ជាតិ
ចូលឆ្នាំចិន! តម្រូវការសាច់ជ្រូកធ្លាក់ចុះខ្លាំង
06, Feb 2024 , 8:59 pm        
រូបភាព
ភ្នំពេញ៖ អាជីវករ និងអ្នកប្រកបរបរចិញ្ចឹមជ្រូក បានអះអាងថា ក្នុងពិធីបុណ្យចូលឆ្នាំចិននេះ តម្រូវការសាច់ជ្រូកធ្លាក់ចុះខ្លាំង។ បញ្ហានេះ បណ្ដាលមកពីវិបត្តិសេដ្ឋកិច្ច និងបំណុល ធ្វើឱ្យពលរដ្ឋ ជាពិសេសអ្នកជាប់សែស្រឡាយចិន ព្យាយាមកាត់បន្ថយចំណាយគ្រប់បែបយ៉ាង។



អ្នកស្រី ហង្ស មករា អ្នកចិញ្ចឹមជ្រូក និងលក់សាច់ជ្រូកម្នាក់ នៅភូមិពាមរាំង ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ឆ្នាំនេះ តម្រូវការជ្រូក ដែលជាគ្រឿងរណ្ដាប់សែនដ៏សំខាន់ មាននិន្នាការធ្លាក់ចុះខ្លាំង។ បញ្ហានេះ អ្នកស្រីថា មកពីវិបត្តិសេដ្ឋកិច្ច រួមផ្សំនឹងបំណុល ធ្វើឱ្យពលរដ្ឋម្នាក់ៗចាយវាយត្បិតត្បៀត ហើយព្យាយាមកាត់បន្ថយរាល់ការចំណាយរបស់ពួកគេ។
 
អ្នកស្រី ប្រាប់ដូច្នេះថា៖«ចូលឆ្នាំចិន ឆ្នាំនេះស្ងាត់ មិនសូវមានអ្នកទិញសាច់ជ្រូកទេ។ និយាយឱ្យខ្លីទៅ សព្វថ្ងៃម្នាក់ៗពិបាករកលុយ ដូច្នេះ​ហើយ ពួកគាត់ព្យាយាមកាត់បន្ថយការចាយវាយ មិនដូច២ទៅ៣ឆ្នាំមុននោះទេ»។
 
បញ្ហាសេដ្ឋកិច្ចនេះហើយ បានរុញច្រានរបររកស៊ីរបស់អ្នកស្រី ហង្ស មករា ឱ្យខាតបង់ រហូតឈានដល់ជំពាក់បំណុលធនាគារ ។ ចំណែកការនាំចូលសាច់បង្កកពីបរទេសទាញទម្លាក់តម្លៃ និងទីផ្សារ ធ្វើឱ្យអ្នកចិញ្ចឹមរូបនេះ ស្ទើរក្ស័យធន។ ចិញ្ចឹមជ្រូកជាង៥ឆ្នាំ អ្នកស្រី មិនដែលប្រឈមមុខនឹងតម្លៃជ្រូកធ្លាក់ចុះយ៉ាងគំហក់ ដូច២ឆ្នាំចុងក្រោយនេះទេ។ 
 
ដោយពិបាករកប្រាក់ចំណេញ ស្រ្តីវ័យ៤១ឆ្នាំរូបនេះ បានបង្ខំចិត្តកាប់ជ្រូកលក់ខ្លួនឯង នៅក្នុងឱកាស បុណ្យចូលឆ្នាំចិននេះ។ ការប្ដូរមកលក់ខ្លួនឯងនេះ ទទួលបានប្រាក់ចំណេញច្រើនជាងលក់ឱ្យឈ្មួញ ។ ប៉ុន្តែក្នុងមួយថ្ងៃអ្នកស្រី អាចលក់បានត្រឹមតែ១ទៅ២ក្បាលប៉ុណ្ណោះ ខណៈជ្រូកក្នុងទ្រុង នៅសល់ប្រហែល១០០ក្បាលទៀតឯណោះ។ 
 
«ខ្ញុំហត់ខ្លាំងណាស់ ពិបាករកស៊ីណាស់។ ពិបាករកស៊ីជារឿងម្យ៉ាង សំខាន់ជំពាក់លុយគេទៀត ដូច្នេះ បើយើងមិនប្រឹង គ្មានអ្នកណាចេញសងជំនួសយើងទេ។ ដល់ពេលពិបាកពេក ទើបខ្ញុំសម្រេចចិត្ត កាប់ជ្រូកលក់ខ្លួន»។ នេះជាការត្អូញត្អែររបស់អ្នកស្រី ហង្ស មករា។ 
 
