កីឡាអន្តរជាតិ
អន្តរជាតិ
Leverkusen វាយបកឈ្នះ Stuttgart ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ German Cup
07, Feb 2024 , 11:39 am        
រូបភាព
​ក្រុម Bayer Leverkusen ដែលឈរកំពូលតារាងក្របខណ្ឌ Bundesliga បន្តសមត្ថភាពដ៏ខ្លាំងរបស់ខ្លួនបន្ថែមនៅក្នុងពានរង្វាន់ German Cup ដោយវាយបកទម្លាក់ក្រុម VfB Stuttgart លទ្ធផល ៣-២ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាចព្រ័ត្រ នាថ្ងៃទី៦ ខែកុម្ភៈ។ រដូវកាលដ៏ភ្ញាក់ផ្អើល Leverkusen បន្តធ្វើបានល្អខ្លាំង ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអេស្ប៉ាញលោក Xabi Alonso។



គ្រាប់បាល់វាយបកឈ្នះ ៣-២ ធ្វើបានដោយកីឡាករ Robert Andrich នៅនាទី៥០ មុនពេលដែលកីឡាករ Amine Adli នាទី៦៧ និងខ្សែការពារ Jonathan Tah ស៊ុតគ្រាប់ទី៣ នាទី៩០។ ចំណែក ២គ្រាប់របស់ក្រុម Stuttgart ធ្វើបានដោយកីឡាករ Waldemar Anton នៅនាទី១១ និង Chris Fuhrich នាទី៥៨។
 
បច្ចុប្បន្ន Leverkusen ក្លាយជាក្រុមដែលកំពុងប្រជែងពានរង្វាន់លីគកំពូលអាល្លឺម៉ង់ទល់ជាមួយនឹងក្រុម Bayern Munich ខណៈនៅថ្ងៃទី១១ ខែកុម្ភៈ ក្រុមជើងខ្លាំងទាំងពីរនឹងត្រូវប្រជែងគ្នាដណ្តើម ៣ពិន្ទុ និងប្រជែងតំណែងកំពូលតារាង  Bundesliga។ 
  


យ៉ាងណាមកដល់ពេលនេះ ជាមួយលទ្ធផលឈ្នះធ្វើឱ្យ Leverkusen នៅតែបន្តរក្សាកំណត់ត្រាមិនដែលចាញ់នៅទូទាំងការប្រកួតគ្រប់ពានរង្វាន់ទាំងអស់ ក្នុងរដូវកាល ២០២៣-២៤។
ក្រុមកំពុងដឹកនាំដោយលោក Xabi Alonso ធ្លាប់បានឈ្នះពាន German Cup លើកចុងក្រោយបង្អស់កាលពីឆ្នាំ ១៩៩៣ ហើយសម្រាប់រដូវកាលនេះផ្ទាល់ ក៏ជាពានរង្វាន់មួយស្ថិតក្នុងគម្រោងរបស់អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ក្នុងការប្រជែងពាន ៣ រួមទាំងពាន Europa League ផងដែរ។ ឈ្នះការប្រកួតបែបនេះ ខ្សែការពារ Jonathan Tah ដែលរកបានគ្រាប់បាល់ក្នុងការប្រកួត ថាក្រុមទទួលបានថាមពលខ្លាំងបន្ថែមសម្រាប់បន្តការប្រជែង។
 
«ជាក់ស្តែងការឈ្នះនេះផ្តល់ឱ្យយើងនូវការជំរុញដ៏ធំមួយ ថាមពលច្រើនសម្រាប់កិច្ចការនៅខាងមុខយើង (ទល់ Bayern Munich) យើងសម្លឹងមើលទៅមុខបន្តទៀតក្នុងការប្រជែងវា។ អ្វីដែលធ្វើឱ្យយើងខ្លាំងនោះគឺយើងត្រូវតែផ្តោតអារម្មណ៍លើខ្លួនយើងផ្ទាល់ យើងមិនត្រឹមតែផ្តោតទៅលើអ្វីដែលអាចកើតឡើងនៅចុងបញ្ចប់នៃរដូវកាលនេះ យើងនឹងត្រូវធ្វើតាមវិធីដែលយើងត្រូវបន្តធ្វើ។»។ នេះបើតាមការនិយាយរបស់ខ្សែការពារ Jonathan Tah ក្រោយចប់ការប្រកួត៕
 

Tag:
 Bayer Leverkusen
  Xabi Alonso
© រក្សាសិទ្ធិដោយ thmeythmey.com