RFI
អន្តរជាតិ
តុលាការកូរ៉េខាងត្បូង​សម្រេច​ឲ្យ​ថៅកែ​ក្រុមហ៊ុនសាំស៊ុង​រួចផុត​ពី​រាល់ការចោទប្រកាន់
06, Feb 2024 , 9:59 pm        
រូបភាព
តុលាការ​កូរ៉េខាងត្បូង​បាន​សម្រេច​នៅ​ថ្ងៃចន្ទនេះ ឲ្យ​អគ្គនាយក​ក្រុមហ៊ុន​សាំស៊ុង លោក​លី ជែយុង រួចផុត​ពីការចោទប្រកាន់ នៅក្នុង​សំណុំរឿង​ច្របាច់​បញ្ចូលគ្នា​នូវ​សាខាក្រុមហ៊ុនពីរ​របស់​សាំស៊ុង កាលពី​ឆ្នាំ ២០១៥ AP - Ahn Young-joon
តុលាការ​កូរ៉េខាងត្បូង​បាន​សម្រេច​នៅ​ថ្ងៃចន្ទនេះ ឲ្យ​អគ្គនាយក​ក្រុមហ៊ុន​សាំស៊ុង លោក​លី ជែយុង រួចផុត​ពីការចោទប្រកាន់ នៅក្នុង​សំណុំរឿង​ច្របាច់​បញ្ចូលគ្នា​នូវ​សាខាក្រុមហ៊ុនពីរ​របស់​សាំស៊ុង កាលពី​ឆ្នាំ ២០១៥ AP - Ahn Young-joon
ដោយ៖ឈាង បុប្ផា/RFI
 
តុលាការ​កូរ៉េខាងត្បូង​បាន​សម្រេច​នៅ​ថ្ងៃទី៥ មករា ឲ្យ​អគ្គនាយក​ក្រុមហ៊ុន​សាំស៊ុង លោក​លី ជែយុង រួចផុត​ពីការចោទប្រកាន់ នៅក្នុង​សំណុំរឿង​ច្របាច់​បញ្ចូលគ្នា​នូវ​សាខាក្រុមហ៊ុនពីរ​របស់​សាំស៊ុង កាលពី​ឆ្នាំ ២០១៥។ នៅក្នុង​សំណុំរឿងនេះ រដ្ឋអាជ្ញា​ធ្លាប់ទាមទារ​ឲ្យ​តុលាការ​កាត់ទោស​ថៅកែក្រុមហ៊ុន​សាំស៊ុង ដាក់ពន្ធនាគារ​៥ឆ្នាំ ព្រោះថា ការច្របាច់​បញ្ចូលគ្នា នូវសាខា​ក្រុមហ៊ុន​របស់សាំស៊ុង​ធ្វើឡើង​ដោយ​ខុសច្បាប់ នៅក្នុងគោលដៅ​ពង្រឹង​អំណាច​របស់​លោក​លី ជែយុង សម្រាប់​ដឹកនាំក្បាលម៉ាស៊ីន​ក្រុមហ៊ុន​សាំស៊ុង។

 
២ឆ្នាំ​ក្រោយ ទទួល​បាន​ក្រឹត្យ​លើកលែង​ទោស​ពី​ប្រធានាធិបតី​លោក​យូន ស៊ុកយោល នៅក្នុង​សំណុំរឿង​ប្រព្រឹត្ត​អំពើពុករលួយ អគ្គនាយក​ក្រុមហ៊ុន​សាំស៊ុង លោក​លី ជែយុង​ត្រូវ​តុលាការ​កូរ៉េខាងត្បូង​សម្រេច​លាង​ជម្រះ​ឲ្យ​រួចផុត​ពី​ការចោទប្រកាន់​នៅក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ កាលពី​ឆ្នាំ ២០១៥។ នេះបើតាមការចុះផ្សាយ​របស់ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុនហាប់។
 
