ជាតិ
ម៉ុងសាយ-នាគ ត្រូវតែធ្វើពិធី «បើកភ្នែកបើកពន្លឺ» ដើម្បីនាំលាភសំណាងមុនពេល​ចេញសម្តែង
07, Feb 2024 , 7:59 am        
រូបភាព
លោក ហេង ដេវីត ប្រធានក្រុមម៉ុងសាយ វ័ង ជីង ស៊ីង ក្នុងក្រុងតាខ្មៅ បាននិយាយថា សត្វតោ ឬ ម៉ុងសាយ និងសត្វនាគ ត្រូវតែរៀបចំធ្វើពិធី «បើកភ្នែកបើកពន្លឺឆ្នាំថ្មី» មុនចេញទៅសម្តែងនៅតាមផ្ទះ ឬតាមក្រុមហ៊ុន ដើម្បីនាំ និងទទួលលាភសំណាងឆ្នាំថ្មី។



ខណៈពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម ជិតមកដល់ សមាគមក្រុមម៉ុងសាយខ្មែរ-ចិន និងក្រុមម៉ុងសាយនានា កំពុងត្រៀមលក្ខណៈយ៉ាងស្វាហាប់ ដើម្បីសម្តែងនាំលាភ នាំជ័យឆ្នាំថ្មីដល់ភ្ញៀវ ។ ការសម្តែងម៉ុងសាយ-សត្វនាគ ត្រូវបានប្រជាជនសែស្រឡាយចិន​ ចាត់ទុកថា ជាការដេញនូវឧបទ្រពចង្រៃ ដែលមានក្នុងឆ្នាំចាស់ ឱ្យស្រឡះចេញពីបរិវេណផ្ទះ ហាង ឬ ក្រុមហ៊ុន ដោយនាំមកនូវសេចក្តីសុខ សំណាង និងនាំលាភជ័យ ក្នុងឱកាសចូលឆ្នាំថ្មី ទៅតាមជំនឿ។
 
មុនចេញសម្តែង ក្រុមម៉ុងសាយនីមួយៗ តែងតែរៀបចំពិធីទៅតាមក្បួនខ្នាតពីបុរាណ ដោយត្រូវ «បើកភ្នែក» ម៉ុងសាយ សត្វតោ ឬសត្វនាគ ប្រៀបដូចជាការដាស់ឱ្យវិញ្ញាណសត្វទាំងនោះ ដើម្បីយកទៅសម្តែងនាំលាភជ័យឆ្នាំថ្មី ឱ្យមានប្រសិទ្ធិភាព។​ 

លោក ហេង ដេវីត ប្រធានក្រុមម៉ុងសាយ វ័ង ជីង ស៊ីង

ប្រធានក្រុមម៉ុងសាយ វ័ង ជីង ស៊ីង ក្រុងតាខ្មៅ ប្រាប់មកកាន់អ្នកសារព័ត៌មានថ្មីៗ ដូច្នេះ៖ «ប្រារព្ធពិធីបើកភ្នែកម៉ុងសាយឆ្នាំថ្មី ដើម្បីនាំលាភសំណាងដល់ភ្ញៀវ ដែលកម្មវិធីនេះគឺជាការតំណាងឱ្យឆ្នាំថ្មី។ ជារៀងរាល់ឆ្នាំ យើងតែងតែបានប្រារព្ធពិធីបើកភ្នែកម៉ុងសាយអ៊ីតែម្តង ទើបយើងអាចចេញសម្តែងជូនដល់ភ្ញៀវ និងដើម្បីទទួលឆ្នាំថ្មីប្រពៃណីចិន »។
 
កម្មវិធីបើកភ្នែកម៉ុងសាយ ជាត្រណមពីបុរាណសំខាន់បំផុតមួយ តម្រូវឱ្យរៀបចំឱ្យបានមុនពេលចេញសម្តែង ។ ការសម្តែងម៉ុងសាយ-នាគ ទាមទារឱ្យមានសមាជិកច្រើននៅក្នុងក្រុម ដោយមានមនុស្សចាប់ពី ២០ ទៅ ២៥នាក់ ដើម្បីអាចប្រមូលផ្តុំគ្នាសម្តែងបាន ដោយសមាជិកនីមួយៗ ត្រូវបែងចែកតួនាទីរៀងៗខ្លួន ដូចជា៖ អ្នកវាយស្គរ, អ្នកវាយឆាប(បួក), អ្នកគោះឡោ, អ្នកកាន់ក្បាលម៉ុងសាយ, អ្នកសម្តែងម៉ុងសាយឡើងបង្គោលដែក, អ្នកសម្តែងម៉ុងសាយឡើងបង្គោលដែកខ្ពស់ប្រវែង ៥ម៉ែត្រ (តំណាងដើមឬស្សី) និងអ្នកកាន់នាគ ជាដើម៕
 






Tag:
 ចិន
  ចូលឆ្នាំចិន
© រក្សាសិទ្ធិដោយ thmeythmey.com