កីឡាអន្តរជាតិ
អន្តរជាតិ
Son សុំទោសអ្នកគាំទ្រ ក្រោយកូរ៉េខាងត្បូងមិនអាចឡើងវគ្គផ្តាច់ព្រ័ត្រ Asian Cup
07, Feb 2024 , 2:39 pm        
រូបភាព
ខ្សែប្រយុទ្ធ Heung-Min Son បានផ្ញើសារសុំទោសអ្នកគាំទ្របន្ទាប់ពីកូរ៉េខាងត្បូង ខកខានឡើងវគ្គផ្តាច់ព្រ័ត្រ AFC Asian Cup តាមរយៈបរាជ័យក្រោមថ្វីជើងហ្សកដានី លទ្ធផល ២-០ នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅយប់ថ្ងៃទី៦ ខែមករា។ ប្រធានក្រុមរូបនេះ អះអាងថាខ្លួនប្រឹងប្រែងអស់លទ្ធភាពហើយ។



ទោះទទួលបានការចាប់អារម្មណ៍ខ្លាំងថាជាក្រុមដែលនឹងអាចឈ្នះជើងឯក ប៉ុន្តែនៅត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កូរ៉េខាងត្បូង ដែលមានគ្រូបង្វឹកលោក Jurgen Klinsmann រងការភ្ញាក់ផ្អើល ដោយត្រូវបានក្រុមហ្សកដានី ស៊ុតទម្លោះសំណាញ់ទី ២គ្រាប់ដោយកីឡាករ Yazan Al Naimat និង Musa Al-Taamari នៅក្នុងកីឡដ្ឋាន Ahmed bin Ali។
 
កូរ៉េខាងត្បូងមានភាគរយគ្រប់គ្រងបាល់ដល់ ៧០ភាគរយ ប៉ុន្តែពួកគេអាចរកឱកាសស៊ុតបានត្រឹមតែ ៨លើក តែមិនចំគោលដៅឡើយ បើធៀបទៅនឹងហ្សកដានីមានឱកាសស៊ុត ១៧លើក។
​ហ្សកដានីមានចំណាត់ថ្នាក់ពិភពលោកលេខ ៨៧ ឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូងក្នុងប្រវត្តិសាស្ត្រ ហើយក៏បន្តបង្កើតប្រវត្តិសាស្ត្របន្ថែមទៀត ដោយឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រក៏ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រផងដែរក្នុងពានរង្វាន់ Asian Cup។ កូរ៉េខាងត្បូងចំណាត់ថ្នាក់ពិភពលោកលេខ ២៦ ធ្លាក់ចេញដោយការខកចិត្ត ខណៈក៏ជាការខកចិត្តថ្មីបន្ថែមទៀតសម្រាប់ប្រធានក្រុម Heung Min Son ដែលកាលពីឆ្នាំ ២០១៥ ក្រុមបញ្ចប់ចំណាត់ថ្នាក់ត្រឹមលេខ ២។
 
Son ប្រធានក្រុមមានវ័យ ៣១ឆ្នាំ បាននិយាយក្រោយចប់ការប្រកួតដូច្នេះថា៖«ខ្ញុំមិនដឹងទេថានឹងត្រូវនិយាយបែបម៉េចនោះទេ ខ្ញុំពិតជាសុំទោស។ ក្រុមកីឡាករបានបង្ហាញអស់ពីសមត្ថភាពហើយ ខ្ញុំពិតសុំទោសពិតមែនដែលបញ្ចប់ការប្រកួតទៅដោយបែបនេះ ដោយសារតែកំហុស ខ្ញុំសុំទោសដែលមិនអាចបំពេញទៅតាមអ្វីដែលអ្នកគាំទ្រយើងបានរំពឹង ខ្ញុំក៏បានព្យាយាមអស់ពីសមត្ថភាពហើយដែរ។»។
 
បន្ទាប់ពីក្រុមធ្លាក់ចេញពី Asian Cup ប្រធានក្រុម Son នឹងត្រូវវិលត្រឡប់ទៅកាន់ក្រុម Tottenham Hotspur វិញ ខណៈដែលពានរង្វាន់ទ្វីបអាស៊ីមិនមានការប្រកួតប្រជែងដណ្តើមលេខ ៣ ឡើយ។ Son អាចនឹងត្រូវចូលលេងនៅក្នុងជម្រើស ១១នាក់ដំបូងសម្រាប់ការប្រកួតរបស់ Spurs ទល់នឹងក្រុម Brighton & Hove Albion នៅក្នុងជំនួប Premier League សប្តាហ៍នេះ៕
 

Tag:
 Heung-Min Son
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com