នៅក្នុង​បទចោទប្រកាន់ របស់​រដ្ឋអាជ្ញា លោក​លី ជែយុង​ថា កាលនៅ​ជា​អគ្គនាយករង​ក្រុមហ៊ុន​សាំស៊ុង លោក​លី ជែយុង បាន​សម្រេច​ច្របាច់បញ្ចូលគ្នា​រវាង​ក្រុមហ៊ុន​សាខា​ពីរ​របស់​សាំស៊ុង​ដោយ​ខុសច្បាប់ នៅ​ក្នុង​គោលដៅ​តែ​មួយគត់ ដើម្បី​សម្រួល​ការស្នងតំណែង​របស់​លោក​លី ជែយុង ទៅកាន់​ក្បាល​ម៉ាស៊ីនដឹកនាំ​ក្រុមហ៊ុន​សាំស៊ុង ដោយ​គ្មាន​ឧបសគ្គ។ បើតាម​រដ្ឋអាជ្ញា វិធីសាស្រ្ត​របស់​លោក​លី ជែយុង​បានធ្វើ​ឲ្យ​ម្ចាស់ភាគហ៊ុន​របស់​ Samsung C&T ដែល​ជា​សាខា​មួយរបស់​សាំស៊ុង ត្រូវ​ខាតបង់ ដោយសារ​តែ​ការទម្លាក់​តម្លៃ​ភាគហ៊ុន ដើម្បី​អាច​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ក្រុមហ៊ុន​សាខា​មួយទៀត ឈ្មោះ Cheil។
 
ប៉ុន្តែ នៅក្នុងការសម្រេចនៅថ្ងៃ​ចន្ទ​ទី ៥​កុម្ភៈ​នេះ ចៅក្រម​របស់​តុលាការ​កូរ៉េខាងត្បូង​វាយតម្លៃថា រដ្ឋអាជ្ញា​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ និង​ថា លោក​លី ជែយុង​គ្មាន​ចេតនា​បំផ្លាញ​ប្រយោជន៍​របស់​ម្ចាស់ភាគហ៊ុន ដូច​ការចោទប្រកាន់​របស់​រដ្ឋអាជ្ញាឡើយ។
 
សម្រាប់​តុលាការ ការពង្រឹង​ការគ្រប់គ្រង របស់​លោក​លី ជែយុង ដើម្បី​ស្នងតំណែង​ជាប្រធាន​ក្រុមហ៊ុន​សាំស៊ុង​មិនមែន​ជា​គោលដៅតែមួយ​នៃ​ការច្របាច់បញ្ចូលគ្នា​នូវ​ក្រុមហ៊ុន​សាខាពីរ​របស់​សាំស៊ុង។
 
នៅក្នុង​សំណុំរឿង​ទាក់ទង​នឹង​ការច្របាច់បញ្ចូលគ្នា​ តុលាការ​កូរ៉េខាងត្បូង​នៅថ្ងៃ​ចន្ទនេះ​បាន​សម្រេច​ឲ្យ​ប្រធានក្រុមហ៊ុន​សាំស៊ុង​រួចផុត​ពីការចោទប្រកាន់ទាំងអស់ ដូចជា ការបន្លំ​ប្តូរ​តម្លៃភាគហ៊ុន ការរំលោភ​ទំនុកចិត្ត និង​ការបន្លំ​គណនីជាដើម។
 
ក្នុងវ័យ ៥៥ឆ្នាំ លោក​លី ជែយុង ដែលបាន​ចូលកាន់តំណែង​ជាអគ្គនាយកក្រុមហ៊ុន​សាំស៊ុង​ជាផ្លូវការ​នៅ​ខែ តុលា ឆ្នាំ ២០២២ បានស្បថ​នៅក្នុង​តុលាការ​ថា លោក​មិនបាន​តម្លើងថ្លៃភាគហ៊ុន​របស់​ក្រុមហ៊ុនមួយ ដើម្បី​ធ្វើ​ឲ្យ​ម្ចាស់ភាគហ៊ុន​របស់​ក្រុមហ៊ុន​មួយទៀត​ខាតបង់ប្រយោជន៍នោះទេ។ តាម​ទីភ្នាក់ងារ​យុនហាប់ អគ្គនាយកក្រុមហ៊ុនសាំស៊ុង​បញ្ជាក់ថា គ្មាន​ហេតុផល​ផ្ទាល់ខ្លួន ចូលទៅលាយឡំ នៅក្នុង​ការសម្រេចចិត្ត​ច្របាច់បញ្ចូលគ្នា​នូវ​ក្រុមហ៊ុនសាខា​ពីរ​របស់​សាំស៊ុង។ មេធាវី​របស់​លោកលី ជែយុង​ផ្ទាល់​ធ្លាប់លើកឡើង​ថា ការច្របាច់បញ្ចូលគ្នា​កាលណោះ ជា​ហេតុផលសេដ្ឋកិច្ច​សុទ្ធសាធ ពោល​គឺ​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងស៊ីសំណូក ឬ ដើម្បី​ពង្រឹង​អំណាច​របស់​លោកលី ជែយុង។
 
