សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុនជប៉ុនផ្តល់ប្រាក់ខែ ១០០ភាគរយដល់បុរសឈប់សម្រាកលំហែបិតុភាព
07, Feb 2024 , 8:39 am        
រូបភាព
រូបភាព ៖ The Japan Times
រូបភាព ៖ The Japan Times
ដើម្បីកាត់បន្ថយការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុ និងលើកទឹកចិត្តដល់ការសម្រាលកូន ក្រុមហ៊ុនជប៉ុនមួយចំនួនបានដាក់ចេញនូវគោលនយោបាយសម្រាប់ឪពុកដែលឈប់សម្រាកលំហែបិតុភាពដើម្បីមើលថែកូន ដោយទទួលបានប្រាក់ខែ ១០០ភាគរយ។

 
ក្រុមហ៊ុនអ៊ីអនគ្រុបនឹងផ្តល់ឱ្យប្រាក់ខែដល់បុគ្គលិក ១០០ភាគរយសម្រាប់ការឈប់សម្រាកមើលថែកុមាររហូតដល់ ១ឆ្នាំ។ គោលនយោបាយនេះរំពឹងថានឹងដាក់ឱ្យអនុវត្តនៅឆ្នាំនេះ ដោយមានគោលបំណងកាត់បន្ថយការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុ និងលើកទឹកចិត្តបុគ្គលិកបុរសឈប់សម្រាកដើម្បីមើលថែកូន។ 
 
អត្ថប្រយោជន៍នេះមិនមានការកំណត់អាយុទេ ហើយត្រូវដាក់ឲ្យអនុវត្តជាបណ្តើរៗចាប់ពីខែកុម្ភៈ ដល់ក្រុមហ៊ុនតូចៗចំនូន ១៥០ ដែលចំណុះក្រុមហ៊ុនអ៊ីអនគ្រុប។ ក្នុងឆ្នាំដំបូង ក្រុមហ៊ុនរំពឹងថាមានបុគ្គលិកប្រុសស្រីប្រហែល ២០០០នាក់នឹងឈប់សម្រាកដោយទទួលបានប្រាក់ខែពេញលេញ ដើម្បីមើលថែកូនរបស់ពួកគេ។
 
បច្ចុប្បន្ននេះ ជិត១០០ភាគរយនៃបុគ្គលិកស្រីរបស់អ៊ីអនដែលសម្រាលកូន សុទ្ធតែត្រូវបានផ្តល់ការឈប់សម្រាកលំហែមាតុភាព ប៉ុន្តែអត្រានេះសម្រាប់បុគ្គលិកប្រុសមានត្រឹមតែ ១៥ភាគរយប៉ុណ្ណោះ។ អត្ថប្រយោជន៍នៃការឈប់សម្រាកលំហែបិតុភាពនឹងផ្តល់ជូនត្រឹមតែប្រហែល ៨០ភាគរយនៃប្រាក់បៀវត្សរ៍ប៉ុណ្ណោះ ដូច្នេះបុគ្គលិកនឹងត្រូវបានផ្តល់ប្រាក់ដែលនៅសល់ចំនួន២០ភាគរយទៀតដោយក្រុមហ៊ុន បន្ទាប់ពីពួកគេចូលធ្វើការវិញ។
 
នៅ​ហាង​លក់​រាយ​របស់អ៊ីអនមានបុគ្គលិក​ជា​ច្រើន​​មិន​ហ៊ានឈប់​សម្រាក ​ដោយ​សារ​ខ្លាច​ប្រាក់​ចំណូល​ធ្លាក់​ចុះ។ ដូច្នេះហើយ ក្រុមហ៊ុនមានគម្រោងលើកទឹកចិត្តបុគ្គលិកប្រុសចូលរួមកាន់តែច្រើនក្នុងការថែទាំកុមារ តាមរយៈវិធានការផ្សេងៗ ដើម្បីកាត់បន្ថយការថប់បារម្ភនៅពេលត្រឡប់ទៅធ្វើការវិញ។
 
បន្ថែមពីលើគោលការណ៍បើកប្រាក់បៀវត្សរ៍ ១០០ភាគរយអំឡុងពេលឈប់សម្រាកលំហែមាតុភាព អ៊ីអនក៏មានគម្រោងបង្កើតប្រព័ន្ធមួយដើម្បីដោះស្រាយកង្វល់របស់បុគ្គលិកអំពីហានិភ័យនៃការប៉ះពាល់អាជីព ប្រសិនបើពួកគេត្រូវឈប់សម្រាកដើម្បីមើលថែកូន។ 
 
នៅជប៉ុន ការផ្លាស់ប្តូរទៅរកគោលនយោបាយឈប់សម្រាកពេលមានកូនមិនសូវជាប្លែកទេ សម្រាប់ក្រុមហ៊ុនអ៊ីអន។ ក្រុមហ៊ុន Suntory Holdings ក៏គ្រោងនឹងបង្កើនអត្រាបុគ្គលិកបុរសដែលឈប់សម្រាកលំហែបិតុភាពដោយផ្តល់ប្រាក់ខែ ១០០ភាគរយនៅឆ្នាំ ២០២៥ពី ៨៥ភាគរយ នៅឆ្នាំ ២០២២។
 
តាមការស្ទង់មតិដែលធ្វើឡើងដោយក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុនក្នុងខែមិថុនា ឆ្នាំ២០២៣ នៃក្រុមហ៊ុនដែលមានបុគ្គលិកជាង ១០០០នាក់បានរកឃើញថា ៤៦,២ភាគរយនៃបុគ្គលិកបុរសដែលប្រពន្ធសម្រាលកូន បានសុំច្បាប់សម្រាកដើម្បីមើលថែទាំកូន។
 
នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយអត្រាកំណើតធ្លាក់ចុះ រដ្ឋាភិបាលជប៉ុនបានចាត់វិធានការនានាដើម្បីបង្កើនអត្រាបុរសក្នុងការឈប់សម្រាកលំហែបិតុភាព ដោយមានគោលដៅបង្កើនឱ្យដល់ ៥០ភាគរយនៅឆ្នាំ ២០២៥ និង ៨៥ភាគរយនៅឆ្នាំ ២០៣០។
 
ទីភ្នាក់ងារស្រាវជ្រាវរបស់ក្រសួងសុខាភិបាលជប៉ុនបានព្យាករថា ចំនួនប្រជាជនរបស់ប្រទេសនេះនឹងថយចុះ ១៧ភាគរយចន្លោះឆ្នាំ ២០២០-២០៥០ មកត្រឹម ១០៤,៦៩ លាននាក់។ តាមវិទ្យាស្ថានជាតិស្រាវជ្រាវប្រជាជន និងសន្តិសុខសង្គម (IPSS) នៅឆ្នាំ ២០៧០ ចំនួនប្រជាជនជប៉ុននឹងថយមកត្រឹម ៨៧លាននាក់។ ចំនួនកុមារនៅជប៉ុនបានថយចុះក្នុងរយៈពេល ៤ទស្សវត្សរ៍កន្លងមកនេះ ដោយសារការមិនចង់រៀបការ និងការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុបានកើនឡើង៕ 

Tag:
 ជប៉ុន
  លំហែបិតុភាព
© រក្សាសិទ្ធិដោយ thmeythmey.com