កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ការពារជើងឯក កាតា ឬ អុីរ៉ង់ ឡើងទៅជួបហ្សកដានី វគ្គផ្តាច់ព្រ័ត្រ Asian Cup
07, Feb 2024 , 5:29 pm        
រូបភាព
ម្ចាស់ផ្ទះកាតា នឹងត្រូវធ្វើការងារធ្ងន់ទទួលក្រុមខ្លាំងអ៊ីរ៉ង់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅយប់ថ្ងៃទី៧ ខែកុម្ភៈ ក្នុងកីឡដ្ឋាន Al Thumama វេលាម៉ោង ១០យប់ [ម៉ោងនៅកម្ពុជា]។ តើម្ចាស់ការពារជើងឯក កាតា ឬ អ៊ីរ៉ង់ អាចបានកៅអីទៅជួបហ្សកដានី នៅវគ្គផ្តាច់ព្រ័ត្រ។



កាតា នៅក្នុងការប្រកួត Asian Cup 2023 ហាក់មានប្រៀបខ្លាំងក្នុងការការពារជើងឯករបស់ខ្លួន បន្ទាប់ពីឆ្លងកាត់ការប្រកួតកន្លងមកដោយបានបញ្ចប់ចំណាត់ថ្នាក់លេខ ១ ក្នុងពូល A មុនឡើងវគ្គ ១៦ក្រុម ទម្លាក់ក្រុមប៉ាឡេស្ទីន លទ្ធផល ២-១ និងឈ្នះអ៊ូសបេគីស្ថានដោយបាល់កាត់សេចក្តី ១១ម៉ែត្រ ៣-២ ក្រោយលទ្ធផលស្មើ ១-១ រយៈពេល ១២០នាទី។
 
ចំណែកអ៊ីរ៉ង់វិញ ឡើងដល់ពាក់កណ្តាលផ្តាច់ព្រ័ត្រជារឿងមិនងាយស្រួលឡើយ បើទោះខ្លួនបានបញ្ចប់ចំណាត់ថ្នាក់លេខ១ក្នុងពូល C ក៏ដោយ។ ក្នុងវគ្គជម្រុះ អ៊ីរ៉ង់ ទម្លាក់ស៊ីរីក្រុមខ្លាំងដ៏លំបាក ដោយលទ្ធផលបាល់កាត់សេចក្តី ១១ម៉ែត្រ ៥-៣ ក្រោយរយៈពេល ១២០នាទី ស្មើ ១-១ ហើយទម្លាក់ជើងខ្លាំងជប៉ុន វគ្គ ៨ក្រុម ដោយលទ្ធផល ២-១ ដ៏គួរឱ្យភ្ញាក់ផ្អើល។



​ទាំងអ៊ីរ៉ង់ និងម្ចាស់ផ្ទះកាតា សុទ្ធសឹងតែធ្លាប់បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022 កន្លងទៅ ដែលធ្វើឡើងក្នុងប្រទេសកាតាដូចគ្នា។ 
 
បើមើលលើកម្រិត កាតាហាក់មានប្រៀប ព្រោះជាប្រកួតស្ថិតក្នុងទឹកដីខ្លួន ប៉ុន្តែអ៊ីរ៉ង់ ជាក្រុមជើងខ្លាំងក្នុងទ្វីបអាស៊ីមួយដែលមិនអាចមើលរំលងបាន ដ្បិតជាក់ស្តែងមានកម្រិតខ្ពស់ជាងកាតា។
  


កាលពីខែតុលាឆ្នាំ ២០២៣ អ៊ីរ៉ង់ធ្លាប់បំបាក់កាតា លទ្ធផល ៤-០ ម្តងរួចមកហើយ ប៉ុន្តែសម្រាប់ការជួបគ្នារាត្រីនេះវិញ អ៊ីរ៉ង់មានបំណងចង់ឈានជើងឡើងដល់វគ្គផ្តាច់ព្រ័ត្រលើកដំបូង ក្រោយរង់ចាំអស់រយៈពេលជិត ៥០ឆ្នាំ បន្ទាប់ពីពួកគេបានឈ្នះពានចុងក្រោយបង្អស់នៅឆ្នាំ ១៩៧៦។
 
អ៊ីរ៉ង់ ជាម្ចាស់ពាន Asian Cup ៣សម័យ ឆ្នាំ ១៩៦៨, ១៩៧២ និង ១៩៧៦។ ចំណែកម្ចាស់កាតាវិញ រំពឹងការពារតំណែងជើងឯករបស់ខ្លួន បន្ទាប់ពីឆ្នាំ ២០១៩ ពួកគេក្លាយជាជើងឯក៕
 

Tag:
 កាតា
  Asian Cup 2023
© រក្សាសិទ្ធិដោយ thmeythmey.com