ការច្របាច់បញ្ចូលគ្នា​នូវ​ក្រុមហ៊ុន​សាខារបស់​សាំស៊ុង ចាប់បែកការណ៍ នៅ​ឆ្នាំ ២០១៤ រហូត​កើតរឿង កើតរ៉ាវ រាលដាល​ចេញទៅ​ជា​រឿងអាស្រូវ​ប្រព្រឹត្ត​អំពើពុករលួយ ដែល​ធ្វើ​ឲ្យ​លោកស្រីប្រធានាធិបតី​ប៉ាក់ គុនហេ ត្រូវ​ខ្ទាត​ពីមុខតំណែង និង​ត្រូវតុលាការ​កាត់ទោស​ឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ។ លោក​លី ជែយុង​ផ្ទាល់ធ្លាប់​ត្រូវ​តុលាការ​កូរ៉េខាងត្បូង​កាត់ទោស​ជាច្រើនដង និង​ធ្លាប់ជាប់ពន្ធនាគារ ១៨ខែ មុននឹង​ត្រូវ​លោក​ប្រធានាធិបតី យូន ស៊ុកយោល​ចេញក្រឹត្យ​លើកលែង​ទោស នៅ​ឆ្នាំ ២០២២ នៅក្នុង​ហេតុផលទ្រទ្រង់​សេដ្ឋកិច្ច។
 
ជាមហាសេដ្ឋី ជាប់លំដាប់ថ្នាក់ទី ២៧៨​នៅក្នុង​ពិភពលោក លី ជែយុង ស្នង​ពីឪពុកចូលគ្រប់គ្រងសាំស៊ុង ​ក្រុមហ៊ុន ធំជាងគេ​របស់​កូរ៉េខាងត្បូង ដែល​ផ្គត់ផ្គង់ ប្រមាណ​៦០%នៃបន្ទះឈីប​របស់​ទីផ្សា​ពិភពលោក។
 
អ្នកជំនាញ​វាយតម្លៃថា ការសម្រេច​លាងជម្រះ ដកចោល​រាល់​ការចោទប្រកាន់​ថៅកែ​ក្រុមហ៊ុន​សាំស៊ុង ជាសញ្ញា​បើកផ្លូវ​ឲ្យ​ក្រុមហ៊ុនធ្វើ​ផែនការ​វិនិយោគបោះទុន​រយៈពេលវែង។ ប៉ុន្តែ សម្រាប់​សមាគម​ការពារ​សិទ្ធិមនុស្ស ការសម្រេច​របស់​តុលាការ​បង្ហាញថា ជាថ្មីម្តងទៀត នៅកូរ៉េខាងត្បូង មាន​ស្តង់ដារ​ពីរជានិច្ច។ ថៅកែ​ក្រុមហ៊ុន​ធំៗ​ដែលត្រូវ​កាត់ទោស ឲ្យជាប់ពន្ធនាគារ​ពីបទពុករលួយ ឬ​គេចពន្ធ នៅទីបំផុត តែងត្រូវ​លើកលែងទោស ដោះលែង​ឲ្យមានសេរីភាព នៅក្នុងហេតុផល​ជួយស្តារសេដ្ឋកិច្ចជាតិ៕

© រក្សាសិទ្ធិដោយ thmeythmey.com