន់អ្នកសារព័ត៌មានថ្មីៗ លោក ដេវីត បាននិយាយដូច្នេះ៖«សម្រាប់ប្រាក់ចំណូលពីការសម្តែងមិនសូវជាកាក់កបប៉ុន្មាននោះទេ តែគ្រាន់តែជាការស្រលាញ់របស់ខ្ញុំតាំងពីតូច ហើយតំណពីដូនតាមក ព្រោះកុងខ្ញុំពីដើមក៏ជាអ្នកលោតម៉ុងសាយនៅក្នុងសមាគមមួយរូបដែរ។»។
 
ការសម្តែងម៉ុងសាយ-សត្វនាគ ត្រូវបានប្រជាជនសែស្រឡាយចិន​ ចាត់ទុកថា ជាការដេញ និងការកំចាត់នូវឧបទ្រពចង្រៃដែលមានក្នុងឆ្នាំចាស់ ឱ្យចាកចេញពីបរិវេណផ្ទះ ហាង ឬ ក្រុមហ៊ុន ដោយនាំមកនូវសេចក្តីសុខ សំណាង និងនាំលាភនាំជ័យក្នុងឱកាសចូលឆ្នាំថ្មី ទៅតាមជំនឿ។
  
លោក ហេង ដេវីត ប្រធានក្រុមម៉ុងសាយ វ័ង ជីង ស៊ីង កំពុងដំស្គរ

ពីមួយឆ្នាំទៅមួយឆ្នាំក្រុមម៉ុងសាយត្រូវការចំណាយប្រាក់យ៉ាងច្រើន សម្រាប់ជាវយកក្បាលម៉ុងសាយថ្មីៗ ដើម្បីឱ្យស្របទៅតាមតម្រូវការរបស់ភ្ញៀវ ដែលតែងតែចង់ឱ្យការសម្តែងសម្រាប់ឆ្នាំថ្មីទទួលបានលាភ សំណាង ទៅតាមភាពល្អប្រណិតនៃពណ៍របស់សត្វម៉ុងសាយថ្មីទាំងអស់នោះ។ នេះបើតាមប្រធានក្រុមម៉ុងសាយ វ័ង ជីងស៊ីង ។
 
«រឿងនេះគឺត្រូវតែបែបនឹងហើយបង ភ្ញៀវចង់បានស្អាត ខណៈយើងមិនចង់ចំណាយ ប៉ុន្តែបើចំពោះខ្ញុំគឺហ៊ានចំណាយ ដើម្បីឱ្យតែភ្ញៀវគាត់បានស្អាត ទទួលបានលាភសំណាងឆ្នាំនេះ។



សម្រាប់ក្រុមម៉ុងសាយរបស់ខ្ញុំផ្ទាល់គឺតែងតែផ្លាស់ប្តូរក្បាលថ្មីជារៀងរាល់ឆ្នាំ ហើយសម្រាប់ការថែមក្បាលម៉ុងសាយថ្មីទាំងនេះ​ ដោយក្បាល់ដែលធ្លាប់ប្រើនៅឆ្នាំចាស់គឺយើងបានដោះដូរចេញ និងតម្រូវពណ៍ទៅតាមគេតម្រូវតាមឆ្នាំ ជាក់ស្តែងឆ្នាំនេះគឺគេប្រើពណ៍ក្រហមភាគច្រើន។»។ លោក ដេវីត បានរៀបរាប់ប្រាប់មកកាន់អ្នកសារព័ត៌មានថ្មីបែបនេះ។
 
គួររំលឹកថា ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នៅថ្ងៃទី១០ ខែកុម្ភៈ ។ ប្រជាជនចិន និងពលរដ្ឋខ្មែសែស្រឡាយចិន កំពុងតែមមាញឹកក្នុងការរៀបចំទទួលឆ្នាំថ្មី តាមជំនឿពួកគេ។ ចំណែកសមាគមខ្មែរ-ចិន ដែលមានការសម្តែងម៉ុងសាយ និងក្រុមម៉ុងសាយនានា ក៏បានត្រៀមចេញសម្តែងទៅតាមការអញ្ជើញ៕






Tag:
 ចិន
  ចូលឆ្នាំចិន
  ម៉ុងសាយ
  ហេង ដេវីត
© រក្សាសិទ្ធិដោយ thmeythmey.com