កីឡាអន្តរជាតិ
អន្តរជាតិ
ហ្សកដានី ទម្លាក់កូរ៉េខាងត្បូង ឡើងវគ្គផ្តាច់ព្រ័ត្រ Asian Cup លើកដំបូងក្នុងប្រវត្តិសាស្ត្រ
07, Feb 2024 , 10:09 am        
រូបភាព
ហ្សកដានី បានកៅអីវគ្គផ្តាច់ព្រ័ត្រ AFC Asian Cup លើកដំបូងក្នុងប្រវត្តិសាស្ត្រ តាមរយៈការយកឈ្នះកូរ៉េខាងត្បូង ២-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅយប់ថ្ងៃទី៦ ខែកុម្ភៈ។



គ្រាប់បាល់ជ័យជម្នះទាំង២គ្រាប់របស់ហ្សកដានី កើតឡើងនៅវគ្គទី២ ក្នុងកីឡដ្ឋាន Ahmed bin Ali តាមរយៈការស៊ុតរបស់ Yazan Al-Naimat និង Musa Al-Taamari នៅនាទី៥៣ និង៦៦។
នៅវគ្គទី១ ក្រុមទាំងពីរវាយសម្រុកគ្នាទៅវិញទៅមក ដោយ កូរ៉េខាងត្បូងក៏មានឱកាសតែតបញ្ជូលទីពីកីឡាករ Lee Jae-sung ដែរ ប៉ុន្តែធ្វើមិនបានសម្រេច ក្រោយបាល់ប៉ះបង្គោលទីខ្ទាតចេញក្រៅ។
 
ជាលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើល ដែលហ្សកដានី ជាក្រុមស្ថិតនៅចំណាត់ថ្នាក់ទី៨៧ពិភពលោកបង្ហាញការប្រកួតយ៉ាងល្អ ដោយរកបាន២គ្រាប់លើក្រុមកូរ៉េខាងត្បូង ដែលមានចំណាតថ្នាក់ទី៦៤ពិភពលោក និងលេខ៣តំបន់អាស៊ី។ កាលពីប៉ះគ្នាវគ្គសន្សំពិន្ទុ ក្រុមទាំងពីរមានលទ្ធផលស្មើគ្នា ២-២។
  


ហ្សកដានី បានកៅអីវគ្គផ្តាច់ព្រ័ត្រពាន់រង្វាន់ប្រចាំទ្វីអាស៊ីដែលរៀបចំ៤ឆ្នាំម្តងនេះ លើកដំបូងក្នុងប្រវត្តិសាស្ត្រ គិតចាប់តាំងពីបង្កើតពាននេះឡើងនៅឆ្នាំ១៩៥៦មក។ ជ័យជម្នះរបស់ក្រុមតំបន់អារ៉ាប់មួយនេះ បានបង្អាក់ការរង់ចាំរបស់កូរ៉េខាងត្បូដែលស្វែងរកការប្រជែងពានជាលើកទី៣របស់ខ្លួន បន្ទាប់ពីពួកគេឈ្នះជើកឯកពីរលើកដំបូងនៅឆ្នាំ១៩៥៦ និង១៩៦០។
 
ហ្សកដានី ឡើងទៅអង្គុយចាំកៅអីវគ្គផ្តាច់ព្រ័ត្រមុន ដោយត្រូវរង់ចាំការជួបគ្នារបស់ក្រុមអារ៉ាប់ពីរទៀត រវាងម្ចាស់ផ្ទះ និងជាម្ចាស់ការពារជើងឯកកាតា និងអ៊ីរ៉ង់ ដែលត្រូវប្រជែងគ្នានៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រនៅយប់ថ្ងៃទី៧ ខែកុម្ភៈនេះ វេលាម៉ោង ១០យប់ [ម៉ោងនៅកម្ពុជា]។ 
 
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Asian Cup ឆ្នាំ២០២៣ នឹងធ្វើនៅយប់ថ្ងៃទី១០ ខែកុម្ភៈ នៅកីឡដ្ឋាន Lusail ដែលជាកីឡដ្ឋានធំជាងគេបំផុតនៅប្រទេសកាតា៕
 

Tag:
 Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com