កីឡាជាតិ
ជាតិ
Hun Sen Cup៖ ឃឹម បុរី សរសើរស្វាយរៀង តែជឿជាក់ណាហ្គាវើលដ៍ នៅជើងទី១ក្នុងដី
07, Feb 2024 , 4:29 pm        
រូបភាព
ណាហ្គាវើលដ៍ ធ្លាប់ទម្លាក់ ព្រះខ័នរាជស្វាយរៀង ម្ដងរួចមកហើយ ក្នុងការប្រកួតពានសម្ដេចហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ ក្នុងវគ្គ៨ក្រុម។ ឆ្នាំ២០២៤នេះ ក្រុមទាំងពីរនឹងត្រូវជួបគ្នាម្ដងទៀត ក្នុងវគ្គ៨ក្រុម ដោយជើងទី១ នឹងធ្វើនៅកីឡដ្ឋានខេត្តកំពង់ស្ពឺ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។ ណាហ្គាវើលដ៍ ក៏ធ្លាប់ខកចិត្តចំនួន ៣លើក ដោយសារព្រះខ័នរាជស្វាយរៀង ផងដែរ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នាឆ្នាំ២០១២, ២០១៥ និង២០១៧។



កាលពីអំឡុងឆ្នាំ២០២០ ណាហ្គាវើលដ៍ បានទម្លាក់ ព្រះខ័នរាជស្វាយរៀងម្ដងរួចមកហើយ ក្នុងវគ្គ៨ក្រុម នៃពានសម្ដេចហ៊ុន សែន លើកទី១៤ ដោយជើងទី១ ស្មើ២-២ និងជើងទី២ ណាហ្គាវើលដ៍ ឈ្នះ២-១។ ប៉ុន្ដែ ណាហ្គាវើលដ៍ ធ្លាប់ចាញ់ព្រះខ័នរាជស្វាយរៀង ដល់ទៅ៣លើក ក្នុងវគ្គផ្ដាច់ព្រ័ត្រ ពានសម្ដេចហ៊ុន សែន គឺក្នុងឆ្នាំ២០១២, ២០១៥ និង២០១៧។ ហើយក្រុមមានទីតាំងក្នុងខេត្តស្វាយរៀងមួយនេះ ក៏ជាម្ចាស់ជើងឯក ពានសម្ដេចហ៊ុន សែន ចំនួន៤សម័យផងដែរ ពោលគឺឆ្នាំ២០១១ និង៣ឆ្នាំផ្សេងទៀតដែលបានឈ្នះ ណាហ្គាវើលដ៍ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ រីឯណាហ្គាវើលដ៍  ធ្លាប់ឈ្នះពានសម្ដេច ម្ដងក្នុងឆ្នាំ២០១៣។
 
លោក ឃឹម បុរី គ្រូបង្វឹកណាហ្គាវើលដ៍ បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា ទម្រង់លេងព្រះខ័នរាជស្វាយរៀង មានគុណភាពច្រើន ជាពិសេស ប្រយុទ្ធស្លាបទាំងសងខាង និងការបញ្ជូនបាល់ពីស្លាបមកតំបន់ប្រយុទ្ធកណ្ដាល ដែលមានប្រសិទ្ធភាព។ ប៉ុន្ដែគ្រូបង្វឹករូបនេះ នៅតែមានជំនឿចិត្តថាកីឡាកររបស់ណាហ្គាវើលដ៍ អាចធ្វើបានល្អសម្រាប់ការប្រកួតនៅក្នុងទឹកដីរបស់ខ្លួននៅជើងទី១។
 
តើណាហ្គាវើលដ៍ អាចឆ្លងផុតវគ្គ ៨ក្រុម នៃពានសម្ដេច ហ៊ុន សែន លើកទី១៧ទេ?
 
ដោយឡែក ក្នុងថ្ងៃជាមួយគ្នានេះដែរ គិរីវង់សុខសែនជ័យ ត្រូវប្រកួតជាមួយ ភ្នំពេញក្រោន នៅកីឡដ្ឋានគិរីវង់ វេលាម៉ោង ៣:៣០នាទីរសៀល ខណៈពេលដែល ព្រៃវែង ត្រូវស្វាគមន៍ វិសាខា នៅកីឡដ្ឋានខេត្តព្រៃវែង។ រីឯបឹងកេត ត្រូវប្រកួត ជាមួយ អាយ អេស អាយ ដង្កោសែនជ័យ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕
 

Tag:
 បាល់ទាត់
  ណាហ្គាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com