កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖​ ហ្សកដានី ប្រជែង កូរ៉េខាងត្បូងម្តងទៀត ដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រ
06, Feb 2024 , 5:19 pm        
រូបភាព
ក្រុមហ្សកដានី ត្រូវប្រជែង កូរ៉េខាងត្បូងរ ក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup 2023 ក្នុងកីឡដ្ឋាន Ahmed bin Ali ថ្ងៃទី៦ ខែកុម្ភៈ នៅកាតា វេលាម៉ោង ១០យប់ [ម៉ោងនៅកម្ពុជា]។ លោក Jurgen Klinsmann គ្រូកូរ៉េខាងត្បូងថា ជំនួបទល់ហ្សកដានី នឹងក្លាយជំនួបដ៏តានតឹង ខណៈក្រុមសងខាងអាចឈានដល់វគ្គស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ដើម្បីបានកៅអីវគ្គផ្តាច់ព្រ័ត្រ។



មុនឆ្លងកាត់មកដល់វគ្គពាកកណ្តាលផ្តាច់ព្រ័ត្រ កូរ៉េខាងត្បូងបានបញ្ចប់ចំណាត់ថ្នាក់លេខ ២ ក្នុងពូល E ហើយឡើងដល់វគ្គ ១៦ក្រុម បានទម្លាក់ក្រុមអារ៉ាប៊ីសាអូឌីត និងទម្លាក់អូស្ត្រាលីនៅវគ្គ ៨ក្រុម។ ចំណែកហ្សកដានី ជាក្រុមទទួលបានចំណាត់ថ្នាក់លេខ ៣ ល្អ នៅក្នុងពូល E ជាមួយកូរ៉េខាងត្បូង អាចត្រួសត្រាយផ្លូវរហូតមកជួបគ្នាឡើងវិញ ដោយវគ្គ ១៦ក្រុម ពួកគេទម្លាក់អ៊ីរ៉ាក មុនពេលទម្លាក់តាជីគីស្ថានវគ្គ ៨ក្រុម។
 
នេះជាការប៉ះគ្នាសារជាថ្មី បន្ទាប់ពីកូរ៉ាខាងត្បូង និងហ្សកដានី ប្រជែងគ្នាវគ្គចែកពូល បញ្ចប់ត្រឹមលទ្ធផលស្មើ ២-២ កាលពីថ្ងៃទី២០ ខែមករា។ កីឡដ្ឋាន Ahmed bin Ali នឹងក្លាយជាទីកន្លែងកាត់សេចក្តីរវាងក្រុមទាំងពីរ​ ដើម្បីកំណត់ជោគវាសនាម្នាក់ដែលត្រូវឡើងវគ្គផ្តាច់ព្រ័ត្រ។ 
 
សម្រាប់ការប្រកួតប៉ះគ្នាជាថ្មីបែបនេះ លោក Klinsmann គ្រូបង្វឹកកូរ៉េខាងត្បូង ថាជាជំនួបមិនងាយស្រួលសម្រាប់កូនក្រុមលោក ខណៈប្រកួតនឹងអាចឈានដល់វគ្គស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តីថែមទៀត។
 
«ការប្រកួតនេះក្រុមសងខាងនឹងរងទុក្ខ ដើម្បីបញ្ចប់ការប្រកួតមួយនេះ វានឹងអាចត្រូវការពេល ១២០នាទី ឬក៏ស៊ុតបាល់ពិន័យ ១១ម៉ែត្រតែម្តង។ យើងត្រូវរៀបចំ ត្រៀមខ្លួនឱ្យបានល្អបំផុតសម្រាប់ប្រកួតនេះ។»។ នេះបើតាមសម្តីរបស់លោក Klinsmann និយាយមុនការប្រកួតមកដល់។
 
សម្រាប់ក្រុមកូរ៉េខាងត្បូង មុនឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឆ្លងកាត់វគ្គជម្រុះ ២លើក កន្លងមកមកតែងតែមានការប្រកួតឈានដល់វគ្គបន្ថែមម៉ោង ១៥នាទី ២ដង ដើម្បីអាចធ្វើឱ្យពួកគេរកបានជ័យជម្នះ។
 
ការឈានជើងដល់ពាកកណ្តាលផ្តាច់ព្រ័ត្រសម្រាប់ហ្សកដានី គឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ​ ខណៈកូរ៉េខាងត្បូងសម្លឹងការឡើងវគ្គផ្តាច់ព្រ័ត្រសារជាថ្មីក្រោយរង់ចាំរយៈពេល ៦៤ឆ្នាំ ក្នុងពាន AFC Asian Cup។ 
 
សម្រាប់ជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រវាងម្ចាស់ការពារតំណែងជើងឯកកាតា និងអ៊ីរ៉ង់ នឹងធ្វើនៅថ្ងៃទី៧ ខែកុម្ភៈ៕
 

Tag:
 AFC Asian Cup
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com