អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន នៅតែប្រឈមការចោទប្រមាថស្តេច
06, Feb 2024 , 5:39 pm        
រូបភាព
អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ ស៊ីន ។ រូបភាព​ ៖ AFP
អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ ស៊ីន ។ រូបភាព​ ៖ AFP
លោកថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា នៅតែប្រឈមបទចោទចាស់ ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ ស្របពេលអតីតនាយករដ្ឋមន្រ្តីរូបនេះ បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីទទួលបានការដោះលែងមុនពេលកំណត់។ យ៉ាងណាមិញ អគ្គព្រះរាជអាជ្ញាមិនទាន់សម្រចចោទប្រកាន់ជាផ្លូវការឡើយ។

 
លោក Prayuth Pecharakun អ្នកនាំពាក្យការិយាល័យអគ្គព្រះរាជអាជ្ញា បានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ការិយាល័យបានទទួលសំណុំរឿងពីប៉ូលិសបង្រ្កាបបច្ចេកវិទ្យាថៃ ជុំវិញលោក​ ថាក់ស៊ីន បានបរិហារកេរ្តិ៍រាជានិយមដែលធ្វើនៅទីក្រុងសេអ៊ូល កាលពីឆ្នាំ ២០១៥។
 
នៅក្នុងឆ្នាំ២០១៦ លោក ថាក់ស៊ីន បានរងបទចោទម្តងហើយពីអតីតអគ្គព្រះរាជអាជ្ញា Pongniwat Yuthapanboripan ស្របពេលអតីតនាយករដ្ឋមន្រ្តីរូបនេះ កំពុងភៀសខ្លួននៅក្រៅប្រទេស។ 
 
នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៤ ព្រះរាជអាជ្ញា និងប៉ូលិសបានជូនដំណឹងទៅដល់លោក ថាក់ស៊ីន ជុំវិញការចោទប្រកាន់ខាងលើ។ យ៉ាងណា អតីតនាយករដ្ឋមន្រ្តីថៃរូបនេះបាន​បដិសេធ​ ហើយ​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅកាន់ព្រះរាជអាជ្ញាវិញ ដើម្បី​សុំ​ឱ្យ​មាន​ការអនុវត្តច្បាប់​ដោយ​យុត្តិធម៌។
 
យ៉ាងណាមិញ អគ្គព្រះរាជអាជ្ញាក្នុងពេលបច្ចុប្បន្ន មិនទាន់សម្រេចជាផ្លូវការឡើយលើបទចោទប្រមាថព្រះមហាក្សត្រខាងលើ។ 
 
ថៃ ជាប្រទេសមានច្បាប់ប្រមាថស្តេចដ៏តឹងរ៉ឹងបំផុតមួយចំនួនរបស់ពិភពលោក ដើម្បីការពារព្រះមហាក្សត្រ Maha Vajiralongkorn និងក្រុមគ្រួសារជិតស្និទ្ធរបស់ព្រះអង្គ ដោយទោសចោទប្រកាន់នីមួយៗអាចជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ។
 
អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនបានត្រឡប់មកប្រទេសថៃវិញកាលពីថ្ងៃទី ២២ ខែសីហាឆ្នាំមុន បន្ទាប់ពីបាននិរទេសខ្លួនឯងអស់រយៈពេល ១៥ ឆ្នាំ។ បច្ចុប្បន្ន​លោកកំពុង​ជាប់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​ពី​បទ​ពុករលួយ​មួយ​ចំនួន​ក្នុង​ពេល​កាន់​អំណាច ប៉ុន្តែ​លោក​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​អនុវត្ត​ទោស​នៅមន្ទីរពេទ្យប៉ូលិស ដោយសារអាយុចាស់ និងបញ្ហា​សុខភាព៕
 

Tag:
 ថៃ
  ថាក់ស៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com