លោក សួង វាស្នា ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង នៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងដែរថា ឆ្នាំនេះ ជ្រូកក្នុងកសិដ្ឋានរបស់លោកមិនសូវមានឈ្មួញទទួលទិញយកទៅខ្វៃ ឬកាប់សាច់នោះទេ។ ជាក់ស្ដែង ចូលឆ្នាំចិន ឆ្នាំមុន លោក អាចលក់កូនជ្រូកសម្រាប់ខ្វៃ បានចន្លោះពី៥០ទៅ៦០ក្បាល ។ ប៉ុន្តែឆ្នាំនេះលោកលក់បានត្រឹមតែ៤ក្បាលប៉ុណ្ណោះ។ ចំណែក ជ្រូកសាច់វិញ លោកលក់បានត្រឹមតែ២០ក្បាល ធៀបនឹងឆ្នាំមុនលក់បាន៣០០ក្បាល។ 
 
លោក វាស្នា អះអាងដូចអ្នកស្រី ហង្ស មករា ថា តម្រូវការជ្រូកធ្លាក់ចុះនៅពេលនេះ ដោយសារពលរដ្ឋពិបាករកចំណូល ដូច្នេះទើបធ្វើឱ្យពួកគេកាត់បន្ថយចំណាយ។ លោក បន្ថែមដូច្នេះថា៖«អ្នកទិញសាច់ជ្រូកឥឡូវធ្លាក់ចុះខ្លាំងណាស់ ហើយឈ្មួញវិញស្ងាត់ឈឹង វាអត់ជាគំហុកដូចបណ្ដាឆ្នាំមុនៗ។ ការធ្លាក់ចុះនេះ អាចថា មកបញ្ហាសេដ្ឋកិច្ចយើងធ្លាក់ចុះ ហើយណាមួយមនុស្សឥឡូវគាត់ ដូចជាមិនសូវចាយវាយទៅលើការហូបចុកប៉ុន្មានទេ។ នេះទំនងមកពីពួកគាត់រកលុយអត់សូវបានដែរ»។ 
 
តែយ៉ាងណាលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា​ ជឿជាក់ថា តម្រូវការសាច់ជ្រូកនឹងកើនឡើង នៅពេលចូលឆ្នាំចិនមកដល់ ប៉ុន្តែក្នុងកម្រិតតិចតួចប៉ុណ្ណោះ។ តាមការប៉ាន់ប្រមាណរបស់លោក តម្រូវការជ្រូកអាចហក់ឡើងខ្ទង់៩ពាន់ក្បាល ក្នុងមួយថ្ងៃ ធៀបនឹងឆ្នាំមុនមានរហូតដល់១៣០០០ក្បាល ក្នុងមួយថ្ងៃ។
 
កៀកថ្ងៃចូលឆ្នាំចិន តម្លៃជ្រូករស់បានកើនឡើងបន្តិច ពោលគឺកើនពី៧៣០០ ទៅ៧៥០០រៀល ក្នុងមួយគីឡូក្រាម។ យ៉ាងណាមិន តម្លៃនេះមិនអាចឱ្យកសិករចំណេញបាននោះទេ ដោយសារបច្ចុប្បន្នថ្លៃដើមផលិតខ្ពស់ រហូតដល់៩៥០០រៀល ក្នុងមួយគីឡូក្រាម។ 
 
មិនខុសពីអ្នកស្រី ហង្ស មករា នោះទេ ទាំងលោក ស្រ៊ុន ពៅ និងលោក សួង វាស្នាថា បានអះអាងថា តម្លៃ និងតម្រូវការជ្រូកថយចុះពេលនេះ បណ្ដាលមកពីវិបត្តិសេដ្ឋកិច្ច និងផលប៉ះពាល់នៃការនាំចូលសាច់បង្កក ខណៈជ្រូកក្នុងស្រុកកំពុងកកស្ទះនៅឡើយ។ 
 
លោក ស្រ៊ុន ពៅ ប្រាប់ដូច្នេះថា៖«ខ្ញុំមើលចូលឆ្នាំចិននេះ តម្រូវការជ្រូកកើនឡើងតិចតួចណាស់ មិនជាច្រើនដូចឆ្នាំមុនៗនោះទេ ដោយសារសេដ្ឋកិច្ចយើងមានផលប៉ះពាល់ សាច់បង្កកក៏នៅច្រើន ហើយការចិញ្ចឹមរបស់បងប្អូនកសិករយើងក៏នៅកកស្ទះទៀត​»៕ 

Tag:
 កសិកម្ម
  ចូលឆ្នាំចិន
  ជ្រូក
© រក្សាសិទ្ធិដោយ thmeythmey.com